(ភ្នំពេញ)៖ នៅថ្ងៃអាទិត្យ ទី១៣ ខែមេសា ឆ្នាំ២០២៥ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយ ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន ក្រុមការងារ ESEA សមាគមមិត្តយើង សមាគមកម្ពុជា-ជប៉ុន គិបូ និងសមាគមនិស្សិតខ្មែរនៅណាហ្គូយ៉ា រៀបចំកម្មវិធី «សង្រ្កាន្តខ្មែរនៅជប៉ុន» ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩នៅសួន Garden Pier ទីក្រុងណាហ្គូយ៉ា នៃខេត្តអាយឈិ ប្រទេសជប៉ុន ក្រោមសហអធិបតីភាព លោក ហាំង តុលា រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ដោយមានការអញ្ជើញចូលរួមរបស់លោក Hirosawa Ichiro អភិបាលក្រុងណាហ្គូយ៉ា ជាភ្ញៀវកិត្តិយស ព្រមទាំងមានការចូលរួមពីលោក TANABE Yuichi អនុប្រធានសភាក្រុងណាហ្គូយ៉ា និង លោក OHTANI KANSUKE អតីតសមាជិកសភាខេត្ត Hyogo ដែលបានផ្ញេីសារអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែររបស់លោកជំទាវ KATAYAMA SATSUKI សមាជិកព្រឹទ្ធសភា និងជាអតីតរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការពិសេស និងក៏មានការអានសារអបអរសាទរពីឯកឧត្តម NAKANO HIROMASA រដ្ឋមន្ត្រីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ និងជាសមាជិករដ្ឋសភា ក៏ដូចជាមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់បងប្អូនសហគមន៍ខ្មែរ និស្សិត កម្មសិក្សាការី និងពលករ សរុបប្រមាណជិត ១០ ០០០នាក់។

កម្មវិធីសំខាន់ៗ មានជាអាទិ៍៖ ពិធីសាសនាស្របតាមប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនារបស់ខ្មែរ ដូចជា បង្សុកូល រាប់បាត្រ ស្រង់ព្រះ ពូនភ្នំខ្សាច់ ប្រគេនចង្ហាន់ព្រះសង្ឃ ការដាក់បង្ហាញស្តង់ម្ហូបអាហារនិងផលិតផលខ្មែរ ការលេងល្បែងប្រជាប្រិយដ៏សម្បូរបែបរបស់ខ្មែរដែលរួមមានបោះអង្គញ់ ចោលឈូង ទាញព្រ័ត្រ លាក់កន្សែង និងការបង្ហាញនូវផ្ទាំងទស្សនីយភាពរបាំជូនពរ របាំត្រុដិ និងការសម្តែងរនាត ព្រមទាំងការប្រគុំតន្ត្រី និងរាំលេងកម្សាន្ត ដែលសម្តែងដោយតារាចម្រៀងនិងតារាសម្តែងល្បីៗជាច្រើនរូបមកពីប្រទេសកម្ពុជា។

ក្នុងឱកាសនោះដែរ លោក ហាំង តុលា រដ្ឋលេខាធិការ បានបង្ហាញនូវសេចក្តីសោមនស្សរីករាយដែលបានចូលរួមក្នុងកម្មវិធី «សង្រ្កាន្តខ្មែរនៅជប៉ុន» និងបានពាំនាំនូវសេចក្ដីនឹករលឹក ការផ្ដាំផ្ញើសួរសុខទុក្ខ និងពរសព្វសាធុការ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរនេះ ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាឯកឧត្តមរដ្ឋមន្ត្រី ជូនចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅក្នុងប្រទេសជប៉ុនទាំងអស់។ ឯកឧត្តមបានបន្តថា នេះជាអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ដែលបានណែនាំឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរៀបចំកម្មវិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរឱ្យបានច្រើននៅប្រទេសដែលមានពលករខ្មែរធ្វើការ ដើម្បីផ្តល់ការយកចិត្តទុកដាក់ ភាពកក់ក្តៅ និងផ្តល់ឱកាសឱ្យប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ សិក្សា និងធ្វើការនៅបរទេស អាចបានជួបជុំគ្នា កម្សាន្តសប្បាយ និងពង្រឹងទំនាក់ទំនងដោយមិនប្រកាន់និន្នាការអ្វីទាំងអស់។

លោក ឯកអគ្គរាជទូត បានពាំនាំនូវការផ្តាំសួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋខ្មែរពីសំណាក់ថ្នាក់ដឹកនាំរបស់កម្ពុជា គឺ សម្តេចតេជោ ប្រធានព្រឹទ្ធសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ។ ឯកឧត្តមឯកអគ្គរាជទូតបានជម្រាបជូនអ្នកចូលរួមនូវ៖ ទី១. សមិទ្ធផលដ៏លេចធ្លោ រួមទាំងការអភិវឌ្ឍគ្រប់វិស័យសំខាន់ៗរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា, ទី២.ទំនាក់ទំនងដ៏ល្អប្រពៃរវាងកម្ពុជា និងជប៉ុន បន្ទាប់ពីមេដឹកនាំប្រទេសទាំងពីរបានតម្លើងទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចាប់ពីឆ្នាំ២០២៣មក និង ទី៣. ជូនដំណឹងអំពីដំណើរទស្សនកិច្ចផ្លូវការការងាររបស់សម្តេចធិបតី នៅប្រទេសជប៉ុន រួមទាំងការអញ្ជើញថ្លែងសន្ទរកថាគន្លឹះ ក្នុងសន្និសីទអន្តរជាតិលើកទី៣០ ស្តីពី «អនាគតរបស់អាស៊ី» ដែលនឹងរៀបចំដោយក្រុមហ៊ុន នីកកេ (Nikkei Inc.) ក្នុងខែឧសភា ឆ្នាំ២០២៥។

បងប្អូនអ្នកចូលរួមក្នុងកម្មវិធី «សង្ក្រាន្តខ្មែរនៅក្រុងណាហ្គូយ៉ា ប្រទេសជប៉ុន» បានបង្ហាញនូវអារម្មណ៍រំភើប និង សប្បាយរីករាយក្នុងនាមជាមហាគ្រួសារខ្មែរតែមួយ ទោះបីជាកំពុងរស់នៅក្រៅប្រទេសយ៉ាងណាក្តី និងបានសំដែងនូវការពេញចិត្ត ឲ្យមានការរៀបចំកម្មវិធីបែបនេះនាឆ្នាំក្រោយទៀត៕