(កំពង់ចាម)៖ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ ដែលជាថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីយ៍ជាតិខ្មែរ មានប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិយ៉ាងច្រើនកុះករបាននាំគ្នាសម្រុកមកលេងកម្សាន្តនៅ «សង្ក្រាន្តកំពង់ចាម ឆ្នាំ២០២៥» និងតំបន់ទេសចរណ៍នានាទូទាំងខេត្តកំពង់ចាម ចំនួន ៩៣១,៤៤៣នាក់។ នេះបើយោងតាមរបាយការណ៍របស់ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ចាម។

តាមរបាយការណ៍របស់ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ចាម បានបញ្ជាក់ថា ភ្ញៀវទេសចរជាតិ មានចំនួន ៩៣១,៣១៧នាក់ និងភ្ញៀវទេសចរបរទេស ចំនួន ១២៦នាក់។

សម្រាប់ព្រឹត្តិការណ៍នេះមានការរៀបចំរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់បានយ៉ាងល្អប្រសើរ ពីសំណាក់កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាម ដឹកនាំដោយលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដើម្បីធ្វើយ៉ាងណាបង្កបរិយាកាសកក់ក្ដៅជូនប្រជាពលរដ្ឋកម្សាន្ដសប្បាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ក្រោមម្លប់នៃសុខសន្ដិភាព៕