(ជប៉ុន)៖ តបតាមការអញ្ជើញរបស់រដ្ឋាភិបាលជប៉ុន លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ាន មកចូលរួមកម្មវិធីពិព័រណ៌ពិភពលោកឆ្នាំ២០២៥ នៅទីក្រុងអូសាកា ប្រទេសជប៉ុន ហើយនៅល្ងាចថ្ងៃសៅរ៍ ទី១២ ខែមេសា ឆ្នាំ២០២៥ លោកបណ្ឌិត កៅ គឹមហួន បានអញ្ជើញចូលរួមក្នុងពិធីបើពិព័រណ៌ពិភពលោកឆ្នាំ២០២៥។

ពិធីនេះ ត្រូវបានបើកជាផ្លូវការដោយលោក TOKURA Masakazu ប្រធានសមាគមពិព័រណ៌ពិភពលោករបស់ជប៉ុនឆ្នាំ២០២៥។ ព្រះចៅអធិរាជជប៉ុន និងអគ្គមហេសី និងរាជវង្សផ្សេងទៀត ព្រមទាំងនាយករដ្ឋមន្ត្រីជប៉ុន ក៏មានវត្តមាន និងបានថ្លែងសារអបអរសាទរក្នុងពិធីនេះផងដែរ។ ជប៉ុន គឺជាស្ថាបនិកនៃការិយាល័យពិពរ័ណ៌អន្តរជាតិ ហើយជប៉ុនបានរៀបចំពិព័រណ៌ពិភពលោកចំនួន ៣ លើក រហូតដល់បច្ចុប្បន្ន។ ពិព័រណ៌ពិភពលោកនេះ ប្រព្រឹត្តទៅពីថ្ងៃទី ១៣ ខែមេសា ដល់ថ្ងៃ១៣ ខែតុលា ឆ្នាំ២០២៥។

នៅល្ងាចថ្ងៃដដែល លោកបណ្ឌិត កៅ គឹមហួន បានអញ្ជើញចូលរួមពិធីសម្ពោធពន្លាជាតិរបស់កម្ពុជា ក្រោមប្រធានបទ «រក្សាជីវិត»។ ពិធីនេះមានការចូលរួមពីសំណាក់លោក សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោក ទុយ រី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន ផងដែរ។ ពន្លាជាតិនេះ បង្ហាញពីសក្តានុពលសេដ្ឋកិច្ច និងបេតិកភណ្ឌវប្បធម៌របស់កម្ពុជា ហើយឆ្នាំ២០២៥នេះ ជាលើកទី៥ ហើយដែលប្រទេសកម្ពុជាបានចូលរួមក្នុងពិព័រណ៌ពិភពលោក។

ឆ្លៀតក្នុងឱកាសនោះដែរ លោកបណ្ឌិត កៅ គឹមហួន រួមជាមួយឥស្សរជនជាតិ និងអន្តរជាតិជាច្រើនរូបមកពីប្រទេសជប៉ុន និងជុំវិញពិភពលោក បានចូលរួមក្នុងពិធីជប់លៀងពិធីបើកពិព័រណ៌ពិភពលោកឆ្នាំ២០២៥។ ពិធីជប់លៀងនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ព្រះអង្គម្ចាស់រជ្ជទាយាទជប៉ុន និងឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុន។ ក្រោមប្រធានបទ «កសាងសង្គមអនាគតសម្រាប់ជីវិតយើង» ព្រឹត្តិការណ៍នេះ គឺជាឱកាសដ៏សំខាន់សម្រាប់ជំរុញលើកទឹកចិត្តនវានុវត្តន៍ និងកិច្ចសហការសកល។

លុះនៅព្រឹកថ្ងៃអាទិត្យ ទី១៣ ខែមេសា ឆ្នាំ២០២៥ លោកបណ្ឌិត កៅ គឹមហួន បានអញ្ជើញចូលរួមសម្ពោធពន្លាជាតិរបស់ហ្វីលីពីន។ ពន្លាជាតិរបស់ហ្វីលីពីននេះ មានគោលបំណងស្វែងរកការសម្របសម្រួលផ្លាស់ប្តូរវប្បធម៌ ជំរុញកិច្ចសហប្រតិបត្តិការធុរកិច្ច និងជំរុញគំនិតផ្តួចផ្តើមសំឡឹងទៅខាងមុខ។ ឆ្នាំ២០២៥នេះ គឺជាលើកទី ៥ ហើយដែលប្រទេសហ្វីលីពីនចូលរួមក្នុងពិព័រណ៌ពិភពលោក។

អគ្គលេខាធិការអាស៊ានបានជួបពិភាក្សាការងារជាមួយលោក Rudy Khaw នាយកប្រតិបត្តិក្រុមហ៊ុន AirAsia brand co.។ នៅក្នុងឱកាសនោះ លោកបណ្ឌិតបានធ្វើការកោតសរសើរតួនាទីដ៏សំខាន់របស់ក្រុមហ៊ុន AirAsia ក្នុងការជំរុញការតភ្ជាប់ សមាហរណកម្ម និងទេសចរណ៍ក្នុងតំបន់ ដោយស្របគ្នាជាមួយគោលដៅនៃការពង្រឹងកំណើនសេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការរបស់អាស៊ាន។

នាឱកាសនោះដែរ លោកបណ្ឌិត កៅ គឹមហួន បានអញ្ជើញសម្ពោធពន្លាជាតិរបស់អាស៊ាន។ នៅក្រោមប្រធានបទ «កសាងស្ពាន» ពន្លាជាតិនេះ បង្ហាញពីកិច្ចការពហុវិស័យរបស់អាស៊ាន ដោយផ្តល់ជូនឱ្យអង្គភាពពាក់ព័ន្ធនឹងអាស៊ាន មជ្ឈមណ្ឌលអាស៊ាន និងដៃគូនូវវេទិកា ដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែងក្នុងការពង្រឹងការអភិវឌ្ឍប្រកបដោយចីរភាពនៅទូទាំងតំបន់។

នៅក្នុងសន្ទរកថា អគ្គលេខាធិការអាស៊ាន បានសង្កត់ធ្ងន់ពីកិច្ចសហការ ក្នុងការស្វែងរកមូលដ្ឋានរួម ដើម្បីកសាងអនាគតឱ្យកាន់តែភ្លឺស្វាង។ ក្នុងពិធីនោះ ក៏មានការចូលរួមពីតំណាងពីប្រទេសសមាជិកអាស៊ាន និងទីម័រខាងកើត ព្រមទាំងគណៈកម្មាធិការអាស៊ានប្រចាំទីក្រុងតូក្យូផងដែរ។ ឆ្នាំ២០២៥នេះ ជាលើកទី២ ហើយដែលអាស៊ានចូលរួមក្នុងពិព័រណ៌ពិភពលោក។

នៅរសៀលថ្ងៃអាទិត្យ ទី១៣ ខែមេសា ឆ្នាំ២០២៥ លោកបណ្ឌិត កៅ គឹមហួន បានជួបពិភាក្សាការងារជាមួយ លោក MORIOKA Takekazu អភិបាលរងខេត្តអូសាកា។ នៅក្នុងឱកាសនោះ លោកអគ្គលេខាធិការអាស៊ាន បានអបអររដ្ឋាភិបាលជប៉ុនសម្រាប់ការរៀបចំពិព័រណ៌ពិភពលោកឆ្នាំ២០២៥នេះ ប្រកបដោយជោគជ័យ។ លោកក៏បានកោតសរសើរពីកិច្ចសហប្រតិបត្តិការទ្វេភាគីកំពុងបន្តរវាងទីក្រុងអូសាកា និងទីក្រុងមួយចំនួនក្នុងអាស៊ាន ហើយបានសំដែងនូវទំនុកចិត្តយ៉ាងខ្លាំងចំពោះប្រព័ន្ធអេកូឡូស៊ីឧស្សាហកម្ម និងប្រកបដោយភាពច្នៃប្រឌិតរបស់ទីក្រុងអូសាកា ក្នុងការជំរុញទំនាក់ទំនងសេដ្ឋកិច្ចអាស៊ាន-ជប៉ុន នៅពលេខាងមុខ។

នៅរសៀលថ្ងៃដដែល លោកបណ្ឌិត កៅ គឹមហួន បានផ្តល់កិច្ចសម្ភាសន៍ជាមួយស្ថានីយវិទ្យុ និងទូរទស្សន៍ Shanghai Media Group។ នៅក្នុងឱកាសនោះ អគ្គលេខាធិការអាស៊ាន បានជម្រាបជូនថា ការចូលរួមលើកទី២ របស់អាស៊ាននៅក្នុងពិព័រណ៌ពិភពលោក គឺដើម្បីជំរុញកិច្ចសហប្រតិបត្តិការផ្នែកសង្គម វប្បធម៌ និងសេដ្ឋកិច្ចរបស់តំបន់ និងគោលបំណងមួយចំនួនទៀត។ សូមជម្រាបជូនថា ពន្លាជាតិអាស៊ាន ចាប់បើកពីថ្ងៃទី១៣ ខែមេសា ដល់ថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០២៥។

លោកបណ្ឌិត កៅ គឹមហួន បានអបអរសាទរពន្លាជាតិរបស់ម៉ាឡេស៊ី ដែលបានសម្ពោធសប្តាហ៍ក្រសួងវិនិយោគ ពាណិជ្ជកម្ម និងឧស្សាហកម្មម៉ាឡេស៊ី ដោយជោគជ័យ។ នៅក្នុងសន្ទរកថា អគ្គលេខាធិការអាស៊ាន បានកោតសរសើរការដឹកនាំរបស់ម៉ាឡេស៊ីក្នុងការជំរុញគំនិតផ្តួចផ្តើមតំបន់សំខាន់ៗ ដែលនឹងពង្រឹងបន្ថែមទៀតនូវសមាហរណកម្មសេដ្ឋកិច្ច ហើយពង្រឹង «បរិយាប័្នន និងនិរន្តភាព» ដែលស្របគ្នាជាមួយមូលបទរបស់ម៉ាឡេស៊ី ដែលជាប្រធានអាស៊ាននៅឆ្នាំនេះ។ ឆ្នាំ២០២៥នេះ ម៉ាឡេស៊ី បានចូលរួមក្នុងពិព័រណ៌ពិភពលោកចំនួន៦ លើកហើយ។

នៅទីក្រុងនៅទីក្រុងអូសាកា ប្រទេសជប៉ុនដដែល អគ្គលេខាធិការអាស៊ានបានអញ្ជើញចូលទស្សនាពន្លាជាតិរបស់ប្រទេសសមាជិកអាស៊ាន និងទីម័រខាងកើត។ អគ្គលេខាធិការអាស៊ាន ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីប្រធានគណៈប្រតិភូនីមួយៗ ដែលក្នុងនោះគាត់ក៏បានប្រគល់តែមសម្រាប់ ASEAN Trail Challenge ផងដែរ។ ស្របពេលដែលពន្លាជាតិនីមួយៗមានការផ្តោតលើផែ្នកផ្សេងៗគ្នា ប៉ុន្តែ ពួកគេរួមគ្នាចង់បានអនាគតមួយដែលកាន់តែមានភាពធន់ កាន់តែរីកចម្រើន និងកាន់តែមានបរិយាប័្នន។

លោកបណ្ឌិត កៅ គឹមហួន បានជួបពិភាក្សាការងារជាមួយលោក KOGA Yuichiro អនុរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មរបស់ជប៉ុន។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចអាស៊ាន-ជប៉ុន ស្របគ្នាជាមួយគោលបំណងនៅក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ជប៉ុន។

ឆ្លៀតក្នុងឱកាសនោះដែរ លោកបណ្ឌិត កៅ គឹមហួន អបានអញ្ជើញទស្សនាពន្លាជាតិរបស់ជប៉ុន។ នៅក្រោមប្រធានបទ «នៅចន្លោះជីវិត» ពន្លាជាតិនេះ ផ្តោតលើការផ្លាស់ប្តូរនៅក្នុងរុក្ខជាតិ សត្វ និងសង្គម ដែលបង្ហាញនូវចក្ខុវិស័យនៃជីវិតដែលស្កប់ស្កល់ ដែលទទួលស្គាល់នូវតម្លៃនៃជីវិតសត្វលោកទាំងអស់។ ឆ្នាំ២០២៥ គឺជាលើកទី៦ ហើយ នៃការចូលរួមរបស់ជប៉ុន នៅក្នុងពិព័រណ៌ពិភពលោក។

ដោយឡែកនៅព្រឹកថ្ងៃចន្ទ ទី១៤ ខែមេសា ឆ្នាំ២០២៥ លោកបណ្ឌិត កៅ គឹមហួន បានជួបពិភាក្សាការងារជាមួយសភាពាណិជ្ជកម្ម និងឧស្សាហកម្មរបស់ទីក្រុងអូសាកា (OCCI) ដឹកនាំដោយលោកស្រី HIROSE Kyoko និងលោក IUCHI Setsuo។ នៅក្នុងឱកាសនោះ អគ្គលេខាធិការអាស៊ាន បានធ្វើការអបអរសាទរ OCCI សម្រាប់ការកិច្ចខិតខំប្រឹងប្រែងរៀបចំពិព័រណ៌ពិភពលោកឆ្នាំ២០២៥ ក៏ដូចជាគាំទ្រដល់គំនិតផ្តួចផ្តើមដឹកនាំដោយអាស៊ាន នៅក្នុងវិស័យធុរកិច្ចផងដែរ។

នៅរសៀលថ្ងៃទី១៤ ខែមេសាដដែល លោកបណ្ឌិត កៅ គឹមហួន បានអញ្ជើញពិសាបាយការងារជាមួយលោកបណ្ឌិត HIRABAYASHI Kunihiko អគ្គលេខាធិការមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន។ នៅក្នុងឱកាសនោះ អគ្គលេខាធិការអាស៊ានបានថ្លែងអំណរគុណចំពោះការប្តេជ្ញាចិត្តរបស់មជ្ឈមណ្ឌល ក្នុងការជំរុញពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ និងការតភ្ជាប់ប្រជាជន រវាងអាស៊ាន និងជប៉ុន ជាពិសេស ក្នុងការជំរុញការចូលរួមរបស់អាស៊ាននៅក្នុងពិព័រណ៌ពិភពលោកឆ្នាំ២០២៥នេះ។ លោកបណ្ឌិត កៅ គឹមហួន ក៏បានអបអរមជ្ឈមណ្ឌល សម្រាប់ខួបអនុស្សាវរីយ៍ទី៤៤ នៅខែឧសភា ខាងមុខ ហើយរំពឹងថានឹងមានកិច្ចសហប្រតិបត្តិការកាន់តែខ្លាំងជាមួយលេខាធិការដ្ឋានអាស៊ាន។

នៅទីក្រុងនៅទីក្រុងអូសាកា ប្រទេសជប៉ុន លោកបណ្ឌិត កៅ គឹមហួន បានជួបជាមួយបណ្ឌិត TAKAHAYASHI Tomoyuki ប្រធានសាកលវិទ្យាល័យ Kansai ប្រទេសជប៉ុន។ នៅក្នុងឱកាសនោះ អគ្គលេខាធិការអាស៊ាន បានជម្រាបជូនថា ការអប់រំគឺជាវិស័យអាទិភាព ដែលបានដាក់ចេញនៅក្នុងសេចក្តីថ្លែងការណ៍ចក្ខុវិស័យរួម ស្តីពីមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន។

បន្ថែមពីនេះលោកបណ្ឌិត កៅ គឹមហួន បានផ្តល់បាឋកថាពិសេស ស្តីពី «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ជប៉ុន៖ សន្តិភាព វិបុលភាព និងប្រជាជន» ដល់សាកលវិទ្យាល័យ Kansai ប្រទេសជប៉ុន។

អគ្គលេខាធិការអាស៊ាន បានជម្រាបជូនពីភាពជាដៃគូដែលមានភាពស៊ីជម្រៅ និងប្រកបដោយថាមភាពរវាងអាស៊ាន និងជប៉ុន ដែលបានរីកលូតលាស់ជាង ៥០ ឆ្នាំមកហើយ។ គាត់ក៏បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការចូលរួមចំណែករបស់យុវណ ក្នុងការដោះស្រាយការប្រឈមនានាពេលអនាគត ដោយលើកទឹកចិត្តឱ្យប្រជាជនវ័យក្មេងធ្វើការផ្លាស់ប្តូរវប្បធម៌ និងគំនិតផ្តួចផ្តើមដើម្បីសហការ។ លោកបណ្ឌិត កៅ គឹមហួន ក៏បានលើកទឹកចិត្តឱ្យយុវជនជំនាន់ក្រោយធ្វើសកម្មភាពយ៉ាងសកម្មក្នុងការពង្រឹងភាពជាដៃគូ ហើយប្រើប្រាស់សក្តានុពល ដើម្បីរៀបចំអនាគតមួយដែលកាន់តែមានបរិយាប័ន្ន និងចីរភាពសម្រាប់អាស៊ាន និងជប៉ុន៕