(កំពង់ឆ្នាំង)៖ រយៈពេល២ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំខ្មែរ ភ្ញៀវជាតិ និងភ្ញៀវបរទេសដែលមកលេងកម្សាន្ត នៅខេត្តកំពង់ឆ្នាំង បានកើនឡើងគួរឱ្យកត់សម្គាល់ ដែលមានលើសពី៧០ម៉ឺននាក់ ក្នុងនោះមានភ្ញៀវបរទេសជាង៤០០នាក់។
មិនខុសពីខេត្តដ៏ទៃ នាពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ព. ស.២៥៦៩ គ.ស.២០២៥នេះ ខេត្តកំពង់ឆ្នាំង ពិសេសនៅតាមទីវត្តអារាមនិងសហគមន៍កម្សាន្តនានាៗ បានរៀបចំលេងល្បែងប្រជាប្រិយខ្មែរជាច្រើន ដែលធ្វើឱ្យប្រជាពលរដ្ឋចូលរួមលេងកម្សាន្តយ៉ាងសប្បាយរីករាយ និងប្រកបដោយសុខសុវត្ថិភាព ស្របពេលដែលអាជ្ញាធរបានរៀបចំសណ្ដាប់ធ្នាប់ល្អ ផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋដែលមកលេងកម្សាន្តទាំងយប់ទាំងថ្ងៃនៅគ្រប់ទីកន្លែងនៅទូទាំងខេត្ត។
លោក នូ ផល្គុន អនុប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា រយៈពេល២ថ្ងៃ គឺថ្ងៃ១៤-១៥ ខែមេសា ឆ្នាំ២០២៥ ចំនួនភ្ញៀវជាតិនិងភ្ញៀវបរទេសដែលមកលេងកម្សាន្តក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ក្នុងខេត្តកំពង់ឆ្នាំង មានប្រមាណ ៧៤៨.៧២១នាក់ ក្នុងនោះភ្ញៀវបរទេសចំនួន៤៤៣ នាក់។
លោកបានបញ្ជាក់ឱ្យដឹងផងដែរថា នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥មានភ្ញៀវជាតិនិងភ្ញៀវបរទេសមកលេងកម្សាន្តជាង៣៣ម៉ឺននាក់។ ដោយឡែកនៅថ្ងៃចូលឆ្នាំទី២ ត្រូវនឹងថ្ងៃទី១៥ ខែមេសាឆ្នាំ២០២៥ មានភ្ញៀវជាតិនិងភ្ញៀវបរទេសមកលេងកម្សាន្តចំនួន ៤១៣.២៩៣នាក់ មានចំនួនកើនជាងថ្ងៃបុណ្យចូលឆ្នាំថ្ងៃទី១៕
លោកបានបញ្ជាក់ឲ្យដឹងទៀតថា នេះគឺជាមោទនភាពមួយយ៉ាងក្រៃលែងសម្រាប់ខេត្តកំពង់ឆ្នាំងដែលទទួលបានភ្ញៀវទេសចរណ៍ជាតិនិងភ្ញៀវបរទេសយ៉ាងច្រើនបែបនេះ ។ ក្នុងនាមលោកជាថ្នាក់ដឹកនាំមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង លោកសូមស្វាគមន៍ ទាំងភ្ញៀវជាតិនិងភ្ញៀវបរទេស។
សម្រាប់ថ្ងៃបុណ្យចូលឆ្នាំថ្ងៃទី៣ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥នេះ ដែលជាថ្ងៃបិទបញ្ចប់នៃកម្មវិ ធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ លោកសង្ឃឹមថា នឹងមានភ្ញៀវជាតិ អន្តរជាតិអញ្ជើញមកលេងកម្សាន្តក្នុងខេត្តកំពង់ឆ្នាំងកើនឡើងបន្ថែមទៀត។
ពាក់ព័ន្ធនឹងសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ សមត្ថកិច្ច បានបញ្ជាក់ឲ្យដឹងដែរថា រយៈពេល ២ថ្ងៃនេះ សមត្ថកិច្ចខេត្តកំពង់ឆ្នាំ ប្រចាំការនៅគ្រប់គោលដៅទូទាំងខេត្ត ដែលបានយកចិត្តទុកដាក់ ការពារថែរក្សាសន្តិ សុខសណ្ដាប់ធ្នាប់ ដើម្បីបង្កលក្ខណៈជូនប្រជាពលរដ្ឋលេងសប្បាយដោយបានប្រព្រឹត្តទៅពុំមានបញ្ហាអ្វីគួរឱ្យកត់ សម្គាល់នោះឡើយ៕