(ពោធិ៍សាត់)៖ រយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពស.២៥៦៨ គិតចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៥ ខេត្តពោធិ៍សាត់ ទទួលបានភ្ញៀវទេសចរ សរុបប្រមាណ ១៧៤,៤១៧នាក់ ក្នុងនោះទេសចរជាតិ ចំនួន ១៧៤,៣៥១នាក់ និងទេសចរបរទេស ចំនួន៦៦នាក់ បើប្រៀបធៀបនឹងឆ្នាំមុន ភ្ញៀវមានការកើនឡើងជាងឆ្នាំ២០២៤ ចំនួន ១៥,០៩%។

ប្រភពពីមន្ត្រីជំនាញ នៃមន្ទីរទេសចរណ៍ ខេត្តពោធិ៍សាត់ បានបញ្ជាក់ប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តពោធិ៍សាត់ ឱ្យដឹងថា ស្ថិតិភ្ញៀវទេសចរ ក្នុងខេត្តពោធិ៍សាត់ នាឱកាសថ្ងៃបញ្ចប់ពិធីបុណ្យចូលឆ្នាំ ថ្ងៃទី៣ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ម្សិលមិញ មានភ្ញៀវទេសចរ សរុបចំនួន១៤,២៥២នាក់ ក្នុងនោះភ្ញៀវទេសចរជាតិ ចំនួន១៤,២៣៥នាក់ និងភ្ញៀវបរទេស ចំនួន១៧នាក់។

ប្រភពបានបន្ថែមថា ទីកន្លែងដែលភ្ញៀវទេសចរ និយម និងចូលចិត្តទៅលេងកម្សាន្ដច្រើនជាងគេ រួមមានទី១៖ ទីតាំងសង្ក្រាន្តកោះសំពៅមាស, សង្ក្រាន្តមុខសាលាខេត្តពោធិ៍សាត់, ទី២៖ ភ្នំ១៥០០, សង្ក្រាន្តវាលវែង, ទី៣៖ រមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង, ទី៤៖ ផ្លូវជាតិលេខ១០ ឃុំអូរសោម ស្រុកវាលវែង, ទី៥៖ បូជនីយដ្ឋាន ឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ, ទី៦៖ រមណីយដ្ឋានល្បាក់កំរោញ នៅស្រុកភ្នំក្រវាញ, ទី៧៖ សង្ក្រាន្តវត្តបាកាន និងតំបន់កម្សាន្តមួយចំនួនទៀត ក្នុងស្រុកក្រគរ ស្រុកភ្នំក្រវាញ និងស្រុកវាលវែង។

ប្រភពក៏បានបញ្ជាក់ពីការថយចុះ ចំនួនភ្ញៀវទេសចរ នៅរមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង ដោយសារឆ្នាំនេះភ្ញៀវទេសចរបានបង្វែរទៅដើរលេង នៅសង្ក្រាន្តក្នុងទីប្រជុំជន។ ដោយឡែកទេសចរដែលនិយម ទៅភ្នំ១៥០០ (ផ្លូវបុប្ផាលាក់ខ្លួន) ស្រុកវាលវែង ក៏បង្វែរទៅផ្លូវជាតិលេខ១០ ដែលទើបនឹងស្ថាបនារួច ពិសេសទៅឃុំអូរសោម និងបន្តទៅខេត្តកោះកុង ព្រមទាំងគយគន់ទេសភាពធម្មជាតិប្លែកៗផងដែរ។

ឆ្លៀតក្នុងឱកាសនេះ រដ្ឋបាលខេត្តពោធិ៍សាត់ មានកិត្តិយសសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមលេងកម្សាន្តយ៉ាងច្រើនកុះករ ក្នុងព្រឹត្តិការណ៍សង្ក្រាន្តចូលឆ្នាំថ្មី រយៈពេល៣ថ្ងៃយ៉ាងអធិកអធម ដោយមានការការពារ ពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់ បានយ៉ាងល្អប្រសើរ៕