(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមក្រាបបង្គំទូលថ្វាយសារលិខិត ថ្វាយព្រះរាជសព្ទសាធុការពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម នៃព្រះរាជពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ គ.ស.២០២៥។
សារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតមានខ្លឹមសារយ៉ាងដូច្នេះថា «ខ្ញុំម្ចាស់ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា នៃកាកបាទក្រហមកម្ពុជា សូមព្រះបរមរាជានុញ្ញាតថ្វាយព្រះរាជសព្ទសាធុការពរជ័យ បវរសួស្ដី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការថ្វាយសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គបានប្រកបព្រះរាជសុខភាពល្អពេញបរិបូរណ៌ ព្រះពលានុភាពមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា និងមានព្រះជន្មាទីឃាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជំដល់ប្រជារាស្ដ្រជាកូន ចៅ ចៅទួត របស់ព្រះអង្គ ជ្រកកោន ជាភិយ្យោភាពដ៏យូរអង្វែតតរៀងទៅ។
ក្នុងអភិបាលលក្ខិតសម័យមហាវិសេសវិសាលនេះ ខ្ញុំម្ចាស់ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា នៃកាកបាទក្រហមកម្ពុជា សូមព្រះបរមរាជានុញ្ញាត លំឱនកាយសម្ដែងនូវព្រះរាជកតញ្ញូ កតវេទិតាធម៌ដ៏ជ្រាលជ្រៅបំផុត ចំពោះព្រះមហាករុណាទិគុណជាអតិបរមា ចំពោះសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតដែលជានិច្ចកាល ព្រះអង្គតែងតែសព្វព្រះរាជហឬទ័យប្រោសព្រះរាជទាននូវព្រះរាជសង្គហធម៌ ព្រះព្រហ្មវិហារធម៌ដ៏ជ្រាលជ្រៅចំពោះជាតិ មាតុភូមិ និងប្រជានុរាស្ដ្រកម្ពុជា ជាពិសេសព្រះអង្គបានបំពេញព្រះរាជបូជនីយកិច្ចសន្សំបុញ្ញាកុសលតម្កល់ក្នុងពុទ្ធចក្រ អាណាចក្រ ប្រកបដោយព្រះរាជទសពិធរាជធម៌ និងមនុស្សធម៌ដ៏ឧត្ដុងឧត្ដម ប្រោសព្រះរាជទានដល់ជនរួមជាតិ ទាំងក្នុងនិងក្រៅប្រទេសបានរស់នៅសម្បូរសប្បាយ រុងរឿងជានិរន្ដរ៍ ជារៀងដរាបតទៅ។
ក្នុងវរោកាសដ៏សិរីសួស្ដីថ្លៃថ្លានេះ ខ្ញុំម្ចាស់ ទូលព្រះបង្ខំយើងខ្ញុំទាំងអស់ និងសហការីនៃកាកបាទក្រហមកម្ពុជាទាំងអស់ សូមព្រះបរមរាជានុញ្ញាតលំឱនកាយលើកហត្ថប្រណម
ឧទ្ទិសបួងសួង ដល់គុណបុណ្យព្រះរតនត្រ័យ ព្រះតេជៈបារមីនៃវត្ថុស័ក្កសិទ្ធិនានាក្នុងលោក ដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេសទេវតារក្សាឆ្នាំថ្មី ព្រះនាម គោរាគទេវី សូមជួយអភិបាលប្រោះព្រំគ្រងរក្សា សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមស្ដេចទ្រង់ប្រកបដោយព្រះពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»៕