(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានឆ្លើយតបនឹងអ្នកចោទប្រកាន់ដោយគ្មានមូលដ្ឋានថា ការវិនិយោគចិន ធ្វើឲ្យកម្ពុជាបាត់បង់អធិបតេយ្យភាព។ សម្តេចបានថ្លែងថា ចិនមានការវិនិយោគនៅប្រទេសនានាជុំវិញពិភពលោក ក្នុងចំនួនទឹកប្រាក់ដ៏ច្រើនលើសលប់ តែប្រទេសទាំងនោះ មិនបានបាត់បង់អធិបតេយ្យឡើយ។

ជាក់ស្តែង នៅឆ្នាំ២០២៣ ចិនវិនិយោគនៅអាមេរិក ចំនួនដល់ទៅ ២៨ពាន់លានដុល្លារ។ នៅឆ្នាំ២០២៣ដដែលនេះ ប្រទេសជាច្រើនទៀតនៅអាស៊ាន ដែលចិនវិនិយោគសរុប ២៥ពាន់លានដុល្លារ ខណៈនៅតំបន់អាស៊ាននេះដែរ ចិនវិនិយោគនៅសិង្ហបុរីច្រើនជាងគេដល់ទៅ ១៣ពាន់លានដុល្លារ ស្របពេលដែលខ្មែរមានការវិនិយោគចិនត្រឹមតែ ៣០០លានដុល្លារ ឈរនៅលេខរៀងទី៨ ប៉ុណ្ណោះ។

ការថ្លែងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសដែលសម្តេច អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កំពង់ផែទេសចរណ៍អន្តរជាតិកំពត តម្លៃ១០លានដុល្លារ នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥នេះ។

សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់យ៉ាងដូច្នេះ «គេចោទថាយើងឲ្យចិនមកគ្រប់គ្រងគ្រប់កន្លែង គឺបាត់អធិបតេយ្យភាព។ ខ្ញុំសូមបញ្ជាក់ថា ការនិយោគចិនមិនមែននៅតែកម្ពុជាទេ។ ខ្ញុំឲ្យស្រង់ទិន្នន័យយប់មិញ ឆ្នាំ២០២៣។ វិនិយោគចិននៅអាមេរិក ឆ្នាំ២០២៣ មាន២៨ពាន់លានដុល្លារ ក្រុមហ៊ុនអាមេរិកច្រើនណាស់ ដែលទិញភាគហ៊ុនយក, នៅអឺរ៉ុប តាំងពីឆ្នាំ២០០០ ដល់ឆ្នាំ២០២៣ លុយចិនវិនិយោគ ១៦៣ពាន់លានដុល្លារ, នៅជប៉ុន ឆ្នាំ២០២៣ ចិនវិនិយោគជិត ២ពាន់លានដុល្លារ, នៅកូរ៉េខាងត្បូង ៩ពាន់លានដុល្លារ, នៅអូស្ត្រាលីជាង ៥ពាន់លានដុល្លារ, នៅអាស៊ាន ១០ប្រទេសលុយចិនវិនិយោគ ២៥ពាន់លានដុល្លារ នៅឆ្នាំ២០២៣, សួរថា ការវិនិយោគនៅប្រទេសអាស៊ានទាំង១០ ចិនវិនិយោគនៅប្រទេសណាច្រើនជាងគេ? ខ្មែរយើងលេខ៨»

សម្តេចបានបន្តថា «ចិនវិនិយោគច្រើនជាងគេ នៅសិង្ហបុរី ១៣ពាន់លានដុល្លារ។ ចិនវិនិយោគនៅឥណ្ឌូនេស៉ី ៤ពាន់លានដុល្លារ, ចិនវិនិយោគនៅវៀតណាមជាង ២ពាន់លានដុល្លារ, ចិនវិនិយោគនៅម៉ាឡេស៊ី ២,២លានដុល្លារ,ចិនវិនិយោគនៅថៃ ១ពាន់លានដុល្លារ, ចិនវិនិយោគនៅហ្វីលីពីន (ទោះឧស្សាហ៍មានរឿងជម្លោះសមុទ្រ)ចំនួន ៩០០លានដុល្លារ, ចិនវិនិយោគនៅភូមា ដែលកំពុងតែសង្គ្រាម ៤០០លានដុល្លារ, ចិនវិនិយោគនៅខ្មែរ តែ ៣០០លានដុល្លារទេ»

បើតាមប្រសាសន៍សម្តេចមហាបវរធិបតី ប្រទេសទាំងនោះ ទោះមានការវិនិយោគចិនច្រើនក៏ដោយ ក៏មិនបាត់អធិបតេយ្យភាពដែរ។ ប៉ុន្តែ ពេលចិនវិនិយោគនៅខ្មែរ បែរជាមានមតិថា ខ្មែរបាត់បង់អធិបតេយ្យភាពទៅវិញ។

សម្តេចក៏បានថ្លែងថា កម្ពុជាយកការវិនិយោគគ្រប់ប្រទេសទាំងអស់ មិនថាចិន ឬអាមេរិកទេ ពោលគឺយកទាំងស្ពៃ និងសាច់គោ៕