(កោះកុង)៖ រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤-១៥ និងទី១៦ ខែមេសា ឆ្នាំ២០២៥ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ គ.ស ២០២៥ ខេត្តកោះកុង ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេងកម្សាន្ត  តាមរមណីយដ្ឋាននានាទូទាំងខេត្តមានចំនួន ៣៣០,០០០នាក់។

ក្នុងចំណោមនោះភ្ញៀវទេសចរជាតិចំនួន ៤៦,៨៤៦នាក់ កើនឡើង ២៧,៥២៦នាក់ ស្មើនឹង១៤២% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤, ភ្ញៀវទេសចរបរទេសចំនួន ២,៤២៣នាក់ កើនឡើង១,៦០២នាក់ ស្មើនឹង១៩៥% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤។ ចំនួន៤៩,២៦៩នាក់ កើនឡើង២៩,១២៨នាក់ ស្មើនឹង១៤៤% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤។

រយៈពេល៣ថ្ងៃនេះដែរកម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថ និងកម្លាំងអាជ្ញាធរអ្នកពាក់ព័ន្ធទាំងអស់ក្នុងខេត្តកោះកុង បានចូលរួមការពារ និងពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់យ៉ាងល្អប្រសើរ។

ឆ្លៀតក្នុងឱកាសនេះរដ្ឋបាលខេត្តកោះកុង មានកិត្តិយសសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមលេងកម្សាន្តយ៉ាងច្រើនកុះករ ព្រឹត្តិការណ៍ចូលឆ្នាំថ្មី រយៈពេល៣ថ្ងៃនេះប្រព្រឹត្តទៅកាន់តែមានភាពអធិកអធមក្រៃលែង៕