(យូណាន)៖ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ស៊ី ជីនពីង ប្រធានាធិបតីចិន បានជួបជាមួយសម្តេចតេជោ ហ៊ុន សែន នៅទីក្រុងប៉េកាំង ប្រទេសកម្ពុជា និងចិន អាចចាប់ផ្តើមពីវិស័យសំខាន់ៗចំនួនប្រាំមួយ គឺនយោបាយ ឧស្សាហកម្ម កសិកម្ម ថាមពល សន្តិសុខ និងវប្បធម៌ប្រជាជន ហើយខិតខំកសាងក្របខណ្ឌកិច្ចសហប្រតិបត្តិការ «ត្បូងពេជ្របញ្ចកោណ» កម្ពុជា-ចិន ។ គំនិតនេះត្រូវបានសម្តេចតេជោ ហ៊ុន សែន ឯកភាពទាំងស្រុង។

កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងដំណើរបំពេញទស្សនកិច្ចនៅប្រទេសចិន សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា បានរំលឹកឡើងវិញថា កម្ពុជាមានឆន្ទៈជំរុញកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ ក្រោមក្របខណ្ឌ «ត្បូងពេជ្របញ្ចកោណ» និងកសាងសហគមន៍វាសនារួមកម្ពុជា-ចិន។ ច្រើនឆ្នាំមកនេះ មិត្តភាពកម្ពុជា-ចិន បានឆ្លងកាត់ការសាកល្បងនៃពេលវេលា និងការផ្លាស់ប្តូរអន្តរជាតិ ហើយនៅតែរឹងមាំដូចពីមុន។ ជាមួយនឹងការតភ្ជាប់កាន់តែស៊ីជម្រៅ នៃការកសាងរួមគ្នានៃគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» និង «យុទ្ធសាស្ត្របញ្ចកោណ» កម្ពុជា កំណែថ្មីនៃផែនការសកម្មភាពកម្ពុជា-ចិន សម្រាប់សហគមន៍វាសនារួមកម្ពុជា-ចិន កំពុងត្រូវបានពន្លឿន ហើយកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខភាគីទាំងពីរ ក៏កាន់តែស៊ីជម្រៅ។
វាមិនត្រឹមតែនឹងក្លាយទៅជាការជំរុញដ៏សំខាន់មួយ ក្នុងការពង្រឹងទំនុកចិត្តគ្នាទៅវិញទៅមកផ្នែកនយោបាយ របស់ប្រទេសទាំងពីរ និងលើកកម្ពស់ស្ថិរភាព នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ប៉ុណ្ណោះទេ ក៏នឹងមានឥទ្ធិពលជាវិជ្ជមាន ទៅលើការអនុវត្តរួមគ្នារបស់ប្រទេសចិន និងអាស៊ានលើគំនិតផ្តួចផ្តើមសន្តិសុខពិភពលោកផងដែរ។

បច្ចុប្បន្ននេះ កិច្ចសហប្រតិបត្តិការសន្តិសុខកម្ពុជា-ចិន ទទួលបានលទ្ធផលជាផ្លែផ្កា ដែលភាគច្រើនលើវិស័យដូចខាងក្រោម៖ ទីមួយ គឺ កិច្ចសហប្រតិបត្តិការលើការអនុវត្តច្បាប់ របស់នគរបាលនៃប្រទេសទាំងពីរ បានបន្តរីកចម្រើន ហើយវឌ្ឍនភាពសំខាន់ៗ ត្រូវបានបង្កើតឡើងក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន។ ប៉ុន្មានឆ្នាំនេះ ដើម្បីបង្រ្កាបបទល្មើស ដូចជាល្បែងស៊ីសងឆ្លងដែន និងការឆបោកបណ្តាញអ៊ីនធឺណែត និងទូរគមនាគមន៍តាមច្បាប់ នគរបាលកម្ពុជា និងចិន បានសហការគ្នាយ៉ាងជិតស្និទ្ធ និងពេញទំហឹង ដើម្បីបន្តកិច្ចខិតខំប្រឹងប្រែងបង្ក្រាបឱ្យកាន់តែស៊ីជម្រៅ ហើយទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ជាបន្តបន្ទាប់។

យោងតាមពត៌មានស្ថានទូតចិនប្រចាំនៅកម្ពុជា ប្រទេសទាំងពីរបានធ្វើមាតុភូមិនិវត្តន៍ជនជាតិចិនជាង ១២០០នាក់ ដែលពាក់ព័ន្ធនឹងល្បែងស៊ីសងឆ្លងដែន និងការឆបោកបណ្តាញអ៊ីនធឺណែត និងទូរគមនាគមន៍ឆមាសទីមួយនៃឆ្នាំ២០២៤។

នៅក្នុងកិច្ចប្រជុំបូកសរុប ស្តីពីសកម្មភាពឆ្នាំនៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់កម្ពុជា-ចិន ដែលបានធ្វើឡើងនៅក្នុងខែកញ្ញាឆ្នាំ២០២៤ លោក វ័ង ស៊ីវហុង រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈចិន និងលោក ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា បានរួមគ្នាបង្ហាញឆន្ទៈក្នុងការពង្រឹងបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់របស់ប្រទេសទាំងពីរ។ នៅពេលអនាគត យើងជឿជាក់ថា ស្ថាប័នអនុវត្តច្បាប់នៃប្រទេសកម្ពុជា និងចិន នឹងបន្តអនុវត្តតាមការឯកភាពដ៏សំខាន់របស់មេដឹកនាំនៃប្រទេសទាំងពីរ ដែលជាគោលការណ៍ណែនាំជាមូលដ្ឋាន តែងតែប្រកាន់ខ្ជាប់នូវការដឹកនាំនយោបាយ រក្សាទំនាក់ទំនងជាយុទ្ធសាស្ត្រ ទទូចលើការជឿទុកចិត្តគ្នា និងជួយគ្នាទៅវិញទៅមក បន្តរក្សាជំហរដាក់សម្ពាធខ្ពស់ប្រឆាំង នឹងឧក្រិដ្ឋកម្មឆ្លងដែនផ្សេងៗ ដូចជាល្បែងស៊ីសងតាមអនឡាញ ការឆបោកបណ្តាញទូរគមនាគមន៍ និងការជួញដូរគ្រឿងញៀន បង្កើតបរិយាកាសដែលកាន់តែមានសុវត្ថិភាព និងអំណោយផលសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍ធម្មតារបស់ប្រទេសទាំងពីរ។

ទីពីរគឺ ប្រទេសទាំងពីរសម្រេចបានសមិទ្ធិផលដ៏គួរឱ្យកត់សម្គាល់ ក្នុងការលើកកម្ពស់គោលដៅគ្មានមីនរបស់កម្ពុជា រួមចំណែកយ៉ាងសំខាន់ ក្នុងការអនុវត្តរួមគ្នានៃគំនិតផ្តួចផ្តើម សន្តិសុខពិភពលោក។ កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេស ដែលមានហានិភ័យគ្រាប់មីនធ្ងន់ធ្ងរបំផុត នៅក្នុងពិភពលោក សង្គ្រាមរាប់ទសវត្សរ៍នៅក្នុងសតវត្សចុងក្រោយនេះ បានបន្សល់ទុកគ្រាប់មីនពី ៤ទៅ៦លានគ្រាប់ និងយុទ្ធភណ្ឌមិនទាន់ផ្ទុះផ្សេងទៀត នៅក្នុងប្រទេសកម្ពុជា ដែលរារាំងដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា។ ចាប់តាំងពីឆ្នាំ១៩៩៩មក ប្រទេសចិនបានផ្តល់ជំនួយលើការបោសសម្អាតមីន រយៈពេលវែងដល់ប្រទេសកម្ពុជា ដោយរៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការបោសសម្អាតមីន បរិច្ចាគថវិកា ផ្តល់ឧបករណ៍រាវរកមីន និងឧបករណ៍បោសសម្អាតមីន ហើយបញ្ជូនអ្នកជំនាញទៅផ្តល់ការណែនាំនៅនឹងកន្លែង ប្រទេសចិនបានផ្តល់ជំនួយកម្ពុជា ក្នុងការបោសសម្អាតមីនជាង ១០០គីឡូម៉ែត្រការ៉េ បានរកឃើញ (ជីកកកាយ) មីនជាង៧៨០០០ និងផ្តល់ផលប្រយោជន៍ដល់ប្រជាជនក្នុងស្រុកជាង ១.៥លាននាក់។ ដើម្បីជួយកម្ពុជាសម្រេចបាននូវគោលដៅតំបន់គ្មានគ្រាប់មីន នៅឆ្នាំ២០២៥ ប្រទេសចិនបានផ្តល់ជំនួយថ្មីដល់កម្ពុជា កាលពីខែមករាឆ្នាំនេះ ហើយបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ថ្មី ស្តីពីកិច្ចសហប្រតិបត្តិការបោសសម្អាតមីន។

ជាមួយគ្នានេះ ប្រទេសកម្ពុជានិងចិន ក៏កំពុងរួមវិភាគទានយ៉ាងសកម្ម ក្នុងបុព្វហេតុបោសសម្អាតមីនអន្តរជាតិផងដែរ។ ចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៣ ប្រទេសកម្ពុជា និងចិន ក្នុងឋានៈជាប្រធានប្រទេសក្រុម អ្នកជំនាញការបោសសម្អាតមីន ដែលចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន បានធ្វើការជាមួយប្រទេសជាង១០ប្រទេស ដើម្បីសហការជាមួយប្រទេសជាច្រើន និងអនុវត្តការបណ្ដុះបណ្ដាលបោសសម្អាតមីន និងកម្ចាត់ជាតិផ្ទុះ ពិភាក្សាលើការកែសម្រួល «នីតិវិធីប្រតិបត្តិស្តង់ដារបោសសម្អាតមីនអាស៊ាន (សេចក្តីព្រាង)» និង «មជ្ឈមណ្ឌលបោសសម្អាតមីនអាស៊ាន» រៀបចំវេទិកាសកម្មភាពបោសសម្អាតមីន និងសកម្មភាពផ្សេងៗទៀត។

ទី៣ គឺ ប្រទេសទាំងពីរមានការជឿទុកចិត្តគ្នា និងការគោរពទៅវិញទៅមកចំពោះសន្តិសុខក្នុងតំបន់ ហើយបានខិតខំប្រឹងប្រែងឥតឈប់ឈរ ដើម្បីលើកកម្ពស់ស្ថិរភាព នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ជាខ្លាំង។ ប្រទេសកម្ពុជា និងចិនជាមិត្តដែកថែប ដែលចេះជួយគ្នាទៅវិញទៅមក និងរួមសុខទុក្ខជាមួយគ្នា។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយប្រឈមមុខនឹងស្ថានភាពពិភពលោក ដែលកំពុងមានការវិវត្តន៍យ៉ាងឆាប់រហ័ស ចំពេលមានការផ្លាស់ប្តូរសំខាន់ៗ ដែលមើលមិនឃើញក្នុងមួយសតវត្ស ភាគីទាំងពីរជឿថា ការរក្សាបាននូវសន្តិភាព និងស្ថិរភាពក្នុងតំបន់ និងការលើកកម្ពស់ការអភិវឌ្ឍន៍ និងវិបុលភាពក្នុងតំបន់ គឺជាផលប្រយោជន៍រួមរបស់ប្រទេសក្នុងតំបន់។ លើកជាឧទាហរណ៍ បញ្ហាសមុទ្រចិនខាងត្បូង កម្ពុជាបានរក្សាជំហរយុត្តិធម៌ជាយូរមកហើយ មិនត្រូវបានបង្កហេតុដោយកត្តាខាងក្រៅ ហើយបានតស៊ូមតិយ៉ាងច្បាស់ ក្នុងការរក្សាស្ថិរភាពនៅសមុទ្រចិនខាងត្បូង និងដោះស្រាយជម្លោះតាមរយៈមធ្យោបាយសន្តិវិធី។

ក្នុងដំណើរទស្សនកិច្ចរបស់លោក វ័ង អ៊ី រដ្ឋមន្ត្រីក្រសួងការបរទេសចិន មកកាន់កម្ពុជាក្នុងខែមេសា ឆ្នាំ២០២៤ កម្ពុជា និងចិនបានសង្កត់ធ្ងន់ថានឹងអនុវត្ត «សេចក្តីថ្លែងការណ៍ ស្តីពីការប្រតិបត្តិនៃភាគីនានា នៅសមុទ្រចិនខាងត្បូង» ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ជំរុញការចរចាស្តីពី «ក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូង» និងខិតខំដើម្បីឈានដល់កិច្ចព្រមព្រៀងដំបូងស្តីពី «ក្រមប្រតិបត្តិ»

សមិទ្ធិផលនេះមានសារៈសំខាន់ណាស់ សម្រាប់ការលុបបំបាត់ការជ្រៀតជ្រែកពីខាងក្រៅ និងការរក្សាសន្តិភាព និងស្ថិរភាពនៅសមុទ្រខាងត្បូង។ កងទ័ពកម្ពុជានិងចិន ក៏កំពុងជំរុញកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរវិស័យការពារជាតិ យ៉ាងសកម្មផងដែរ។ នៅខែឧសភា ឆ្នាំ២០២៤ កងទ័ពកម្ពុជានិងចិន បានធ្វើឡើងដោយជោគជ័យនូវសមយុទ្ធយោធា «នាគមាស» លើកទី៦ គឺសមយុទ្ធយោធា «នាគមាស-២០២៤» នៅក្នុងប្រទេសកម្ពុជា។ សមយុទ្ធយោធានេះ ត្រូវបានធ្វើឡើងក្នុងពេលដំណាលគ្នានៅលើដី និងសមុទ្រ ដោយមានប្រធានបទ «ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការជួយសង្គ្រោះមនុស្សធម៌»។ វាមិនត្រឹមតែជួយពង្រីកការផ្លាស់ប្តូរ ផ្នែកយោធារបស់ប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងរួមចំណែកជាវិជ្ជមាន ដល់ការធ្វើឱ្យជំនឿទុកនយោបាយរវាងចិន និងអាស៊ានស៊ីជម្រៅ និងរួមចំណែកក្នុងការថែរក្សាសន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ៕

ដោយ៖ លោក Li Yang គ្រូបង្រៀននៅមហាវិទ្យាល័យម៉ាក្សនិយមនៃសាកលវិទ្យាល័យខេត្តយូណាន
បកប្រែដោយ៖ Zhou Zili អ្នកគ្រូបង្រៀនភាសាខ្មែរនៅវិទ្យាស្ថានភាសា និងវប្បធម៌ចិនយូណាននៃសាកលវិទ្យាល័យខេត្តយូណាន

លោក៖ Li Yang