(ឧត្តរមានជ័យ)៖ ​ទោះបីពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្ភស័ក ព.២៥៦៩ គ.ស២០២៥ បានកន្លងផុតទៅ និងបង្កប់ដោយភាពសប្បាយរីករាយដល់ប្រជាពលរដ្ឋគ្រប់ៗរូបក៏ដោយ ក៏ប្រជាពលរដ្ឋម្នាក់ៗ នៅតែដក់ជាប់ក្នុងចិត្តមិនអាចបំភ្លេចបាន ពីទិដ្ឋភាពដ៏សប្បាយរីករាយជួបជុំគ្រួសារក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីនេះ ពិសេសការរៀបចំតុបតែងលម្អរបស់ថ្នាក់ដឹកនាំ តាមទីតាំងសំខាន់ៗក្នុងពិធីចូលឆ្នាំ។

ស្ថិតនៅលើរថយន្តក្រុង ពេលវិលត្រឡប់ទៅរាជធានីភ្នំពេញវិញ នាព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥នេះ ប្រជាពលរដ្ឋបានបញ្ជាក់ថា កម្មវិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំម្សាញ់ ២០២៥នេះ នៅខេត្តឧត្តរមានជ័យ សប្បាយខ្លាំងណាស់ សូម្បីតែតន្ត្រីស្គរពក ក៏មានមនុស្សច្រើនជាងការប្រគុំតន្ត្រីស្រុកស្រែដែរ ពិសេសគឺលោក មាន ចាន់យ៉ាដា អភិបាលខេត្ត​ឧត្តរមានជ័យ​ បានរៀបចំតុបតែងកម្មវិធីសង្ក្រានបានស្អាត និងល្អជាងឆ្នាំទៅ ដូចជាកន្លែងពូនភ្នំខ្សាច់ កន្លែងតាំងពិពណ៍ និងកន្លែងផ្សេងៗជាច្រើនទៀត សុទ្ធតែស្អាត និងមានភាពទាក់ទាញដែរ។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ដែលជាថ្ងៃបញ្ចប់នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ អាជ្ញាធរខេត្តឧត្តរមានជ័យ បានបញ្ចេញរថយន្ត ទៅធ្វើការដឹកជញ្ជូនពលរដ្ឋ​មកពីតាមស្រុកនានា​ឆ្ពោះមកខេត្តឧត្តរមានជ័យ ដើម្បីធ្វើដំណើរបន្តទៅរាជធានីភ្នំពេញ តាមរថយន្តក្រុងរបស់សាលារាជធានីភ្នំពេញដោយមិនអស់ប្រាក់៕