(ភ្នំពេញ)៖ ថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥នេះ មានករណីអគ្គិភ័យមួយបានកើតឡើង នៅភូមិ៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
របាយការណ៍របស់សមត្ថកិច្ច បានឲ្យដឹងថា ទីតាំងដែលត្រូវភ្លើងឆេះ ជាសិប្បកម្មផលិតស្បែកជ្រូក ដែលប្រភេទសំណង់ដែកប្រក់ស័ង្កសី ទំហំ៣៤ម៉ែត្រ គុណ២០ម៉ែត្រ។ ក្នុងនោះបណ្ដាលឲ្យឆេះរាលដានដល់ផ្ទះល្វែង៤ជាន់ ចំនួន១ខ្នង និងផ្ទះល្វែង៣ជាន់ ចំនួន១ខ្នង។
ក្នុងហេតុការណ៍នេះ កងប្រតិបត្តិការរុករក និងសង្រ្គោះគ្រោះមហន្តរាយ៧១១ កងពលតូចលេខ៧០ បានសហការជាមួយស្នងការនគរបាលរាជធានីភ្នំពេញ និងស្ថាប័នពាក់ព័ន្ធបានចេញប្រតិបត្តិការពន្លត់។
ដោយឡែក ចំពោះមូលហេតុវិញ កម្លាំងសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវបន្ដទៀត៕