(ព្រះវិហារ)៖ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងលោកស្រី សុខា គងពិសី គីម រិទ្ធី នៅរសៀលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ដែលជាថ្ងៃទី៣ និងជាថ្ងៃបញ្ចប់ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្ពស័ក ព.ស២៥៦៩ គ.ស២០២៥ រួមជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ បាននិមន្ត្តព្រះសង្ឃប្រារព្ធពិធីស្រង់ព្រះ សុំសិរីសួស្តី ឆ្លងឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី នាំសិរីសួស្តី ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ទូទាំងខេត្តព្រះវិហារ។
ពិធីស្រង់ព្រះ ត្រូវបានចាត់ទុកជាពិធីដ៏សប្បាយរីករាយមួយ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដោយសារតែមនុស្សម្នា បានជួបជុំគ្នាស្រង់ព្រះនៅឯទីវត្តអារាម ឬស្រង់ព្រះរស់ ដែលជាអ្នកមានគុណ ចាស់ព្រឹទ្ធាចារ្យ នៅតាមគេហដ្ឋាន ឬនៅក្នុងភូមិជាដើម។
ពិធីស្រង់ព្រះនេះ មានអត្ថន័យយ៉ាងជ្រាលជ្រៅណាស់ ចំពោះប្រជាពលរដ្ឋខ្មែរ ដែលតែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃទី៣នៃពីធីបុណ្យចូលឆ្នាំ ដើម្បីបង្ហាញពីភាពត្រជាក់ត្រជុំ និងសេចក្តីសុខចម្រើនក្នុងក្រុមគ្រួសារ និងសម្តែងការដឹងគុណ ការតបស្នងសងគុណចំពោះអ្នកមានគុណ ដោយលាងជម្រះនូវបាបកម្មទាំងឡាយដែលបានប្រព្រឹត្តិកាលពីឆ្នាំចាស់ ហើយទទួលយកមកវិញនៅពរជ័យសិរីសួស្តីក្នុងឆ្នាំថ្មី៕