(ភ្នំពេញ)៖ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានអញ្ជើញដឹកនាំគណៈប្រតិភូថ្នាក់ដឹកនាំឥស្លាមកម្ពុជា ចូលរួមរំលែកមរណទុក្ខ ដល់ក្រុមគ្រួសារ សម្តេច TUN Abdullah Ahmad Badawi អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីទី៥ ដែលបានទទួលមរណភាព កាលពីថ្ងៃទី ១៤ ខែមេសា ឆ្នាំ២០២៥កន្លងទៅ។

ការអញ្ជេីញចូលរួមរំលែកមរណទុក្ខនេះ​ ធ្វេីឡេីងនៅរសៀល​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ២០២៥ នៅស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា រាជធានីភ្នំពេញ។

ទេសរដ្ឋមន្ត្រី ថ្នាក់ដឹកនាំឥស្លាមកម្ពុជា ក៏ដូចជាសហគមន៍ឥស្លាមកម្ពុជា នឹងចងចាំនូវទង្វើរកុសលរបស់សម្តេច Tun Abdullah Ahmad Badawi ដែលបានចូលរួមចំណែកក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសម៉ាឡេស៊ី និងបានរួមចំណែកជាច្រើនក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងម៉ាឡេស៊ីនិយាយជារួម និងការជួយអភិវឌ្ឍន៍សហគមន៍ខ្មែរឥស្លាមនិយាយដោយឡែក។

សូមទូអារសុំពីអល់ឡោះជាម្ចាស់ សូមផ្តល់នូវការអភ័យទោស ផ្តល់នូវក្តីមេត្តាករុណា និងផ្តល់នូវឋានសួគ៌ាជូនចំពោះសម្តេច Tun Abdullah Ahmad Badawi។ សូមអល់ឡោះផ្តល់នូវភាពរឹងមាំ និងភាពអត់ធ្មត់ជូនចំពោះក្រុមគ្រួសារសម្តេចចំពោះការបាត់បង់ដ៏ធំធេងនេះ៕