(ភ្នំពេញ)៖ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋាន គ.ជ.ប ចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ នៅទីស្តីការ គ.ជ.ប នាព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥។
លោកបានបួងសួង សូមឱ្យទេវតាឆ្នាំថ្មី ជួយប្រោះព្រំសព្ទសាធុការពរជ័យ សិរីសួស្តី សុភមង្គល វិបុលសុខ គ្រប់ប្រការមានដល់មន្ត្រីបោះឆ្នោតគ្រប់លំដាប់ថ្នាក់នៃអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការរៀបចំការបោះឆ្នោត ពិធីរៀបចំទទួលអំណរសាទរទេវតាឆ្នាំថ្មី ឆ្នាំម្សាញ់សប្តស័កព.ស២៥៦៩ គ.ស ២០២៥ ដោយបានរៀបចមធ្វើឡើងទៅតាមប្រពៃណីទំនៀម សុទ្ធតែបានរៀបចំគ្រឿងសក្ការៈបូជា ផ្លែឈើ ផ្កាភ្ញី គ្រឿងក្រអូប សម្រាប់ទទួលទេវតាឆ្នាំថ្មី ព្រះនាម គោរាគទេវី ជាបុត្រីទី២ នៃកបិលមហាព្រហ្ម ដែលនឹងចុះមកឃុំគ្រងដែនជម្ពូរទ្វីប ជំនួសទេវតាឆ្នាំចាស់ ទៅតាមប្រពៃណីទំនៀមទំលាប់ខ្មែរ។
បុណ្យចូលឆ្នាំថ្មី បានរំលឹកឲ្យយើងម្នាក់ៗ ដឹងថាអាយុកាលនៃការរស់នៅកាន់តែវិវត្តន៍ទៅមុខឥតឈប់ឈរ និងកាន់តែឆាប់រហ័ស ដូច្នេះ តម្រូវឲ្យបុគ្គលគ្រប់រូបព្យាយាមប្រព្រឹត្តតែអំពើល្អ អំពើជាកុសល សម្រាប់ខ្លួនឯង សម្រាប់គ្រួសារ និងសម្រាប់សង្គមជាតិ។
ទេវតាឆ្នាំថ្មី បានចុះមកគ្រប់គ្រងផែនដីជំនួសទេវតា ឆ្នាំចាស់ គឺឆ្នាំម្សាញ់សង្គ្រាន្ត ចូលនៅថ្ងៃច័ន្ទ ២រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ មេសា គ្រឹស្តសករាជ ២០២៥ វេលាម៉ោង៤និង៤៨នាទីទៀបភ្លឺ ថ្ងៃទី១៤ ខែមេសា៕