(ភ្នំពេញ)៖ «សង្ក្រាន្តវត្តភ្នំ ឆ្នាំ២០២៥» ឆ្នាំម្សាញ់ ព.ស ២៥៦៩ បានចាប់ផ្តើមបើកហើយ ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី នាព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥នេះ នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ។

សង្ក្រាន្តវត្តភ្នំ ចាប់ផ្តើមឡើង នៅព្រឹកថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៥ រហូតដល់ម៉ោង ២០:០០នាទីយប់ អមដោយការរៀបចំកម្មវិធីបែបប្រពៃណីជាតិ និងកម្មវិធី កម្សាន្តសប្បាយជាច្រើន ដូចជា ពិធីទទួលទេវតាឆ្នាំថ្មី ដង្ហែព្រះពុទ្ធរូប ពូនភ្នំខ្សាច់ ស្រង់ព្រះ សម្តែងសិល្បៈរបាំប្រពៃណី លេងល្បែងប្រជាប្រិយជាតិ ប្រគំតន្ត្រីបុរាណ-សម័យ រាំលេងកម្សាន្ត ការតាំងបង្ហាញម្កុដអប្សរា-ពិណខ្នាតធំ និងការតាំងបង្ហាញផលិតផលខ្មែរជាដើម។

សង្ក្រាន្តវត្តភ្នំ ឆ្នាំ២០២៥នេះ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ រៀបចំកម្មវិធីយ៉ាងអធឹកអធមនៅរមណីយដ្ឋានប្រវត្កិសាស្ត្រវត្តភ្នំ ចំនួន៣ថ្ងៃ ដោយចាប់ពីថ្ងៃទី១៤, ១៥ និងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ បន្ថែមពីនេះ សម្រាប់ផ្លូវថ្មើរជើង ឬ Walk Street វិញ ក៏បានរៀបចំ មុនថ្ងៃចូលឆ្នាំ២ថ្ងៃ ហើយថែម៣ថ្ងៃក្នុងថ្ងៃចូលឆ្នាំទៀត ឡើងដល់៥ថ្ងៃ សម្រាប់បម្រើជូនប្រជាពលរដ្ឋ និងទេសចរជាតិ-អន្តរជាតិ កម្សាន្តសប្បាយ។

ពាក់ព័ន្ធនិងផ្លូវថ្មីរជើង (Walk Street) នេះដែរ សម្រាប់សប្ដាហ៍នេះ និងសប្ដាហ៍ក្រោយ ពោលគឺចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ មេសា ក្នុងនោះ សម្រាប់ថ្ងៃសៅរ៍ ទី១២ មេសា មានរបាំបួងសួង, ថ្ងៃអាទិត្យ ទី១៣ ខែមេសា មានល្ខោនខោល របាំកន្តែរ៉ែ, ថ្ងៃទី១៤ ខែមេសា មានល្ខោនបាសាក់ យក្ខីនី, ថ្ងៃទី១៥ ល្ខោនបាសាក់ និងថ្ងៃទី១៦ មេសា ការសម្តែងក្បាច់គុណល្បុកតោផងដែរ។

ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីណែនាំជាបន្តបន្ទាប់ ស្តីពីការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈក្នុងរាជធានីភ្នំពេញនាឧិកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំម្សាញ់សប្តស័កព.ស២៥៦៩ គ.ស២០២៥ ក្នុងន័យលើកកម្ពស់សន្តិសុខ សណ្តាប់ធ្នាប់ក្នុងទីក្រុង និងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋយកចិត្តទុកដាក់ការពារគ្រោះអគ្គីភ័យ ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីជៀសវាងគ្រោះថ្នាក់ផ្សេងៗ៕