(ភ្នំពេញ)៖ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ជាពេលវេលាមួយដែលបេះដូងខ្មែរតែងតែនឹករលឹក និងរត់រកគ្នា ហើយក៏ជាពេលវេលាដែលខ្មែរតែងនឹករលឹកដល់គុណូបការៈជនធ្លាប់បានធ្វើគុណនានាផងដែរ។ ផ្តើមពីការនឹករលឹក និងការដឹងនូវគុណូបការៈទាំងអស់នេះហើយ ទើបនាំឱ្យខ្មែរមានវប្បធម៌ប្រទាក់ពាក្យសម្តីគ្នាតាមរយៈការសាកសួរសុខទុក្ខ និងការជូនពរគ្នាជាដើម។ វប្បធម៌នេះមានគ្រប់ស្រទាប់វណ្ណៈក្នុងសង្គមខ្មែរ។
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីកន្លងទៅថ្មីៗនេះ មិនត្រឹមតែប្រជាពលរដ្ឋក្នុងនគរកម្ពុជាដែលបានផ្ញើសារជូនពរគ្នាជាហូរហែនោះ ព្រះសង្ឃខ្មែរកម្ពុជាក្រោម តាមបណ្តាខេត្តនានានៅខ្មែរកម្ពុជាក្រោម ក៏ដូចជាព្រះសង្ឃខ្មែរក្រោមកំពុងគង់នៅកម្ពុជា ព្រមទាំងសមាគមខ្មែរក្រោមជាច្រើនទៀត ក៏បានផ្ញើសារលិខិតជូនពរសម្តេចតេជោជាទីគោរពស្រឡាញ់ ជាបន្តបន្ទាប់ផងដែរ។
សារលិខិតជូនពរនោះមានដូចជា ព្រះកិត្តិបណ្ឌិត បធានជ្ងោតោ ថាច់ អង ព្រះមេគណសាលាគណខេត្តព្រះត្រពាំង, ព្រះធម្មវិមានត្ថេរ ថាច់ ញឹក ព្រះចៅអធិការ វត្តពោធិគិរីវង្សារាម ហៅវត្តស្វាយសៀមថ្មី នៅខេត្តព្រះត្រពាំង, ព្រះពុទ្ធសរណោ ឡឹមចន្ទសំណាង ព្រះចៅអធិការវត្តចន្ទសោភ័ណព្រែកអណ្តើក ខេត្តឃ្លាំង, ព្រះអគ្គធម្មោ បណ្ឌិត យ័ញអ៊ុក ព្រះលេខាសមាគមសាមគ្គីព្រះសង្ឃស្នេហាជាតិខេត្ត ប្រធានសមាគមសាមគ្គីព្រះសង្ឃស្នេហាជាតិទីក្រុងរ៉ាច់យ៉ា ព្រះចៅអធិការវត្តមុនីវង្សា ជ្រុងយោង ខេត្តក្រមួនស, ព្រះចៅអធិការកល្យាណជយោ ថាច់ ថាញ់ហ្វៀង ព្រះឧទ្ទេសាចារ្យ អាវុធប្បញ្ញោ ថាច់ វុឌ្ឍី វត្តពិសីវរារាម ឃុំគ្រឿងថាញ់ ស្រុកអន្លង់ ខេត្តព្រះត្រពាំង, ព្រះភិក្ខុ សុវណ្ណញ្ញាណោ ជាតិ មុនី ព្រះចៅអធិការស្តីទី វត្តសាមគ្គីរង្ស៊ី, លោក សឿង សុធានី ប្រធានសមាគមពលរដ្ឋខ្មែរក្រោមនៅកម្ពុជា និងលោក ញឹម ឫទ្ធី ប្រធានស្តីទីមិត្តសមាគមខ្មែរកម្ពុជាក្រោម។
ក្នុងសារជូនពរទាំងនោះ ក្រៅពីពាក្យពេចន៍ជូនពរក្នុងឱកាសឆ្នាំថ្មីហើយនោះ ព្រះសង្ឃខ្មែរក្រោម ក៏ដូចជាសមាគមខ្មែរក្រោម បានគូសរំលេចពីការយកចិត្តទុកដាក់របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំពោះព្រះសង្ឃខ្មែរក្រោម តាមរយៈការដង្ហែអង្គកឋិនទានសាមគ្គីមហាគ្រួសារខ្មែរទៅកាន់វត្តស្វាយសៀមថ្មី នៅស្រុកថ្កូវ ខេត្តព្រះត្រពាំង ដែលព្រះសង្ឃទូទាំងខេត្តតែងតែនឹករឭកជានិច្ច។
ក្នុងសារជូនពរ ក៏បានគូសរំលេចពីការប្រគេនព្រះត្រៃបិដក និងវចនានុក្រមតម្កល់ទុកក្នុងវត្តអារាមព្រះពុទ្ធសាសនា ក្នុងគោលបំណងថែរក្សាព្រះពុទ្ឋសាសនា និងអក្សរសាស្ត្រជាតិផងដែរ។
តបទៅនឹងសារជូនពរប្រកបដោយទឹកព្រះទ័យ និងទឹកចិត្តដ៏វិសេសវិសាលរបស់ព្រះសង្ឃ និងប្រជាសហគមន៍ខ្មែរក្រោម, សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវសេចក្តីត្រេកអររីករាយយ៉ាងក្រៃលែង។
ក្នុងសារថ្លែងអំណរព្រះគុណព្រះសង្ឃខ្មែរកម្ពុជាក្រោម, សម្តេចតេជោ ហ៊ុន សែន ក៏បានគូសរំលេចនូវក្តីថ្លែងអំណរព្រះគុណ សម្រាប់ទឹកព្រះទ័យទុកដាក់ប្រកបដោយឆន្ទៈមោះមុតរបស់ព្រះសង្ឃខ្មែរក្រោម ក្នុងការលះបង់ព្រះកាយពល ព្រះបញ្ញាញាណ ដោយមិនខ្លាចនឿយហត់ក្នុងព្រះបុព្វហេតុនៃការអភិរក្សទំនៀមទម្លាប់ប្រពៃណីបរមបុរាណរបស់ខ្មែរ និងក្នុងព្រះបុព្វហេតុជាឧត្តមប្រយោជន៍មហាសាមគ្គីនៃគ្រួសារខ្មែរគ្រប់ទិសទី ក្រោមដំបូលនៃសុខសន្តិភាព និងការរីកចម្រើននៃព្រះពុទ្ធសាសនា។
ដោយឡែកក្នុងសារលិខិតថ្លែងអំណរគុណទៅកាន់លោក សឿង សុធានី វិញ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈមោះមុត លះបង់កម្លាំងកាយចិត្ត ដោយមិនខ្លាចនឿយហត់ក្នុងបុព្វហេតុជាឧត្តមប្រយោជន៍នៃប្រជាជាតិកម្ពុជា ជាពិសេសបានយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខ និងជីវភាពរស់នៅរបស់ព្រះសង្ឃ និងប្រជាពលរដ្ឋខ្មែរក្រោមដែលរស់នៅលើទឹកដីកម្ពុជា។
តាមរយៈសារជូនពរពីសំណាក់ព្រះសង្ឃ និងសមាគមខ្មែរកម្ពុជាក្រោម ក៏ដូចជាសារអរព្រះគុណ និងអរគុណរបស់សម្តេចតេជោ បានបង្ហាញពីការត្របាញ់ចូលគ្នាចំណងបេះដូង និងមនោសញ្ចេតនាជ្រាលជ្រៅរវាងព្រះសង្ឃ និងបងប្អូនខ្មែរកម្ពុជាក្រោម ជាមួយសម្តេចតេជោ ហ៊ុន សែន។
សារជូនពរ និងសារអរព្រះគុណ អរគុណឆ្លងខណ្ឌសីមាសម្រាប់បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរវាងសហគមន៍ខ្មែរកម្ពុជាក្រោម និងថ្នាក់ដឹកនាំជាតិរបស់កម្ពុជា គឺជារឿងកម្របានឃើញ។ តាមរយៈសារឆ្លើយឆ្លងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ ក៏បានផ្តល់កម្តៅបេះដូងដ៏សែនកក់ក្តៅបំផុតសម្រាប់ព្រះសង្ឃ និងបងប្អូនខ្មែរក្រោម ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំជាន់ថ្មីរបស់ខ្មែរដំបូងគេ ដែលបានជួយជ្រោងដង្ហើមព្រលឹងវប្បធម៌ខ្មែរលើទឹកដីខ្មែរកម្ពុជាក្រោម៕