(សៀមរាប)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងភរិយា នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញសំណេះសំណាលជាមួយភ្ញៀវទេសចរ និងចុះពិនិត្យមើលស្ថានភាពជាក់ស្តែងនៅប្រាសាទបាគង ដែលជាអតីតរាជធានីហរិហរាលយៈ កសាងមុនទីក្រុងអង្គរ ហើយមានក្បូរក្បាច់រចនាល្អ ស្រស់ឆើតឆាយ សង់ជា៥ថ្នាក់ខ្ពស់ត្រដែតផុតចុងព្រៃព្រឹក្សា ព្រមទាំងមានប្រាសាទតូចៗក្នុងបរិវេណនោះជាច្រើនទៀតផង។

សូមជម្រាបថា ប្រាសាទបាគង មានទីតាំងស្ថិតនៅខាងត្បូង នៃប្រាសាទព្រះគោ មានទីតាំងនៅក្នុងភូមិឪឡោក ឃុំប្រាសាទបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ហើយមានចម្ងាយប្រហែលជា ១៣ គីឡូម៉ែត្រពីក្រុងសៀមរាប។ ប្រាសាទនេះ កសាងឡើងដោយព្រះបាទឥន្ទ្រវរ្ម័នទី១ នៅឆ្នាំ ៨៨១ ឧទ្ទិសដល់ព្រះសិវៈក្នុងព្រហ្មញ្ញសាសនា។ ប្រាសាទបាគង ស្ថិតនៅចំកណ្ដាលអតីតរាជធានីហរិហរល័យ បើតាមសិលាចារឹកនៃប្រាសាទនេះមានឈ្មោះដើមថា ឥន្ទ្រេស្វរៈ៕