(ស្វាយរៀង)៖ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥នេះ «សង្ក្រាន្តស្វាយរៀង» បានចាប់ផ្តើមបើក ដោយមានបងប្អូនប្រជាពលរដ្ឋចូលរួមលេងកម្សាន្តយ៉ាងច្រើនកុះករជាមួយកម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថ និងកម្លាំងអាជ្ញាធរអ្នកពាក់ព័ន្ធទាំងអស់ក្នុងខេត្តស្វាយរៀងបានចូលរួមការពារ និងពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់យ៉ាងល្អប្រសើរ។

សូមបញ្ជាក់ថា រដ្ឋបាលខេត្តស្វាយរៀង ដោយមានការសហការគាំទ្រពីក្រុមហ៊ុន វិស័យឯកជនបានរៀបចំកម្មវិធី «សង្ក្រាន្តស្វាយរៀង» នៅទីតាំងរង្វង់មូលវិមានឯករាជ្យ ក្រុងស្វាយរៀង ដើម្បីបង្កើតភាពអ៊ូអរ និងបង្កបរិយាកាសសប្បាយរីករាយ ជូនបងប្អូនប្រជាពលរដ្ឋបានចូលរួមទស្សនាលេងកម្សាន្ត និងចូលរួម អបអរសាទរទទួលអំណរពរជ័យបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ គ.ស.២០២៥។

កម្មវិធីនេះ នឹងរៀបចំចាប់ពីម៉ោង១០៖០០នាទីព្រឹកតទៅ ជារៀងរាល់ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៥ ដោយមានកម្មវិធីកម្សាន្តសប្បាយជាច្រើនដូចជា កម្មវិធីលេងល្បែងប្រជាប្រិយ ការដាក់តាំងបង្ហាញផលិតផលនានា កម្មវិធីប្រគំតន្ត្រីខ្នាតធំដោយ មានការចូលរួមពីសិល្បករ សិល្បការិនីល្បីៗនៅក្នុងប្រទេស និងការបាញ់ទឹក ការរាំលេងកម្សាន្ត រួមនឹងកម្មវិធីកម្សាន្តសប្បាយៗជាច្រើនផ្សេងទៀត។

ជាមួយគ្នានេះ ដើម្បីចូលរួមអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឱ្យកាន់តែមានភាព អធិកអធម នៅតាមបណ្តាក្រុង ស្រុក ក៏មានរៀបចំកម្មវិធីសង្ក្រាន្តឆ្នាំថ្មីនៅតាមទីតាំង សំខាន់ៗ មួយចំនួនដូចជា រមណីយដ្ឋាន ទីប្រជុំជន និងវត្តអារាម តាមភូមិ សម្រាប់បងប្អូនប្រជា ពលរដ្ឋចូលរួមលេងកម្សាន្តផងដែរ៕