(ស្វាយរៀង)៖ រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤-១៥ និងទី១៦ ខែមេសា ឆ្នាំ២០២៥ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ គ.ស ២០២៥ មានភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋមកលេងកម្សាន្តនៅតាមគោលដៅទេសចរណ៍សំខាន់ៗ និងកម្មវិធី សង្ក្រាន្តនានាក្នុងខេត្តស្វាយរៀង មានចំនួនមានចំនួន ៦៦០,៦៩៤នាក់ ក្នុងនោះទេសចរបរទេសចំនួន ៧,២៥៦នាក់។
រយៈពេល៣ថ្ងៃនេះដែរកម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថ និងកម្លាំងអាជ្ញាធរអ្នកពាក់ព័ន្ធទាំងអស់ក្នុងខេត្តស្វាយរៀង បានចូលរួមការពារ និងពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់យ៉ាងល្អប្រសើរ។
ឆ្លៀតក្នុងឱកាសនេះរដ្ឋបាលខេត្តស្វាយរៀ ងមានកិត្តិយសសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមលេងកម្សាន្តយ៉ាងច្រើនកុះករក្នុងព្រឹត្តិការណ៍សង្ក្រាន្តស្វាយរៀងរយៈពេល៣ថ្ងៃនេះ ដែលធ្វេីឲ្យពិធីនេះប្រព្រឹត្តទៅកាន់តែមានភាពអធិកអធមក្រៃលែង។
ទន្ទឹមនេះ រដ្ឋបាលខេត្តក៏សូមសម្ដែងនូវការអរគុណ និងថ្លែងនូវការកោតសរសើរជូនចំពោះ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្រុមគ្រូពេទ្យ នៃមន្ទីរសុខាភិបាលខេត្ត អាជ្ញាធរក្រុងស្វាយរៀង ក្រុមហ៊ុនវឌ្ឍនៈ ជាពិសេសក្រុមការងារយុវជន នៃសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ដែលបានសហការរៀបចំ រក្សាការពារនូវសន្តិសុខ សុវត្ថិភាព និងចូលរួមថែរក្សាអនាម័យបរិស្ថានបានយ៉ាងល្អប្រសើរ បង្កបរិយាកាសសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋ និងធ្វើឱ្យកម្មវិធីទាំងមូលដំណើរការទៅបានដោយរលូន ប្រកបដោយភាពជោគជ័យ តាំងពីដើមរហូតដល់ចុងបញ្ចប់។
សូមបញ្ជាក់ថា រដ្ឋបាលខេត្តស្វាយរៀង ដោយមានការសហការគាំទ្រពីក្រុមហ៊ុន វិស័យឯកជនបានរៀបចំកម្មវិធី «សង្ក្រាន្តស្វាយរៀង» នៅទីតាំងរង្វង់មូលវិមានឯករាជ្យ ក្រុងស្វាយរៀងដើម្បីបង្កើតភាពអ៊ូអរ និងបង្កបរិយាកាសសប្បាយរីករាយ ជូនបងប្អូនប្រជាពលរដ្ឋបានចូលរួមទស្សនាលេងកម្សាន្ត និងចូលរួម អបអរសាទរទទួលអំណរពរជ័យបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ គ.ស.២០២៥។
កម្មវិធីនេះ នឹងរៀបចំចាប់ពីម៉ោង១០៖០០នាទីព្រឹកតទៅ ជារៀងរាល់ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៥ ដោយមានកម្មវិធីកម្សាន្តសប្បាយជាច្រើនដូចជា កម្មវិធីលេងល្បែងប្រជាប្រិយ ការដាក់តាំងបង្ហាញផលិតផលនានា កម្មវិធីប្រគំតន្ត្រីខ្នាតធំដោយ មានការចូលរួមពីសិល្បករ សិល្បការិនីល្បីៗនៅក្នុងប្រទេស និងការបាញ់ទឹក ការរាំលេងកម្សាន្ត រួមនឹងកម្មវិធីកម្សាន្តសប្បាយៗជាច្រើនផ្សេងទៀត។
ជាមួយគ្នានេះ ដើម្បីចូលរួមអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឱ្យកាន់តែមានភាព អធិកអធម នៅតាមបណ្តាក្រុង ស្រុក ក៏មានរៀបចំកម្មវិធីសង្ក្រាន្តឆ្នាំថ្មីនៅតាមទីតាំង សំខាន់ៗ មួយចំនួនដូចជា រមណីយដ្ឋាន ទីប្រជុំជន និងវត្តអារាម តាមភូមិ សម្រាប់បងប្អូនប្រជាពលរដ្ឋចូលរួមលេងកម្សាន្តផងដែរ៕