(តាកែវ)៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ និងសមាជិកក្រុមប្រឹក្សាខេត្ត ព្រមទាំងមន្ត្រីក្រោមឱវាទនៅម៉ោងប្រមាណ ៥ទៀបភ្លឺ ថ្ងៃច័ន្ទ ទី១៤ ខែមេសា ឆ្នាំ ២០២៥នេះ បានអញ្ជើញចូលរួមក្នុងពិធីទទួលទេវតាឆ្នាំថ្មី ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩  នៅសួនច្បារមាត់បឹងតាកែវ និងប្រកាស «តាកែវសង្រ្កានឆ្នាំ២០២៥» ផងដែរ។

នៅក្នុងពិធីទទួលទេវតាឆ្នាំថ្មីឆ្នាំម្សាញ់ ព្រះនាមគោរៈទេវី នៅសួនច្បារមាត់បឹងតាកែវ រដ្ឋបាលខេត្តតាកែវក៏បានរៀបចំកម្មវិធីទូងស្គរ និងគង ប្រកាសបើកសង្ក្រាន្ត ការរាំរបាំត្រុដិ របាំជូនពរ ឆ្នាំថ្មីព្រមទាំងមានការបាញ់កាំជ្រួចថែមទៀតផង។

គួបញ្ជាក់ផងដែរថា ដើម្បីអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំម្សាញ់ ខាងមុខនេះ រដ្ឋបាលខេត្តតាកែវបានរៀបចំព្រឹត្តការណ៍តាកែវសង្ក្រាន្ត នៅបរិវេណសួនច្បារមាត់បឹងតាកែវ រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១៤ -១៥ -១៦ ខែមេសា ឆ្នាំ២០២៥ ដែលមានព្រឹត្តិការណ៍សប្បាយ ប្លែកៗជាច្រើន ដូចជាការរៀបចំតំបន់ត្រជាក់ចិត្តដែលមានការដាក់រថយន្តបាញ់ទឹក និងបាញ់ពុះសាប៊ូ ការប្រគំតន្រ្តីដែលមានតារាល្បីៗចូលរួមសំដែងព្រមទាំងបានរៀបចំទីតាំងកម្សាន្តសប្បាយៗជាច្រើនទៀត រួមមាន៖ ពិធីសាសនា ភូមិមរតកវប្បធម៌ប្រវត្តិសាស្ត្រ ភូមិល្បែងប្រជាប្រិយ លេងទាញព្រ័តយក្សប្រវែង៨៤ម៉ែត្រ និងទស្សនីយភាពសិល្បៈចម្រុះ និងតាកែវភូមិកំណើតខ្ញុំ ដើម្បីផ្ដល់ឱកាសដល់ប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិបានសិក្សាស្វែងយល់ពីវប្បធម៌ អរិយធម៌ខ្មែរ ដែលជាកេរដំណែលតាំងពីយូរលង់ណាស់មកហើយជា ពិសេសទៅទៀតនោះក៏មានការFree WiFi ថែមទៀតផង៕