(ឧត្តរមានជ័យ)៖ លោកឧត្តមសេនីយ៍ត្រី នាក់ វង្ស មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤២ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាន នៅថ្ងៃទី១៤ខែមេសា ឆ្នាំ២០២៥ បានរៀបចំពិធីសូត្រមន្តបង្សុកូលឧទិសកុសលដល់ដួងវិញ្ញាណក្ខន្ធយុទ្ធជន កម្មាភិបាល ដែលបានពលីកម្មនៅលើសមរភូមិ និងបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន ក្នុងឱកាស់បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជាមួយនឹងការសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយដល់អតីតយុទ្ធជននិងគ្រួសារយោធិនជួបការលំបាកចំនួន១០០គ្រួសារ នៅទីបញ្ជាការកងពលបន្ទាយអូរឫស្សី ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
ក្នុងឱកាសនេះដែរលោកឧត្តមសេនីយ៍ត្រី នាក់វង្ស បានថ្លែងលើកឡើងថា សម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជានិច្ចកាលតែងតែយកចិត្តទុកដាក់ និងគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់អតីតយុទ្ធជនដោយក្តីអាណិតស្រឡាញ់ ជាមួយនឹងការដឹងគុណយ៉ាងធំធេងចំពោះអតីតយុទ្ធជនយើងទាំងអស់ ដែលបានលះបង់អាយុជីវិតចូលរួមក្នុងការស្វែងរកការបញ្ចប់សង្គ្រាមតាមរយៈនយោបាយឈ្នះឈ្នះ នាំមកនូវការបង្រួបបង្រួមជាតិ និងសុខសន្តិភាពពេញលេញសម្រាប់ជាតិ និងប្រជាជនកម្ពុជា។
ជាមួយគ្នានេះ លោកមេបញ្ជាការ បានថ្លែងបញ្ជាក់ផងដែរថា៖ដោយមានការយកចិត្តទុកដាក់ពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្ងៃនេះលោកបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេច និងលោកជំទាវបណ្ឌិត មកចែជូនដល់អតីតយុទ្ធនិងគ្រួសារយោធិនចំនួន១០០គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាន៖អង្ករ១ការ៉ុង មី ១កេស ទឹកត្រី ១យួរ ទឹកសុីអុីវ ១យួរ ប៊ីចេង ១គីឡូក្រាម និងថវិកាចំនួន៥០០០០រៀលផងដែរ។
ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្ពស័ក ព.ស២៥៦៩ គ.ស២០២៥ នេះ លោកឧត្តមសេនីយ៍ត្រី នាក់ វង្ស មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤២ បានថ្លែងជូនពរដល់គ្រួសារអតីតយុទ្ធជន និងក្រួសារយោធិន ដែលមានវត្តមាននៅទីនេះ សូមទទួលបានសេចក្តីសុខ សុភមង្គលគ្រប់ក្រុមគ្រួសារ។លោកក៏បានចូលរួមលេងល្បែងប្រជាប្រីយ៍ ពិសារនំបញ្ចុកសន្តិភាពនិងរាំលេងកំសាន្ត ជាមួយបងប្អូនអតីតយុទ្ធជន គ្រួសារយធិន ដើម្បីសារអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើងផងដែរ៕