(ភ្នំពេញ)៖ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥កន្លងទៅនេះ មហាជននៅលើបណ្ដាញសង្គមបានចែកចាយនូវព័ត៌មានករណីលោតទឹកសម្លាប់ខ្លួននៅលើស្ពានជ្រោយចង្វារ របស់ប្ដីប្រពន្ធមួយគូ តែមិនស្លាប់ដោយសារត្រូវគេជួយសង្គ្រោះបាន។
ក្រោយត្រូវបានគេជួយសង្គ្រោះបុរសជាប្ដី និងប្រពន្ធ បានផ្ដល់បទសម្ភាសជូនអ្នកសារព័ត៌មានថា មូលហេតុដែលខ្លួននាំប្រពន្ធ មកលោតទឹកសម្លាប់ខ្លួន ព្រោះតូចចិត្តជាមួយនគរបាលប៉ុស្ដិ៍ស្រះចក នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដោយសារមិនទទួលបណ្ដឹងដែលប្រពន្ធខ្លួនត្រូវបានរំលោភ។
បន្ទាប់ពីឃើញការចែកចាយនេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យស្រាវជ្រាវករណីនេះជាបន្ទាន់ ហើយការពិតក៏ត្រូវបានលាតស្រដាង ដើម្បីបញ្ចប់មន្ទិលរបស់មហាជន។
ជុំវិញករណីនេះនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ១៥៖០០នាទី មានស្រ្តីពីរនាក់ និងប្រុសម្នាក់ សរុបបីនាក់មកប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ដោយក្នុងចំណោមបីនាក់នោះមានស្រ្តីម្នាក់ជាជនរងគ្រោះឈ្មោះ ស៊ីម ចិរិយា មករាយការណ៍ថា មានករណីចាប់រំលោភមកលើខ្លួន កាលថ្ងៃទី១៥ ខែមេសាឆ្នាំ២០២៥ នៅចំណុចភូមិ១៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅពេលនោះបានមកជួបមន្រ្តីប៉ុស្តិ៍ពីរនាក់ហើយក៏បានសួរនាំរឿងហេតុការណ៍ជុំវិញអំពីបញ្ហាករណីរំលោភនេះ។
ក្រោយពីសមត្ថកិច្ចសួរនាំបានបន្តិចមក តែត្រូវជនរងគ្រោះ (ឈ្មោះ ស៊ីម ចរិយា) ក៏បានប្រាប់សមត្ថកិច្ចវិញថា ឈប់ដាក់ពាក្យបណ្ដឹងទៀតហើយ ហើយក៏ក្រោកដើរចេញទៅក្រៅប៉ុស្តិ៍នគរបាលរដ្ឋបាល ខណៈនោះសមត្ថកិច្ចក៏តាមហៅស្រ្តីរងគ្រោះមានឈ្មោះខាងលើមកវិញ ដើម្បីសរសេរក្នុងពាក្យបណ្ដឹងបន្ដ តែត្រូវស្រ្តីខាងលើពុំព្រម ក្នុងពេលនោះដែរឈ្មោះ រុន ស្រីនាង និងឈ្មោះ ឈួន សង្ហា ដែលជាបងប្អូនជីដូនមួយ ដែលនាំស្រ្តីរងគ្រោះមកដាក់ពាក្យបណ្តឹង ក៏ដើរតាមហៅដែរតែស្រ្តីរងគ្រោះនោះមិនព្រមក៏ដើរគេចបាត់ទៅ។
ទើបតែថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ សមត្ថកិច្ចទទួលបានពីសារព័ត៌មានផ្សព្វផ្សាយតាមបណ្តាញសង្គមថា មានករណីលោតទឹកពីលើស្ពានជ្រោយចង្វារដោយសារខឹងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក មិនព្រមទទួលពាក្យបណ្តឹងរកយុត្តិធន៌ជូនប្រពន្ធគាត់ដែលត្រូវមិត្តភក្តិចាប់រំលោភ។ បន្ទាប់ពីឃើញការផ្សព្វផ្សាយនោះហើយ សមត្ថកិច្ចបានតាមស្វែងរកពីរនាក់ប្តីប្រពន្ធនោះ ដើម្បីសួរនាំតែរកមិនឃើញនោះទេ ដោយសារពួកគាត់រស់នៅគ្មានទីលំនៅពិតប្រាកដ។
សូមស្ដាប់ការបកស្រាយរបស់អធិការនគរបាលខណ្ឌដូនពេញ និងបុរសជាប្ដីស្ដ្រីរងគ្រោះខាងក្រោមនេះ៖