(ភ្នំពេញ)៖ ក្រុមជ្រុលនិយម នាប៉ុន្មានខែកន្លងមកនេះ បានព្យាយាមឃោសនាបោកបញ្ឆោតសាធារណជន ដោយអះអាងថា នយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា កំពុងរសាត់ឆ្ងាយពីប្រទេសចិន និងបន្ថែមថាការគាំទ្ររបស់ចិនចំពោះរាជរដ្ឋាភិបាលកម្ពុជាកាន់តែធ្លាក់ចុះ។ ប៉ុន្តែដំណើរទស្សនកិច្ច២ថ្ងៃរបស់ប្រធានាធិបតីចិន បានរំលាយឧបាយកលទាំងនោះអស់ទាំងស្រុង។ Fresh Exclusive មានអត្ថបទស៊ីជម្រៅជុំវិញបញ្ហានេះ៖

ដំណើរទស្សនកិច្ចផ្លូវការរយៈពេលពីរថ្ងៃរបស់ប្រធានាធិបតីចិន លោក Xi Jinping មកកាន់ប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ ២០២៥ បានលាតត្រដាងយ៉ាងច្បាស់លាស់នូវសារៈសំខាន់ដ៏ជ្រាលជ្រៅនៃទំនាក់ទំនងរវាងចិន-កម្ពុជា ដែលការពង្រឹងចំណងមិត្តភាពរវាងប្រទេសទាំង២នេះ និងគ្មានអនុភាពណាអាចធ្វើឱ្យមានភាពរង្គោះរង្គើបានឡើយ។

ក្នុងរយៈពេលច្រើនខែកន្លងមកមកនេះ ក្រុមជ្រុលនិយម បានព្យាយាមឃោសនាបោកបញ្ឆោតសាធារណជន ដោយអះអាងថា នយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា កំពុងរសាត់ឆ្ងាយពីប្រទេសចិន និងបន្ថែមថាការគាំទ្ររបស់ចិនចំពោះរាជរដ្ឋាភិបាលកម្ពុជាកាន់តែធ្លាក់ចុះ។ ក្រុមជ្រុលនិយម បានលើកឡើងឥតឈប់ឈរនូវបញ្ហាព្រែកជីកហ៊្វូណនតេជោ ដោយនិយាយចោទថា «ក្ស័យធន» ឬថាគ្មានថវិកាទ្រទ្រង់ក្នុងការកសាង, ឬថាមានភាពទ្រឹងនៃការអភិវឌ្ឍសំណង់ដែលមានការបណ្តាក់ទុនរបស់វិនិយោគិនចិន ដូចជានៅក្នុងខេត្តព្រះសីហនុជាដើម។

ក្រុមជ្រុលនិយម ដែលមានមេខ្លោងឈ្មោះ សម រង្ស៊ី ជារឿយៗតែងប្រើប្រាស់ព្រឹត្តិការណ៍អន្តរជាតិនានាទាំងឡាយ ដើម្បីស្វែងរកការកេងចំណេញនយោបាយ ជាពិសេសក្នុងពេលដែលពិភពលោកកំពុងប្រឈមនឹងសង្គ្រាមពាណិជ្ជកម្ម រវាងប្រទេសមហាអំណាចចិននិងសហរដ្ឋអាមេរិក។ គោលបំណងរបស់ក្រុមជ្រុលនិយម គឺគ្មានអ្វីទាំងអស់ ក្រៅតែពីការចង់បង្កើតនូវអស្ថិរភាពនយោបាយដល់ប្រទេសកម្ពុជាដែលមានសុខសន្តិភាព ឱ្យធ្លាក់ចូលក្នុងវិបត្តិឧបាយកល ឬអំពើចលាចលនយោបាយណាមួយវិញតែប៉ុណ្ណោះ។ ប៉ុន្តែដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង រយៈពេល២ថ្ងៃ បានកម្ទេចរាល់ឧបាយកលរបស់ពួកគេឱ្យរលាយអស់ទាំងស្រុង។

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ក្នុងសារលិខិតរបស់លោកបានបញ្ជាក់នូវភាពប្តេជ្ញាចិត្ត «ប្រឆាំងរាល់ការប៉ុនប៉ងរបស់កងកម្លាំងអរិភាពទាំងឡាយណា ដែលចង់រំខានដល់ការរួបរួមនិងមិត្តភាពដ៏ជ្រាលជ្រៅរវាងប្រជាជាតិទាំងពីរ»

ក្នុងដំណើរទស្សនកិច្ច២ថ្ងៃរួចមកនេះទៀត ឯកសារចំនួន៣៧ ពាក់ព័ន្ធនឹងការវិនិយោគ, វិស័យពាណិជ្ជកម្ម, វិស័យអប់រំ, វិស័យហិរញ្ញវត្ថុ, វិស័យព័ត៌មាន, ការងារយុវជន, វិស័យកសិកម្ម, វិស័យសុខាភិបាល, វិស័យធនធានទឹក, វិស័យទេសចរណ៍, វិស័យកិច្ចការនារី និងវិស័យផ្សេងៗទៀត ត្រូវបានចុះហត្ថលេខា។ ក្នុងចំណោមឯកសារទាំង៣៧ ក៏រួមមានទាំងការចុះហត្ថលេខា លើឯកសារកិច្ចព្រមព្រៀងគម្រោងព្រែកជីកហ៊្វូណនតេជោ ក្នុងទំហំទឹកប្រាក់ ១,១៥៦លានដុល្លារផងដែរ។

ពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍន៍នៅក្នុងខេត្តព្រះសីហនុ, ថ្នាក់ដឹកនាំកំពូលនៃប្រទេសចិន បានបញ្ជាក់ជាថ្មីនូវការគាំទ្រការអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដើម្បីជម្រុញការអភិវឌ្ឍន៍ខេត្តព្រះសីហនុ និងបានសន្យាលើកទឹកចិត្តសហគ្រាសចិនដែលមានសមត្ថភាពកាន់តែច្រើន មកបណ្តាក់ទុននៅកម្ពុជា។

ប្រធានាធិបតីចិន បានថ្លែងក្នុងសារលិខិតរបស់លោកបញ្ជាក់ថា «យើងត្រូវតែប្រកាន់ខ្ជាប់នូវគោលការណ៍នៃការតម្កល់ទុកការអភិវឌ្ឍ និងប្រជាជនជាអាទិភាព ផ្តល់តួនាទីឱ្យបានពេញលេញដល់យន្តការគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលចិន-កម្ពុជា ជំរុញការតភ្ជាប់នៃគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ជាមួយយុទ្ធសាស្ត្របញ្ចកោណរបស់កម្ពុជា និងធ្វើឱ្យស៊ីជម្រៅនូវការកសាង «ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា» និង «ច្រករបៀងមច្ឆា និងអង្ករ»។ លោកប្រធានាធិបតីចិននៅបានជម្រុញប្រទេសទាំង២ «គួរតែពង្រឹងការប្រាស្រ័យទាក់ទងជាយុទ្ធសាស្ត្រក្នុងវិស័យការទូត, ការពារជាតិ និងវិស័យផ្សេងៗទៀត ប្រឆាំងដាច់ខាតនូវការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ការបំបែកបំបាក់សាមគ្គីភាព និងការបំផ្លិចបំផ្លាញចំណងមិត្តភាពចិន-កម្ពុជា ពីកម្លាំងខាងក្រៅដើម្បីរួមគ្នាការពារសន្តិសុខនយោបាយ»

សារបញ្ជាក់របស់លោកប្រធានាធិបតីចិននេះ គឺជាសារបញ្ជាក់ដ៏មានឥទ្ធិពលនៃការគាំទ្រឥតងាករេរបស់សាធារណរដ្ឋប្រជាមានិតចិន ចំពោះអធិបតេយ្យភាព ការអភិវឌ្ឍ និងស្ថិរភាពរបស់កម្ពុជា និងក៏ជាសារដែលបង្ហាញយ៉ាងច្បាស់លាស់ថា ការផ្សព្វផ្សាយព័ត៌មានរបស់ក្រុម ជ្រុលនិយមអំពីគម្លាតនយោបាយរវាងសាធារណរដ្ឋប្រជាមានិតចិន ឆ្ងាយពីរាជរដ្ឋាភិបាលកម្ពុជា ដែលពួកគេបានផ្សព្វផ្សាយមិនពិតជាយូរមកហើយនោះ គឺជារឿងមិនពិតឡើយ។

លោកប្រធានាធិបតីចិន នៅបានថ្លែងបញ្ជាក់បន្ថែមទៀតថា៖ «ភាគីចិនត្រៀមខ្លួនរួចជាស្រេចដើម្បីរួមជាមួយភាគីកម្ពុជា ការពារសន្តិភាព ស្វែងរកការអភិវឌ្ឍ និងបង្កើតភាពរុងរឿងគ្នា ជំរុញការកសាងសហគមន៍វាសនារួមចិន-កម្ពុជា ក្នុងយុគសម័យថ្មី ឱ្យទទួលបានសមិទ្ធផលជាក់ស្តែង ហើយចាក់បញ្ចូលស្ថិរភាព និងភាពប្រាកដបន្ថែមទៀតទៅក្នុងពិភពលោក ដែលកំពុងប្រឈមមុខនឹងការប្រែប្រួល និងភាពចលាចល»

ចំណងទំនាក់ទំនងគ្នារវាងកម្ពុជានិងចិន បើទោះបីជាទើបមានទំនាក់ទំនងការទូតជាផ្លូវការ កាលពីឆ្នាំ១៩៥៨ តាមរយៈអតីតថ្នាក់ដឹកនាំកំពូលជំនាន់មុន គឺសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ជាមួយនឹងលោកប្រធាន ម៉ៅ សេទុង និងនាយករដ្ឋមន្ត្រីចិន ជូ អេនឡាយ ដែលជាសហស្ថាបនិកនៃមិត្តភាពរវាងប្រទេសទាំង២នោះមែន ប៉ុន្តែប្រវត្តិសាស្ត្រនៃប្រទេសទាំង២ បានបង្ហាញថា ចំណងទំនាក់ទំនងរវាងចិន និងកម្ពុជា គឺមានតាំងពីជិត២ពាន់ឆ្នាំមុន នៃអតីតសម័យរាជវង្ស «ថាង» និងអតីតសម័យ «ចេនឡា» របស់កម្ពុជានោះមកម្ល៉េះ។

ក្នុងដំណើរបំពេញទស្សនកិច្ចរយៈពេល២ថ្ងៃរបស់ប្រធានាធិបតីចិន ស៊ី ជីនពីង ក្នុងរាជធានីភ្នំពេញ, ព្រះមហាក្សត្រខ្មែរសម្តេចព្រះ នរោត្តម សីហមុនី ក្នុងព្រះរាជពិធីទទួលស្វាគមន៍មេដឹកនាំកំពូលរបស់ចិន ក៏ទ្រង់បានមានព្រះរាជបន្ទូលរំលឹកនូវអនុស្សាវរីយ៍ដ៏ជ្រាលជ្រៅរវាង ទំនាក់ទំនងនៃប្រទេស២ពីអតីតកាលនោះផងដែរ៖

«ប្រជារាស្រ្តកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត រួមជាមួយព្រះរាជវង្សានុវង្សខ្មែរនិងខ្ញុំ មិនអាចបំភ្លេចបានឡើយ នូវទឹកចិត្តស្រឡាញ់រាប់អានគាំទ្រ ដែលថ្នាក់ដឹកនាំកំពូលដ៏ឧត្តុងឧត្តមគ្រប់ជំនាន់នៃសាធារណរដ្ឋប្រជាមានិតចិន តែងតែផ្តល់ជូនជនរួមជាតិយើងខ្ញុំក្នុងនាមជាមិត្តដែកថែបនិងក្នុងក្របខណ្ឌនៃដៃគូ «កិច្ចសហប្រតិបត្តិការត្បូងពេជ្រ» ។

ឯកឧត្តមប្រធានាធិបតីជាទីគោរពស្រឡាញ់រាប់អានដ៏ខ្ពង់ខ្ពស់បំផុត សម្តេច ឯកឧត្តម លោកជំទាវជាទីមេត្រី អាស្រ័យដោយការអនុវត្តនយោបាយផ្សះផ្សារបង្រួមជាតិតាមព្រះរាជតំរិះដ៏ភ្លឺស្វាងរបស់ព្រះករុណាព្រះមហាវីរក្សត្រ ព្រះនរោត្តមសីហនុ ព្រះវររាជបិតាជាតិខ្មែរ ព្រះករុណាព្រះបរមរតនកោដ្ឋជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ព្រះរាជាណាចក្រកម្ពុជា បាននឹងកំពុងធ្វើដំណើរដ៏ស្វាហាប់ជឿនលឿនទៅមុខ ធ្វើឱ្យសង្គមជាតិទទួលបានសេចក្តីសុខសន្តិភាពពេញបរិបូណ៍ មានស្ថិរភាពដ៏រឹងមាំឡើងវិញ និងមានការអភិវឌ្ឍលើគ្រប់វិស័យ។

ដំណើរជឿនលឿនទៅមុខនេះ បានមកពីការជួយឧបត្ថម្ភគាំទ្រពីមិត្តបរទេសជិតឆ្ងាយផងដែរ ក្នុងនោះការរួមចំណែកដ៏ធំធេងរបស់សាធារណរដ្ឋប្រជាមានិតចិន ពិតជាមានវិសាលភាពដ៏មហិមាទាំងការអភិវឌ្ឍក្នុងស្រុក ទាំងការគាំទ្រនៅលើឆាកអន្តរជាតិ។ ខ្ញុំសូមថ្លែងអំណរគុណ ជូនរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនដែលបានផ្តល់ជំនួយជាច្រើន មានគ្រឿងចក្រធុនធ្ងន់ ធុនស្រាល គ្រឿងយន្តកសិកម្ម រថយន្ត ម៉ាស៊ីនបូមទឹកជាដើម ជូនដល់ក្រុមសម្តេចឪ សម្រាប់យកទៅជួយដល់បងប្អូនប្រជារាស្រ្តដែលនៅតាមជនបទ។ បន្ថែមពីលើនេះកាលពីពេលថ្មីៗកន្លងទៅ សាធារណរដ្ឋប្រជាមានិតចិន បានថ្វាយរថយន្តប្រណិត Hongqi H9 ចំនួន១២គ្រឿងផងដែរ។ ខ្ញុំសង្ឃឹមថា សាធារណរដ្ឋប្រជាមានិតចិន នឹងបន្តផ្តល់ជំនួយសម្រាប់ការអភិវឌ្ឍន៍ខឿនសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាការចែករំលែកបទពិសោធន៍ល្អៗព្រមទាំងចំណេះដឹង ចំណេះធ្វើ និងផ្ទេរបច្ចេកវិទ្យាថ្មីៗដល់ប្រជាជាតិកម្ពុជាយើងខ្ញុំ»។

នៅក្នុងការទទួលស្គាល់ការរួមចំណែករបស់លោកប្រធានាធិបតី ស៊ី ជីនពីង ចំពោះការជម្រុញនិងលើកកម្ពស់ទំនាក់ទំនងទ្វេភាគីកាន់តែឈានឡើងដល់កម្រិតកំពូលនោះ, ព្រះមហាក្សត្រនៃប្រទេសកម្ពុជា ទ្រង់បានផ្តល់គ្រឿងឥស្សរិយយសជាន់ខ្ពស់បំផុតរបស់ព្រះរាជាណាចក្រកម្ពុជា ជូនដល់លោកប្រធានាធិបតីចិន។ ប្រមុខដឹកនាំសាធារណរដ្ឋប្រជាមានិតចិន បានថ្លែងចាត់ទុកថា គ្រឿងឥស្សរិយយសប្រកបដោយកិត្តិយសរបស់ព្រះរាជាណាចក្រកម្ពុជានេះ បានឆ្លុះបញ្ចាំងពីទំនាក់ទំនងមិត្តភាពដ៏ជ្រាលជ្រៅរវាងប្រជាជនទាំងពីរចិន និងកម្ពុជា។

ព្រះមហាក្សត្រខ្មែរ បានមានព្រះរាជបន្ទូលកោតសរសើរចំពោះទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិន និងព្រះអង្គបានបញ្ជាក់នូវភាពប្តេជ្ញាចិត្តរបស់ព្រះរាជាណាចក្រកម្ពុជា ដែលគាំទ្រនយោបាយចិនតែមួយ៖

«ឯកឧត្តមប្រធានាធិបតីជាទីគោរពស្រឡាញ់រាប់អានដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឋាន:ជាមិត្តដ៏ជិតស្និទ្ធ របស់មហាប្រជាជនចិន, ប្រជារាស្ត្រកម្ពុជា សូមសម្តែងនូវការកោតសសើរយ៉ាងស្ញប់ស្ញែង និងសូមគាំទ្រយ៉ាងពេញទំហឹងឥតងាករេ ចំពោះគោលនយោបាយចិនតែមួយ។ បន្ថែមពីលើនេះ កម្ពុជា នឹងបន្តគាំទ្រនូវកិច្ចសហប្រតិបត្តិការទ្វេភាគីចិនកម្ពុជា គាំទ្រគ្នាទៅវិញទៅមកនៅក្នុងគ្រប់វេទិកាពហុភាគីដូចជានៅក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ និងនៅក្នុងក្របខណ្ឌអាស៊ានចិន ជាអាទិ៍គាំទ្រគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គំនិតផ្តួចផ្តើមសន្តិសុខសកល គំនិតផ្តួចផ្តើមអរិយធម៌សកល គំនិតផ្តួចផ្តើមសកលសម្រាប់អភិបាលកិច្ច បញ្ញាសិប្បនិមិត្ត និងសិទ្ធិសេដ្ឋកិច្ចពណ៌ខៀវ»

ព្រះរាជសាររបស់ព្រះមហាក្សត្រជាទីគោរពសក្ការៈ និងភាពប្តេជ្ញាចិត្តរបស់ប្រធានាធិបតីចិន ស៊ី ជីនពីង គឺជាសារច្បាស់លាស់ទៅកាន់ពិភពលោកផង និងទៅកាន់ក្រុមជ្រុលនិយមផង ក្នុងការបញ្ជាក់ថា ចំណងទំនាក់ទំនងរវាងកម្ពុជានិងចិន គឺពិតជាមានភាពរឹងមាំ មិនប្រែប្រួល, ការគោរពគ្នា និងការទុកចិត្តរវាងគ្នាទៅវិញទៅមក ទោះបីក្នុងកាលៈទេសៈណាក៏ដោយ។ ដំណើរទស្សនកិច្ចឆ្នាំ២០២៥ របស់លោក Xi Jinping នៅកម្ពុជា នឹងត្រូវបានគេចងចាំជាប្រវត្តិសាស្ត្រចារិកទុកថា ជាជ័យជំនះផ្នែកការទូតដ៏ធំធេងរបស់កម្ពុជាផង និងជាការកម្ទេចរាល់ ឧបាយកលឃោសនារបស់ក្រុមជ្រុលនិយមថែមទៀត។

ដូច្នេះ សូមអ្នកទាំងឡាយដែលចាញ់បោកឧបាយកលឃោសនារបស់ទណ្ឌិត សម រង្ស៊ី សូមភ្ញាក់ខ្លួន និងវិលត្រឡប់មករួមរស់ក្នុងសង្គមជាតិវិញ ក្រោមម្លប់សន្តិភាពដ៏ត្រជាក់ត្រជុំនៃនយោបាយឈ្នះឈ្នះ ក្នុងពេលបច្ចុប្បន្ននេះ។ ក្រុមជ្រុលនិយមត្រូវដឹងថា អំពើភូតកុហក របស់ក្រុមអ្នកនឹងមិនអាចប្រកួតប្រជែង ឬយកឈ្នះលើការពិតនៃភាពប្តេជ្ញាចិត្តនៃមិត្តភាពដែកថែបដ៏យូរអង្វែងរបស់ប្រទេសកម្ពុជានិងចិនបានឡើយ៕