(ភ្នំពេញ)៖ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដុ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានអញ្ជើញចូលរួមក្នុងពិធីបុណ្យខួបកំណើតព្យាការី មូហាំម៉ាត់ (Mawlid Al-Nabawi) លើកទី៥៩ ដែលបានប្រព្រឹត្តទៅ នៅទីស្នាក់ការក្រុមប្រឹក្សាកណ្តាលឥស្លាមថៃ នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ ក្រោមព្រះរាជធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះមហាក្សត្រថៃ Maha Vajiralongkorn Phra Vajiraklaochaoyuhua និងព្រះមហាក្សត្រី Suthida Bajrasudhabimalalakshana ដែលទ្រង់យកព្រះទ័យទុកដាក់ចំពោះប្រជារាស្រ្តថៃទូទៅ ដោយមិនប្រកាន់ជាតិសាសន៍ និងសាសនា និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល។
ក្នុងកម្មវិធីខាងលើ ក៏អញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពីសំណាក់ លោក Wan Mohamad Nor Matha ប្រធានរដ្ឋសភាថៃ និងលោកស្រី Paetongtarn Shinawatra នាយករដ្ឋមន្ត្រីថៃ និងថ្នាក់ដឹកនាំដែលជាសមាជិករដ្ឋសភា រដ្ឋមន្ត្រី អនុរដ្ឋមន្ត្រី។
សម្រាប់ឆ្នាំ២០២៥នេះ ក៏មានការចូលរួមពីភ្ញៀវអន្តរជាតិតំណាងថ្នាក់ដឹកនាំសហគមន៍ឥស្លាមនៅប្រទេសតំបន់អាស៊ាន ឯកអគ្គរាជទូត/រដ្ឋទូតនានាប្រចាំព្រះរាជាណាចក្រថៃ ចំនួន៣០ មកពីប្រទេសអាស៊ាន និងលើពិភពលោក ព្រមទាំងភ្ញៀវជាតិ ដែលជាថ្នាក់ដឹកនាំសហគមន៍ឥស្លាមថៃថ្នាក់កំពូល ដូចជាគណៈអ៊ីម៉ាំខេត្ត រហូតដល់មូលដ្ឋានជាគណៈអ៊ីម៉ាំម៉ាស្ជិទ និងប្រជាពលរដ្ឋឥស្លាមថៃសរុបប្រមាណជិត៤ម៉ឺននាក់។
ក្នុងឱកាសនោះ ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានទទួលពានរង្វាន់កិត្តិយស (Royal Award) ពីព្រះមហាក្សត្រថៃ ក្នុងចំណោមអ្នកដែលបានទទួល១១៧រូប។
លោក Surin Palarae អគ្គលេខាធិការក្រុមប្រឹក្សាកណ្តាលឥស្លាមថៃ (CICOT) និងជាប្រធានគណៈកម្មការរៀបចំពិធីបុណ្យខួបកំណើតព្យាការីមូហាំម៉ាត់ថៃ បានបញ្ជាក់ថា ពិធីដ៏អធិកអធមនេះត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំតាំងពីឆ្នាំ១៩៦៨ ក្នុងគោលបំណងបង្ហាញពីការយកចិត្តទុកខ្ពស់ពីរាជរដ្ឋាភិបាលថៃ ដល់សាសនិកឥស្លាមថៃ ដែលរស់នៅក្នុង ៧៧ខេត្ត និងមានវិហារឥស្លាមចូលរួមជាង៤ពាន់វិហារ ព្រមទាំងរឹតចំណងទំនាក់ទំនងរវាងសហគមន៍ឥសា្លម នៅបណ្តាប្រទេសនៅតំបន់អាស៊ាន។
បន្ទាប់ពីបញ្ចប់ពិធីបើកបុណ្យខួបកំណើតព្យាការី មូហាំម៉ាត់ ព្រះមហាក្សត្រថៃ ក៏បានយាងទតតាមស្តង់ផលិតផលហាឡាល និងស្តង់ផ្សេងៗទៀតផងដែរ ដែលបានដាក់តាំងបង្ហាញ។
ឆ្លៀតក្នុងឱកាសនោះ ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានជួបសំណេះសំណាល និងពិភាក្សាការងារជាមួយលោក Wan Mohamad Nor Matha ប្រធានរដ្ឋសភាថៃ, លោកបណ្ឌិត Abdullah Matouq Al-Matouq ប្រធានអង្គការសប្បុរសធម៌ ឥស្លាមអន្តរជាតិ (IICO) និងជាទីប្រឹក្សាពិសេសរបស់ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Surin Palarae អគ្គលេខាធិការ ក្រុមប្រឹក្សាកណ្តាលឥស្លាមថៃ (CICOT) Prof. Dr Winai Dahlan ស្ថាបនិក និងជាអតីតប្រធានមជ្ឈមណ្ឌល វិទ្យាសាស្ត្រ ហាឡាលថៃ នៃសាកល វិទ្យាល័យជុឡាឡុងកន ថ្នាក់ដឹកនាំឥស្លាមមកពីប្រទេសឥស្លាមនានា សមាគមធុរកិច្ចឥស្លាមថៃ និងផ្សេងៗទៀត។
សូមបញ្ជាក់ថា ពិធីខាងលើប្រព្រឹត្តទៅរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ ដោយមានការប្រឡងប្រកួតប្រជែងសូត្រគម្ពីរអាល់គួរអាន ការដាក់តាំងបង្ហាញផលិតផលក្នុងស្រុកថៃ រួមទាំងផលិតផលហាឡាល និងសកម្មភាពផ្សេងៗ ជាច្រើនទៀតផងដែរ៕