(ភ្នំពេញ)៖ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនបានបង្ហាញការពេញចិត្ត ចំពោះលទ្ធផលផ្លែផ្កា ដែលបានមកពីដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់ឯកឧត្តមស៊ីជីនពីង ប្រធានាធិបតីចិននៅកម្ពុជាក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ។

លោកបណ្ឌិតជាមុនីឫទ្ធិបានមានប្រសាសន៍ថា លទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តមប្រធានាធិបតីចិននៅកម្ពុជា រយៈពេល២ថ្ងៃចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី៨ ខែមេសានេះ បានគូសរំលេចយ៉ាងច្បាស់ថាភាគីទាំងពីរ កម្ពុជានិងចិន ដែលតែងឈរជាប់ជានិច្ចលើគោលការណ៍សមភាព និងបើកចំហកាន់តែទូលាយនៃទីផ្សារពាណិជ្ជកម្ម ព្រមទាំងគោរពផ្តល់តម្លៃគ្នា ទៅវិញទៅមកលើមាគ៌ាអភិវឌ្ឍរៀងៗខ្លួន ដោយឈរលើកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងឈរយ៉ាងរឹងមាំលើកិច្ចកសាង សហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី គ្រប់រដូវកាលថែមទៀតផង ដែលក្នុងនោះរួមមាន៖

សំឡេង៖ « ១- ការកែលម្អសេដ្ឋកិច្ចនៅនឹងមូលដ្ឋានដូចជាតំបន់សេដ្ឋកិច្ចពិសេស ខេត្តព្រះសីហនុជាទឡ្ហីករណ៍ស្រាប់ ក្នុងការបង្កើតការងារថ្មីសម្រាប់យុវជន ការជំរុញល្បឿន នៃសហគ្រាសធុនតូចនិងមធ្យមនិងការវិនិយោគក្នុងស្រុក។ ២- ការចូលរួមចែករំលែកបច្ចេកវិទ្យា តាមរយៈយន្តការដែលមានស្រាប់ ដែលបានឯកភាពលើ «ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា» ដើម្បីជំរុញបន្ថែមការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ដោយផ្តល់ជូនដល់ប្រជាជនកម្ពុជាទទួលបានជំនាញ តាមរយៈការបណ្ដុះបណ្ដាល និងការផ្ទេរបច្ចេកវិទ្យាពីចិនមកកម្ពុជា ដូចជាគម្រោងកសិកម្មឆ្លាតវៃ ថាមពលកកើតឡើងវិញ និងផែនការហេដ្ឋារចនាសម្ព័ន្ធដោយប្រើប្រាស់បច្ចេកវិទ្យា។ ៣- ការលើកស្ទួយតួនាទីអន្តរជាតិរបស់កម្ពុជា ដែលតាមរយៈដំណើរទស្សនកិច្ចនេះ ពិភពលោកនឹងបានឃើញកាន់តែច្បាស់ថាកម្ពុជាគឺជាមជ្ឈមណ្ឌលសហការនយោបាយ និងសេដ្ឋកិច្ចពហុប៉ូលដែលនឹងបង្កើនភាពទាក់ទាញ សម្រាប់វិនិយោគពីបរទេសថែមទៀត។»

នៅក្នុងឱកាស ដំណើរទស្សនកិច្ចរបស់ឯកឧត្តមស៊ីជីនពីងនេះ ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន បានសម្រេចព្រមព្រៀង និងផ្លាស់ប្តូរឯកសារជាផ្លូវការ សរុបចំនួន ៣៧ ។ កិច្ចព្រមព្រៀង ទាំងនោះគឺគ្របដណ្តប់លើ វិស័យសំខាន់ៗចំនួនរួមមាន៖ ការវិនិយោគ ពាណិជ្ជកម្ម អប់រំ ហិរញ្ញវត្ថុ វិស័យព័ត៌មាន ការងារយុវជន កសិកម្ម សុខាភិបាល ធនធានទឹក ទេសចរណ៍ កិច្ចការនារី និងវិស័យផ្សេងទៀត៕

វិទ្យុមិត្តភាពកម្ពុជាចិន