(ភ្នំពេញ)៖ យោងតាមតារាងស្ថិតិ និងចំនួនការិយាល័យបោះឆ្នោតប៉ាន់ស្មានសម្រាប់ការអនុវត្តផែនការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៥ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឱ្យដឹងថា តាមការប៉ាន់អ្នកចុះឈ្មោះថ្មី មានចំនួន ២២០,៥៥៣នាក់ ខណៈអ្នកដែលត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន៥៥,៩០៤នាក់។
ថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥នេះ លោក ជឺ ចំណាន អនុប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងការរៀបចំការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត គឺជាដំណើរការនៃការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត តាមគោលការណ៍ប្រព័ន្ធបញ្ជីបោះឆ្នោតអចិន្ត្រៃយ៍ ដូចដែលយើងបានធ្វើជារៀងរាល់ឆ្នាំ។
ដោយចាប់ផ្តើមពីឆ្នាំ២០២៥នេះតទៅ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត បានបន្ថែមចំណុចសំខាន់ថ្មីមួយ គឺការធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ (រូបថត និងស្នាមម្រាមដៃ) ក្នុងបញ្ជីបោះឆ្នោត សម្រាប់អ្នកដែលបាន ចុះឈ្មោះបោះឆ្នោតក្នុងរយៈពេលយ៉ាងតិច ១០ឆ្នាំ ស្របតាមច្បាប់ស្តីពីការបោះឆ្នោតជាធរមាន ដើម្បីធានាឱ្យបញ្ជីបោះឆ្នោតមានគុណភាពខ្ពស់ មានភាពពេញលេញ ត្រឹមត្រូវ និងបច្ចុប្បន្នភាព ដោយធានាបាននូវការសម្ងាត់ សន្តិសុខ និងសុវត្ថិភាពទិន្នន័យអត្តសញ្ញាណរបស់អ្នកបោះឆ្នោត។
នៅមុនបើកដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ គ.ជ.ប នឹងធ្វើការផ្សព្វផ្សាយជាសាធារណៈនូវបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២៤ តាមមធ្យោបាយដូចតទៅក្រុមប្រឹក្សាឃុំ សង្កាត់ (កបឃ.ស) ត្រូវបិទផ្សាយនៅតាមសាលាឃុំ សង្កាត់ និងនៅទីប្រជុំជនណាមួ យក្នុងឃុំ សង្កាត់យ៉ាងតិច ១០ថ្ងៃ មុនពេលចាប់ផ្តើម ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតហើយក្នុងឆ្នាំនេះការបិទផ្សាយត្រូវធ្វើនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ នុងផ្សព្វផ្សាយនៅលើអាសយដ្ឋានវេប គ.ជ.ប voterlist.nec.gov.kh និងកម្មវិធីទូរសព្ទឆ្លាត (Mobile App) NECKH។
លោកបានបន្តថា ការបិទផ្សាយបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២៤ មានគោលបំណងឱ្យប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត មកពិនិត្យ និងផ្ទៀងផ្ទាត់ឈ្មោះ និងទិន្នន័យ របស់ខ្លួនឡើងវិញ។ ប្រសិនបើទិន្នន័យក្នុងបញ្ជីបោះឆ្នោតមិនត្រឹមត្រូវតាមទិន្នន័យក្នុងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលមានសុពលភាព សាមីខ្លួនអាចស្នើសុំកែតម្រូវទិន្នន័យជីវប្រវត្តិ (ឈ្មោះ ភេទ ថ្ងៃខែឆ្នាំ-កំណើត) ឬអាចប្តូរការិយាល័យបោះឆ្នោតក្នុងឃុំ សង្កាត់ ឬផ្លាស់ប្តូរឯកសារចុះឈ្មោះបោះឆ្នោត ឬចំពោះអ្នកចុះឈ្មោះបោះឆ្នោតក្នុងឆ្នាំ២០១៦ ដែលមិនធ្លាប់បានធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ (រូបថត និងស្នាមម្រាមដៃ) ក្នុងរយៈពេលយ៉ាងតិច ១០ឆ្នាំសាមីខ្លួនអាចស្នើសុំកែតម្រូវជាមួយក្រុមចុះឈ្មោះ បោះឆ្នោ ត តាមឃុំ សង្កាត់ដែលខ្លួនកំពុងរស់នៅ ក្នុងអំឡុងពេលពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ ដូចបានជម្រាបជូនខាងលើ។
ការស្រង់ស្ថិតិប្រជាពលរដ្ឋនេះទៀតសោតក៏មានគោលបំណងកំណត់ និងប៉ាន់ស្មានចំនួនអ្នកដែលមិនទាន់បានចុះឈ្មោះបោះឆ្នោតទាំងអស់ និងចំនួនអ្នកដែលអាចមកសុំចុះឈ្មោះបោះឆ្នោត ក្នុងអំឡុងពេលនៃការចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់ ដើម្បីឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ ទទួលបានលទ្ធផលល្អតាមការរំពឹងទុក។
ផ្តើមចេញពីកិច្ចសហប្រតិបត្តិការល្អជាមួយអាជ្ញាធរ និងក្រសួង ស្ថាប័នពាក់ព័ន្ធ និងដោយមានកិច្ចខិតខំប្រឹងប្រែងពីមន្រ្តីលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់នៅទូទាំងប្រទេស គ.ជ.ប បានទទួលលទ្ធផលល្អក្នុងការស្រង់ស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មាន សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥នេះ ដែលក្នុងនោះប្រជាពលរដ្ឋមានអាយុចាប់ពី ១៨ឆ្នាំឡើងមានចំនួន ១១.២២៩.០៤៩នាក់ ក្នុងនោះស្រ្តីមានចំនួន ៥.៨០៤.១៣៦នាក់, ប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២៤ មានចំនួន ៩.៩៩២.៤២១នាក់, ចំនួនប្រជាពលរដ្ឋប៉ាន់ស្មាន ដែលអាចមកចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០២៥ មានចំនួន ២២០.៥៥៣នាក់, ចំនួនអ្នកដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតមានចំនួន ៥៥.៩០៤នាក់ ចំនួនការិយាល័យបោះឆ្នោតប៉ាន់ស្មាន ឆ្នាំ២០២៥ មានចំនួន ២៤.២៣១ ការិយាល័យ។
លោកបានបញ្ជាក់ថា ចាប់ពីឆ្នាំ២០២៥នេះតទៅ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត បានបន្ថែមចំណុចសំខាន់ថ្មីមួយ គឺការធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ លើរូបថត និ ងស្នាមម្រាមដៃ ក្នុងបញ្ជីបោះឆ្នោត សម្រាប់អ្នកដែលបានចុះឈ្មោះបោះឆ្នោតក្នុងរយៈពេលយ៉ាងតិច១០ឆ្នាំ ស្របតាមច្បាប់ស្តីពីការបោះឆ្នោតជាធរមាន ដើម្បីធានាឱ្យបញ្ជីបោះឆ្នោតមានគុណភាពខ្ពស់ មានភាពពេញលេញ ត្រឹមត្រូវ និងបច្ចុប្បន្នភាព ដោយធានាបាននូវការសម្ងាត់ សន្តិសុខ និងសុវត្ថិភាពទិន្នន័យអត្តសញ្ញាណរបស់អ្នកបោះឆ្នោត។
គិតត្រឹមថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ គ.ជ.ប តាមរយៈលេខាធិការដ្ឋានរាជធានី-ខេត្ត រៀបចំការបោះឆ្នោត (លធ.ខប) ដែលសហការអនុវត្ត ដោយផ្ទាល់ជាមួយអាជ្ញាធរឃុំ សង្កាត់ ជាពិសេសមេភូមិ បានចុះចែកលិខិតអញ្ជើ ញ ជូន ដល់ ប្រជាពលរដ្ឋបាន ជាង៦លាន៣២ម៉ឺននាក់ ស្មើនឹង ៦៣,៣៣ភាគរយ នៃចំនួនលិខិតអញ្ជើញ ដែល គ.ជ.ប បាន បោះពុម្ព។ ការងារចុះចែកលិខិតអញ្ជើញនេះនៅតែបន្តរហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ខណៈការចុះឈ្មោះបោះឆ្នោត និងការធ្វើបច្ចុប្បន្នភាពទៅលើបញ្ជីបោះឆ្នោត ចាប់អនុវត្តន៍ពីថ្ងៃទី១ ដល់ថ្ងៃទី២៦ ខែឧសភា៕