(ភ្នំពេញ)៖ ក្រសួងបរិស្ថាន នឹងរៀបចំការប្រឡងប្រណាំងភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព ក្រោមប្រធានបទ «ផ្លូវជាតិ ផ្លូវខេត្តស្អាត គ្មានសំរាមប្លាស្ទិក» ក្នុងក្របខ័ណ្ឌលក្ខណសម្បត្តិទី៦ មានអនាម័យ មានសោភ័ណភាពល្អ និងបរិស្ថានល្អ នៃគោលនយោបាយភូមិឃុំ-សង្កាត់មានសុវត្ថិភាព ដើម្បីផ្តល់បណ្ណមេត្រីបរិស្ថាន សម្រាប់ឆ្នាំ២០២៥។

ក្រសួងបានបញ្ជាក់ថា កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីគាំទ្រនិងអនុវត្តគោលនយោបាយរបស់ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការផ្តល់តម្លៃ និងលើកទឹកចិត្តដល់ភូមិ ឃុំ-សង្កាត់ ដែលអនុវត្តបានល្អនូវលក្ខណសម្បត្តិទី៦ នៃគោលនយោបាយ «ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព»។

ពាក្យស្នើសុំចូលរួមប្រឡងប្រណាំងនេះ មាននៅគ្រប់មន្ទីរបរិស្ថានរាជធានីខេត្ត សម្រាប់ចែកជូនដោយឥតគិតថ្លៃ ចាប់ពីថ្ងៃផ្សាយដំណឹងនេះ។ ផុតកំណត់ការទទួលពាក្យនៅថ្ងៃសុក្រ ទី២៧ ខែមិថុនា ឆ្នាំ២០២៥។

ទទួលបានសេចក្តីជូនដំណឹងនេះ សូមអភិបាលក្រុង ស្រុក ខណ្ឌ ជ្រើសរើសបេក្ខភាពឃុំ-សង្កាត់ឆ្នើម ដែលបានគ្រប់គ្រង ថែរក្សា ការពារធនធានធម្មជាតិ និងបរិស្ថាន និងបង្ក្រាបការយល់ដឹងដល់ប្រជាពលរដ្ឋអំពីអនាម័យក្នុង ភូមិ ឃុំ-សង្កាត់ ប្រកបដោយប្រសិទ្ធិភាព រួចបញ្ជូនមក នាយកដ្ឋានរង្វាន់ និងលើកទឹកចិត្ត នៃអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន ក្រសួងបរិស្ថាន៕