(កំពង់ចាម)៖ នៅរសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ ដែលជាថ្ងៃ ទី១ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីយ៍ជាតិខ្មែរ ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ រាប់ម៉ឺននាក់បាននាំគ្នាសម្រុកមកលេងកម្សាន្តនៅទីតាំងបរិវេន នាមុខសាលាខេត្តកំពង់ចាម ដែល បានរៀបចំ «សង្ក្រាន្តកំពង់ចាម ឆ្នាំ២០២៥» រយៈពេល៣ថ្ងៃ។

ដើម្បីអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំម្សាញ់ រដ្ឋខេត្តកំពង់ចាម បានរៀបចំព្រឹត្តការណ៍ «សង្ក្រាន្តកំពង់ចាម» នៅបរិវេណទល់មុខនិងសាលាខេត្ត កំពង់ចាមរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៥ ដែលមានព្រឹត្តការណ៍សប្បាយ ប្លែកៗជាច្រើន ដូចជាការរៀបចំតំបន់ត្រជាក់ចិត្ត ដែលមានការដាក់រថយន្តបាញ់ទឹក និងបាញ់ពុះសាប៊ូ ការប្រគំតន្រ្តីព្រមទាំងបានរៀបចំទីតាំងកម្សាន្តសប្បាយៗជាច្រើនទៀត រួមមាន៖ ពិធីសាសនា, ភូមិមរតកវប្បធម៌ប្រវត្តិសាស្ត្រ, ភូមិល្បែងប្រជាប្រិយ និងទស្សនីយភាពសិល្បៈចម្រុះ និង ដើម្បីផ្ដល់ឱកាសដល់ប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិបានសិក្សាស្វែងយល់ពីវប្បធម៌ អរិយធម៌ខ្មែរ ដែលជាកេរដំណែលតាំងពីយូរលង់ណាស់មកហើយជាពិសេសទៅទៀតនោះ ក៏មានការ Free WiFi ថែមទៀតផង។

សម្រាប់បញ្ហាសន្ដិសុខ សណ្ដាប់ធ្នាប់វិញ ត្រូវធានាបានយ៉ាងល្អប្រសើរ ពីសំណាក់កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាម ដើម្បីបង្កបរិយាកាសកក់ក្ដៅជូនពលរដ្ឋកម្សាន្ដសប្បាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ក្រោមម្លប់នៃសុខសន្ដិភាព៕