(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ ទទួលដឹកនាំនាយកដ្ឋានអង្គរក្ស និងលោកឧត្តមសេនីយ៍ឯក ជុំ សាវុឌ្ឍ ប្រធាននាយកដ្ឋានអង្គរក្ស បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះថ្នាក់ដឹកនាំ នាយកដ្ឋាន នាយការិយាល័យ ប្រធានអង្គភាព និងមន្ត្រីនគរបាលជាតិ នៃនាយកដ្ឋានអង្គរក្ស ដែលបាន ខិតខំប្រឹងប្រែងយកចិត្តទុកដាក់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងប្រតិបត្តិការការពារសន្តិសុខ សណ្តាប់ធ្នាប់ថ្វាយ ព្រះករុណាជាអម្ចាស់ ជីវិតតម្កល់លើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជូនសម្តេចឥស្សរជនជាន់ខ្ពស់ជាតិ-អន្តរជាតិ ក្នុងឱកាសប្រារព្ធព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខ ជូនដល់ ព្រះរាជាណាចក្រកម្ពុជា ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៨-២៥៦៩ គ.ស.២០២៥ នៅខេត្តសៀមរាប និងដំណើរបំពេញទស្សន៍កិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម ស៉ី ជីងពីង (XI JINPING) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៧-១៨ ខែមេសា ឆ្នាំ២០២៥ ដោយទទួលបានជោគជ័យគួរជាទីមោទនៈ។

ការចូលរួមរបស់អស់លោក លោកស្រី ក្នុងប្រតិបត្តិការការពារនេះ គឺជាការលះបង់កម្លាំងកាយ ព្រមទាំងពេលវេលាជួបជុំគ្រួសារញាតិសន្តាននាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ចិត្ត បញ្ញាស្មារតី និងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលយ៉ាងសកម្មបានសបញ្ជាក់យ៉ាងច្បាស់ ពីស្មារតីស្នេហាជាតិ ក្នុងការលើកស្ទួយកិត្តិយស និងកិត្យានុភាពជាតិលើឆាកអន្តរជាតិ។

ឆ្លៀតក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៨-២៥៦៩ គ.ស.២០២៥ ឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ ទទួលដឹកនាំនាយកដ្ឋានអង្គរក្ស និងលោកឧត្តមសេនីយ៍ឯក ជុំ សាវុឌ្ឍ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមប្រោះព្រំបីបាច់ថែរក្សា និងប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខគ្រប់ប្រការជូនថ្នាក់ដឹកនាំនាយកដ្ឋាន នាយការិយាល័យ ប្រធានអង្គភាព និងមន្ត្រីនគរបាលជាតិ នៃនាយកដ្ឋានអង្គរក្ស ព្រមទាំងក្រុមគ្រួសារ សូមប្រកបដោយពុទ្ធពរ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕