(ភ្នំពេញ​)៖​ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានអនុគណៈកម្មាធិការដើម្បីរៀបចំវាយតម្លៃរបាយការណ៍សិក្សាសមិទ្ធិលទ្ធភាព និងរៀបចំចរចាកិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជន នៃគម្រោងព្រែកជីកហ្វូណនតេជោ នាព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតី និងជាហត្ថលេខី ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងកិច្ចសន្យាចំនួន ៥ ពាក់ព័ន្ធនឹងគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ (គម្រោងព្រែកជីកហ្វូណនតេជោ​)​ រួមជាមួយលោក Wang Tong Zhou ប្រធានក្រុមហ៊ុនសំណង់គមនាគមន៍ចិន (China Communications Construction Company – CCCC) ។

ពិធីនេះក៏មានការចូលរួមពីលោករដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍អនុគណៈកម្មាធិការ​ និងសមាជិក សមាជិកា នៃអនុគណៈកម្មាធិការ, ថ្នាក់ដឹកនាំក្រុមហ៊ុន CRBC, ថ្នាក់ដឹកនាំក្រុមហ៊ុន CCCC, និងភាគីពាក់ព័ន្ធ ជាច្រើនរូបផងដែរ។

កិច្ចព្រមព្រៀង និងកិច្ចសន្យាទាំង ៥ ពាក់ព័ន្ធនឹងគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ ដែលត្រូវបានប្រារព្ធពិធីចុះហត្ថលេខាកាលព្រឹកម្សិលមិញនេះរួមមានដូចជា៖ (១) កិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជន ដែលមានលោក​ ស៊ុន ចាន់ថុល ដោយទទួលបានសិទ្ធប្រទានធ្វើជាតំណាងភាគីរាជរដ្ឋាភិបាលកម្ពុជា ចុះហត្ថលេខាជាមួយលោក​ អៀង ស៊ុនលី តំណាងក្រុមហ៊ុនហ្វូណនតេជោ ខូសថល-អ៊ីនឡេន វ័រធើវេយ ឯ.ក (២)កិច្ចព្រមព្រៀងម្ចាស់ភាគហ៊ុន, (៣) កិច្ចព្រមព្រៀងវិនិយោគ, (៤) កិច្ចសន្យាវិស្វកម្មលទ្ធកម្ម និងសាងសង់ និង (៥) កិច្ចសន្យាប្រតិបត្តិការ និងការថែទាំ។

អនុវត្តក្រោមការឯកភាពដ៏សំខាន់ ដែលសម្រេចបានរវាងប្រមុខដឹកនាំនៃប្រទេសទាំងពីរ កម្ពុជា-ចិន គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ នេះគឺជាការជំរុញកិច្ចសហប្រតិបត្តិការប្រកបដោយគុណភាពក្រោមគំនិតផ្តួចផ្តើម «ខ្សែក្រវ៉ាត់ និងផ្លូវ» ក៏ដូចជាក្របខ័ណ្ឌ «កិច្ចសហប្រតិបត្តិការត្បូងពេជ្រ» ដែលនឹងធ្វើឱ្យប្រសើរឡើងនូវការកសាងសហគមន៍ជោគវាសនារួមគ្នា កម្ពុជា-ចិន នៅក្នុងយុគសម័យថ្មី ហើយត្រូវបានរំពឹងទុកថានឹងចូលរួមជំរុញយ៉ាងខ្លាំងនូវវិស័យនានា ដែលទាក់ទងនឹងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ។

គម្រោងនេះគឺជាការបោះជំហានដ៏សំខាន់មួយក្នុងការកែប្រែមុខមាត់កម្ពុជា នៅក្នុងវិស័យនាវាចរណ៍ ក៏ដូចជាការដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវសមុទ្រ។ ផ្លូវទឹកមួយខ្សែនេះនឹងតភ្ជាប់ប្រព័ន្ធទន្លេមេគង្គ និងផ្លូវសមុទ្រ ចាប់ពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ក្នុងស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ហើយត្រូវបានរចនាឡើងដើម្បីផ្ទុកនាវាដែលមានទម្ងន់រហូតដល់ ៣ ០០០ DWT។

ការងារស្ថាបនាហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធនឹងគម្រោងនេះរួមមាន៖ ការងារស្តារទន្លេ, ការងារជីកប្រឡាយ, ការសាងសង់ស្ថានីយជលសាស្ត្រសន្ទះផ្លូវទឹក, ការសាងសង់ទំនប់ការពារច្រាំងទន្លេ, ការសាងសង់ជម្រាលជើងទេរ និងហេដ្ឋារចនាសម្ព័ន្ធជំនួយដល់វិស័យនាវាចរណ៍ផ្សេងៗទៀត។ គម្រោងនេះនឹងបង្កើតបណ្តាញផ្លូវទឹកក្នុងស្រុកមួយដែលមានភាពសព្វជ្រុងជ្រោយ ព្រមទាំងចូលរួមបំពេញបន្ថែមនូវចន្លោះប្រហោងមួយចំនួននៅក្នុងប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជានាពេលបច្ចុប្បន្ន និងបង្កើនសុវត្ថិភាពនៃការដឹកជញ្ជូនតាមផ្លូវទឹកផងដែរ។

នៅពេលគម្រោងនេះបញ្ចប់ការស្ថាបនាជាស្ថាពរ រំពឹងថានឹងចូលរួមលើកកម្ពស់ការតភ្ជាប់, ពន្លឿនការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន, និងរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាពនៃទំនាក់ទំនង និងការធ្វើពាណិជ្ជកម្មប្រកបដោយប្រសិទ្ធភាពនិងភាពងាយស្រួល រវាងកម្ពុជាទៅកាន់តំបន់នានាដែលជាដៃគូពាណិជ្ជកម្ម និងសេដ្ឋកិច្ចរបស់ខ្លួន។

លើសពីការដឹកជញ្ជូន គម្រោងនេះរួមបញ្ចូលការគ្រប់គ្រងធនធានទឹក ប្រព័ន្ធធារាសាស្រ្ត និងកសិកម្ម ដែលមានចក្ខុវិស័យឆ្ពោះទៅមុខ ហើយត្រូវបានរំពឹងថានឹងបង្កើនផលិតភាពកសិកម្មតាមបណ្តោយខ្សែផ្លូវទឹកមួយនេះ។ បន្ថែមពីនេះ វាក៏នឹងជំរុញការធ្វើសមាហរណកម្មនៃវិស័យសំខាន់ៗ នៅទូទាំងកម្ពុជា ទៅកាន់តំបន់ និងពិភពលោក ជាអាទិ៍រួមមាន៖ ឧស្សាហកម្ម, កសិកម្ម, ភស្តុភារកម្ម, និងវិស័យកំពង់ផែ៕