(ភ្នំពេញ)៖ នាល្ងាចថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីជួបជុំសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយសមាជិក សមាជិកា នៃសមាគម វិទ្យុ និងទូរទស្សន៍អនឡាញសំឡេងជនពិការភ្នែក។
ជាកិច្ចចាប់ផ្តើម លោក សែម សំណាង អគ្គនាយកសមាគម និងវិទ្យុ បានធ្វើការស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធាន ស.ស.យ.ក. ព្រមទាំងបានធ្វើរបាយការណ៍សង្ខេបស្ដីពីសកម្មភាពនានាដែលសម្រេចបាននាពេលកន្លងមក។
ជាមួយគ្នានេះ លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្តសន្តោសប្រោសប្រណី សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែជួយឧបត្ថម្ភដល់សមាគមណ៍ជារៀងរាល់ខែ។ លើសពីនោះថែមទៀត សម្ដេចតែងយកចិត្តទុកដាក់ និងផ្តល់ជូនអាហាររូបករណ៍មួយរយភាគរយ តាំងពីថ្នាក់បរិញ្ញាបត្រ រហូតដល់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ មកដល់បុគ្គលិក សមាគម វិទ្យុ និងទូរទស្សន៍អនឡាញ សំឡេងជនពិការភ្នែកជាប្រចាំ។ ជាពិសេសលោក ហ៊ុន ម៉ានី ផ្ទាល់បានជួយឧបត្ថម្ភរៀងរាល់១ឆ្នាំម្តងមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដោយបានឧបត្ថម្ភជាទឹកប្រាក់ អង្ករ និងគ្រឿងឧបភោគបរិភោគផងដែរ។
ក្រោមបរិយាកាសជួបជុំដ៏វិសេសវិសាលនាឱកាសនោះ លោក ហ៊ុន ម៉ានី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ លោកគ សែម សំណាង និងលោក ហឿន ស៊ីណា ដែលជាអគ្គនាយក និងស្ថាបនិកសមាគមដែលបានខិតខំកសាងសមាគមឱ្យក្លាយជាមជ្ឈមណ្ឌលឱកាសសម្រាប់បងប្អូនមានពិការភាព និងបានបន្តរីកលូតលាស់គួរជាទីមោទនៈ។
ទន្ទឹមនឹងនេះ លោក ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា ស.ស.យ.ក នៅបន្តតាមដានជាប់ជាប្រចាំ និងព្យាយាមដោះស្រាយសំណូមពរ និងតម្រូវការឲ្យអស់ពីលទ្ធភាពតាមដែលអាចធ្វើទៅបាន។ នាឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះ លោកក៏បានជូនពរសមាជិក សមាជិកា សមាគមវិទ្យុ និងទូរទស្សន៍អនឡាញសំឡេងជនពិការ សូមបានទទួលនូវពរជ័យ សិរីសួស្តីពីទេវតាឆ្នាំថ្មី និងសូមទទួលបាននូវពុទ្ធពរទាំង ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ៕