(កាហ្សាក់ស្ថាន)៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅយប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ អញ្ជើញដល់ទីក្រុង Almaty សាធារណរដ្ឋកាហ្សាក់ស្ថាន ប្រកបដោយសុខសុវត្ថិភាព។
ខណៈនោះមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ថ្នាក់ដឹកនាំក្រុមហ៊ុន Daubay Production ក្នុងឱកាសមកចូលរួមពិធីសម្ភោធខ្សែភាពយន្តទេសចរណ៍ដែលបានថតនៅកម្ពុជា របស់ក្រុមហ៊ុន Daubay។
ជាមួយគ្នានេះ រដ្ឋមន្រ្តី ហួត ហាក់ ក៏នឹងមានជំនួបពិភាក្សាការងារដាច់ដោយឡែកជាមួយ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងកីឡានៃសាធារណរដ្ឋកាហ្សាក់ស្ថាន ដើម្បីផ្លាស់ប្តូរបទពិសោធ និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍នៃប្រទេសទាំងពីរផងដែរ។
សូមជម្រាបថា លោក ហួត ហាក់ នឹងដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍កម្ពុជា ចូលរួមកិច្ចប្រជុំកំពូលប្រចាំឆ្នាំ២០២៥ របស់សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក (PATA Annual Summit 2025) និងពិធីសម្ពោធភាពយន្តទេសចរណ៍ថតនៅកម្ពុជា ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ នៅទីក្រុង Almaty សាធារណរដ្ឋកាហ្សាក់ស្ថាន និងទីក្រុង Istanbul សាធារណរដ្ឋតួកគីយ៉េ៕