(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងជាប្រធានគណៈបញ្ជាការដឹកនាំ អនុវត្តផែនការការពារ បានផ្ញើសារថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការនៃបញ្ជាការដ្ឋានអង្គរក្ស គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្ត អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងគ្រប់ប្រភេទ នៃគណៈបញ្ជាការដឹកនាំអនុវត្តផែនការការពារ ដែលបានសហការបំពេញភារកិច្ច យ៉ាងខ្ជាប់ខ្ជួនក្នុងការពង្រឹងសន្តិសុខ របៀបរៀបរយ នៃដំណើរការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត និងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៥ ព្រមទាំងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក XI JINPING ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី១៧-១៨ ខែមេសា ឆ្នាំ២០២៥ ឲ្យប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាពទាំងស្រុង។

នាយឧត្តមសេនីយ៍ ស ថេត បានបញ្ជាក់ថា ការយកចិត្តទុកដាក់ចង្អុលដឹកនាំ និងចូលរួមអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវរបស់លោក លោកស្រី ក្នុងការពង្រឹងវិធានការសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម គឺជាសក្ខីកម្មឆ្លុះបញ្ចាំងអំពីស្មារតីទទួលខុសត្រូវ ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលធ្វើឲ្យព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះសម្រេចបានជោគជ័យយ៉ាងត្រចះត្រចង់។ សកម្មភាពដ៏ឧត្ដុង្គឧត្តមទាំងនេះបានបង្ហាញនូវសុឆន្ទៈ មនសិការចូលរួមលើកស្ទួយកិត្តិយស និងកិត្យានុភាពជាតិ នៅលើឆាក់អន្តរជាតិ។

ក្នុងនាមអគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងក្នុងនាមប្រធានគណៈបញ្ជាការដឹកនាំអនុវត្ត ផែនការការពារ នាយឧត្តមសេនីយ៍ ស ថេត បានថ្លែងនូវការកោតសរសើរដោយស្មោះ និងជូនពរលោក លោកស្រី សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន សម្រេចបានជោគជ័យគ្រប់បេសកកម្មដែលរាជរដ្ឋាភិបាល ប្រគល់ជូនព្រមទាំងទទួលបាននូវពុទ្ធពរ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕