(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥ បានចេញសេចក្តីបំភ្លឺជុំវិញការចាប់បញ្ជូនចិនតៃវ៉ាន់ជាច្រើននាក់ ទៅប្រទេសចិន ក្រោយប្រព្រឹត្តបទល្មើសនៅលើទឹកដីកម្ពុជា។
ក្រសួងកាបរទេសបញ្ជាក់ថា វិធានការខាងលើនេះ ត្រូវបានអនុវត្តយ៉ាងត្រឹមត្រូវស្របទៅតាមនីតិវិធីច្បាប់របស់កម្ពុជា ក៏ដូចជាកិច្ចព្រមព្រៀងទ្វេភាគីដែលពាក់ព័ន្ធ ដូចជាសន្ធិសញ្ញាបត្យាប័ន និងក្របខ័ណ្ឌកិច្ចសហ ប្រតិបត្តិការសន្តិសុខកម្ពុជា-ចិន រួមទាំងលើការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ព្រមទាំងការ ប្រកាន់ខ្ជាប់នូវគោលនយោបាយ «ចិនមួយ» ។
ការចេញសេចក្តីបំភ្លឺនេះ បន្ទាប់ពីមានសារព័ត៌មានមួយចំនួនបានចុះផ្សាយពីការព្រួយបារម្ភ និងមិនសប្បាយចិត្តរបស់តៃវ៉ាន់ ចំពោះកម្ពុជា ដែលបានចាប់បញ្ជូនជនជាតិចិន មកពីកោះតៃវ៉ាន់ប្រមាណជាង១០០នាក់ទៅប្រទេសចិន បន្ទាប់ពីអាជ្ញាធរកម្ពុជាបានចុះបង្រ្កាបទៅលើមជ្ឈមណ្ឌលឆបោកអនឡាញមួយកន្លែងនៅទីក្រុងភ្នំពេញ ក្នុងនោះមានជនជាតិចិនតៃវ៉ាន់ជាច្រើននាក់ផងដែរ។
ក្រសួងកាបរទេសកម្ពុជា បានបញ្ជាក់ថា បុគ្គលដែលត្រូវបានប្រគល់ទៅសមត្ថកិច្ចចិនទាំង អស់នេះគឺជាឧក្រិដ្ឋជន ពុំមែនជាប្រជាជនស្លូតត្រង់ធម្មតានោះឡើយ ហើយការប្រគល់បុគ្គលទាំង នេះទៅឱ្យរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ក៏មិនខុសពីការអនុវត្តដោយប្រទេសមួយចំនួន ផ្សេងទៀត ដែលប្រកាន់គោលនយោបាយចិនមួយដែរ៕