(ខេត្តបាត់ដំបង)៖ លោក ធូ ភា ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តបាត់ដំបង បានដឹកនាំកម្លាំងចុះផ្សព្វផ្សាយពីផលប៉ះពាល់និងគ្រោះថ្នាក់នៃគ្រឿងញៀននិងអត្ថប្រយោជន៍ ការទាញយក App NoDrug ជូនដល់ប្រជាពលរដ្ឋដែលមកចូលរួមព្រឹត្តិការណ៍សង្ក្រានបាត់ដំបង ក្នុងឱកាសថ្ងៃទី២នៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលមានអ្នកចូលរួមប្រមាណជា៥០ម៉ឺននាក់ ។

ក្នុងនាមលោក សុខលូអភិបាលខេត្ត ប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តបាត់ដំបង លោក ធូ ភាបានថ្លែងអំណរគុណដល់គ្រប់សមាសភាពលេខាធិការដ្ឋានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តទាំងអស់ដែលបានរួមគ្នាធ្វើសកម្មភាពព្រមព្រមគ្នាជាចលនាជាតិ ក្នុងការធ្វើការផ្សព្វផ្សាយពីផលប៉ះពាល់និងថ្នាក់គ្រឿងញៀន តាមរយៈការដាក់តាំងបណ្តាពាក្យស្លោកប្រឆាំងគ្រឿងញៀន និងសាររបស់ពិធីករ ពិធីការិនីនៃកម្មវិធីកម្សាន្តសប្បាយនានាអបអរសាទរក្នុងព្រឹត្តិការណ៍សង្ក្រាន្តខេត្តបាត់ដំបងរយៈពេលពីរថ្ងៃនេះ។

លោក ធូ ភា បានមានប្រសាសន៍ថា ការផ្សព្វផ្សាយបញ្ហាគ្រឿងញៀន ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនេះគឺទទួលបានការចាប់អារម្មណ៍ពីសំណាក់ប្រជាពលរដ្ឋដែលមកលេងកំសាន្តក្នុងឱកាសព្រឹត្តិការណ៍សង្រ្កាន្តខេត្តបាត់ដំបង។ ទន្ទឹមគ្នានេះប្រជាពលរដ្ឋ បានសម្ដែងនៅកាយវិការសប្បាយរីករាយពេញចិត្ត នឹងទទួលយកនូវអ្វីដែរអាជ្ញាធរបានផ្ដល់ជូនគាត់បាន ដែលជាមូលដ្ឋានផ្សព្វផ្សាយបន្តដល់ក្រុមគ្រួសាររបស់គាត់ ដើម្បីចៀសឆ្ងាយពីគ្រឿងញៀន។
ជាមួយគ្នានេះ លោកលើកទឹកចិត្តឱ្យមានការប្រើប្រាស់ App NoDrug ឲ្យបានកាន់តែសកម្មផុលផុសសំដៅធ្វើឲ្យបញ្ហាគ្រឿងញៀននៅក្នុងមូលដ្ឋានអាចគ្រប់គ្រងនិងដោះស្រាយបាន៕