(កំពត)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង មកកម្ពុជានាថ្ងៃទី១៧-១៨ ខែមេសាកន្លងទៅនេះ មានន័យគ្រប់គ្រាន់ចំពោះការលើកឡើងរបស់ក្រុមអ្នកប្រឆាំងមួយចំនួនតូច និងកាសែតបរទេសមួយចំនួន ដែលតែងតែចោទប្រកាន់ថា ទំនាក់ទំនងកម្ពុជា-ចិន កំពុងមានឱនភាព និងមិនទទួលបានការផ្ដល់តម្លៃពីរដ្ឋាភិបាលចិន ចំពោះរដ្ឋាភិបាលថ្មី នីតិកាលទី៧ ដែលដឹកនាំដោយសម្ដេចផ្ទាល់។
ប្រសាសន៍របស់សម្ដេចបានធ្វើឡើងនៅក្នុងឱកាសដែលសម្ដេច បានអញ្ចើញជាអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «កំពង់ផែទេសចរណ៍អន្តរជាតិកំពត» ដែលមានតម្លៃ១០លានដុល្លារ នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥។
នៅក្រោយមានការលើកឡើងបែបនេះជាហូរហែរ ពីឱនភាពនៃទំនាក់ទំនងកម្ពុជា-ចិន ដោយថារដ្ឋាភិបាលកម្ពុជាស្ពៃហើយ ជិតរលំហើយ ព្រោះសូម្បីតែចិនក៏លែងជួយដែរនោះ សម្ដេចមហាបវរធិបតី ក្នុងនាមនាយករដ្ឋមន្រ្តីត្រូវបានគេចោទសួរថា ហេតុអ្វីមិនឆ្លើយតបចំពោះការចោទប្រកាន់បែបនេះ?
ជាការឆ្លើយតបសម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា៖ «គេសួរថាមិចបានខ្ញុំមិនឆ្លើយតប មិនពន្យល់? ខ្ញុំថាពន្យល់អ្នកខ្លះគាត់ស្ដាប់មិនលឺទេ គាត់ស្ដាប់លឺ តែធ្វើមិនដឹង គាត់ស្ដាប់លឺតែនៅបន្តធ្វើកិច្ចការងារនិយាយស្ដី ដែលគ្មានការទទួលខុសត្រូវ យើងមិនបាច់ព្យល់ទេ។ យើងធ្លាប់ពន្យល់រួចទៅហើយ ប៉ុន្តែអ្វីដែលសំខាន់ ចាំមើលជាក់ស្ដែង។ ឥលូវអ្នកដែលថា ចិនលែងមានទំនាក់ទំនងជាមួយរដ្ឋាភិបាលថ្មីហើយ ស្ពៃហើយ ឥលូវតាមទស្សនកិច្ចមួយនេះ ខ្ញុំអាចថា អាចអស់លោកអាចស្ងប់ចិត្ត អាចស្ងប់អារម្មណ៍ហើយឈប់និយាយទៅ ព្រោះនិយាយទៀតនាំតែខ្មាសគេ ព្រោះរូបភាពវាច្បាស់ហើយ។
ប្រធានាធិបតី ប្រមុខរដ្ឋរបស់ចិន បានមកទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា សារនយោបាយបញ្ជាក់ ហើយបន្ថែមពីនេះបានលើកកម្រិតនៃទំនាក់ទំនងកម្ពុជា ជាសហគមន៍ជោគវាសនារួមគ្រប់សម័យកាល បានន័យថា ទាំងលំបាកទាំងស្រួលគឺយើងបន្តរួមគ្នា សហការណ៍ជាគ្នាដើម្បីអភិវឌ្ឍន៍រួមគ្នា តាមគោលការណ៍គោរពអធិបតេយ្យភាព គោរពគ្នាទៅវិញទៅមក ឯករាជ្យភាព គោរពគ្នាទៅវិញទៅមក និងមិនលូកដៃកិច្ចការផ្ទៃក្នុងរបស់គ្នាទៅវិញទៅមក នេះជាគោលការណ៍ដែលយើងបានធ្វើ»។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ន័យបន្ថែមទៀតថា ការបង្ហាញវត្តមានរបស់ប្រធានរដ្ឋចិន ដែលជាថ្នាក់ដឹកនាំកំពូលរបស់ចិន មកកម្ពុជានេះ មិនមែនបញ្ជាក់ថា កម្ពុជាទៅរណប ឬក្លាយជាកូនជឹង របស់ចិននោះទេ ប៉ុន្តែគឺយើងអភិវឌ្ឍន៍រួមគ្នា។ អញ្ចឹងសារនេះធំណាស់ទៅហើយ ហើយបើថាអ្នកវិភាគអត់យល់សារមួយនេះ សម្ដេចស្នើឱ្យដូរអាជីពទៅ។ បើរវល់តែឆ្លើយតបនឹងការអត្ថាធិប្បាយ ការចោទប្រកាន់នានា គឺដើរមិនដល់គោលដៅនោះទេ ដូច្នេះមានតែប្រឹងប្រែងធ្វើឱ្យគេឃើញសមិទ្ធផលនឹងភ្នែក។
សូមជម្រាបថា នៅក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង មកកម្ពុជា បានទទួលនូវផ្លែផ្កាជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ដោយនៅក្នុងនោះមានកិច្ចព្រមព្រៀងរហូតដល់ទី៣៧ ត្រូវបានចុះហត្ថលេខា នៅចំពោះមុខថ្នាក់ដឹកនាំនៃប្រទេសទាំង២ គឺប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ បន្ថែមពីនេះក៏មានកិច្ចព្រមព្រៀង និងកិច្ចសន្យា ចំនួន ៥ច្បាប់ បន្ថែមទៀតពាក់ព័ន្ធនឹង «គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ (គម្រោងព្រែកជីកហ្វូណនតេជោ)» ក៏ត្រូវបានចុះហត្ថលេខាជាផ្លូវការរវាងកម្ពុជា និងក្រុមហ៊ុនឯកជនចិនផងដែរ៕