(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានផ្ញើសារលិខិតជូនពរ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងឱកាសចម្រើនជន្មាយុ នាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥។
នៅក្នុងសារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានលើកឡើងដូច្នេះថា៖
ខ្ញុំ និងភរិយា សូមសម្តែងនូវមនោសញ្ចេតនាសប្បាយរីករាយ ចូលរួមអបអរសាទរដោយសេចក្ដីរាប់អានដ៏ជ្រាលជ្រៅ ក្នុងឱកាសចម្រើនជន្មាយុប្រកបដោយពរជ័យសិរីមង្គលមហាប្រសើររបស់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត នាថ្ងៃសៅរ៍ ៧រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥។
ខ្ញុំសូមសម្តែងនូវការកោតសរសើរចំពោះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ដែលជាឥស្សរជនស្នេហាជាតិ ស្នេហាប្រជាជនដ៏ស្មោះស្ម័គ្រ ដែលនាពេលកន្លងមកតែងខិតខំប្រឹងប្រែងតស៊ូព្យាយាមអស់ពីកម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី ចូលរួមចំណែកកសាងច្បាប់ ដើម្បីជាឧត្តមប្រយោជន៍ដល់សង្គមជាតិ បង្កើតនូវស្នាដៃ និងសមិទ្ធផលគួរឱ្យស្ញប់ស្ញែងបំផុត នាំមកនូវសុខសន្តិភាព ស្ថិរភាព ឯកភាពជាតិ និងការអភិវឌ្ឍជាតិលើគ្រប់វិស័យ។
នាឱកាសដ៏ប្រសើរថ្លៃថ្លានេះ ខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមី ខ្លាំងក្លានៃវត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយបីបាច់ ថែរក្សាប្រទានពរជ័យ សិរីសួស្តី ជ័យមង្គលគ្រប់ប្រការជូនឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី សូមបានប្រកបដោយពុទ្ធពរ និងពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ៕