(កំពង់ធំ)៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក និងអភិបាលរងស្រុក បានដឹកនាំមន្ត្រីក្រោមឱវាទ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ បានចូលរួមកម្មវិធីសង្ក្រាន្តនៅវត្តគុហនគរ ឃុំពង្រ ស្រុកតាំងគោក ខេត្តកំពង់ធំ ក្រោមការផ្តួចផ្តើមដោយ ព្រះគ្រូ តុន ពិសី ព្រះចៅអធិការវត្តគុហនគរ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រយៈពេល០៤ថ្ងៃចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៤ ប្រកបដោយភាពសប្បាយរីករាយ។
នាឱកាសនោះលោក ហាក់ ម៉ុងហួត បានថ្លែងថា ការចូលរួមកម្មវិធីសង្ក្រាន្ដនេះ ដើម្បីឆ្លងឆ្នាំចាស់ឈានចូលឆ្នាំថ្មី ជាថ្ងៃបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ តាំងពីបុរាណកាលមកនេះ ដែលធ្វើឲ្យប្រជាពលរដ្ឋបានជួបជុំគ្នា ជួបជុំគ្រួសារនៅផ្ទះ មកលេងកន្លែងសង្រ្កាន្ត ដោយមកសប្បាយរីករាយ ជាមួយការលេងល្បែងប្រជាប្រិយផ្សេងៗដូចជា វាយក្អម បោះអង្គុញ លោតបាវ ឡើងសសរខ្លាញ់ ទាញព្រ័ត្រ ផងដែរ។
លោកអភិបាលស្រុកតាំងគោក បានបន្ដថា បន្ទាប់ពីប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍប្រទេសលើគ្រប់វិស័យ ទើបធ្វើឲ្យប្រជាពលរដ្ឋមានសេចក្តីសុខ និងសុខសុវត្ថិភាព នឹងធ្វើឱ្យយើងមានភាពសម្បូរសប្បាយ និងបានធ្វើនូវសង្រ្កានឆ្នាំថ្មីនេះឡើង។
លោក ហាក់ ម៉ុងហួត បានកោតសរសើរដល់ប្រជាពលរដ្ឋខ្មែរ ទូទាំងប្រទេសបានរៀបចំសង្ក្រាន្តឆ្នាំថ្មីនេះ គឺបានផ្ដល់ផលប្រយោជន៍ជាច្រើនដល់ប្រជាពលរដ្ឋនៅក្នុងឃុំក៏ដូចជាស្រុក តាមរយៈការទាក់ទាញភ្ញៀវទេសចរចូលមកទស្សនាកម្សាន្តកាន់តែច្រើនឡើងថែមទៀតផង។ ម៉្យាងទៀតក៏ជាការផ្ដល់នូវភាពសប្បាយរីករាយ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជាសំខាន់ឆ្លុះបញ្ចាំង ពីការសាមគ្គីភាព មិត្តភាព ក្នុងចំណោមមហាក្រុមគ្រួសារខ្មែរទាំងអស់ ក្នុងស្រទាប់យុវជន ជាពិសេសដើម្បីបង្ហាញអំពីកេរ្តិ៍តំណែលវប្បធម៌ ទំនៀមទម្លាប់ប្រពៃណីដ៏ផូរផង់ខ្មែរ ដែលជាមោទនភាពជាតិ។
លើសពីនេះ ដើម្បីផ្តល់ឱកាសដល់ក្រុមការងារ បានចូលរួមកម្សាន្តសប្បាយ ក្រោយការខិតខំបំពេញការងារពេញមួយឆ្នាំ និងបន្តការខិតខំសម្រាប់ឆ្នាំថ្មី តាមរយៈការចូលរួមលេងល្បែងប្រជាប្រិយ ដែលរួមមាន៖ វាយក្អម បោះអង្គុញ លោតបាវ ឡើងសសរខ្លាញ់ ទាញព្រ័ត្រផងដែរ៕