(ភ្នំពេញ)៖ អ្នកស្រី ញ៉ឹល ស៉ីនី និងស្វាមីឈ្មោះ សាំង សុខា រស់នៅស្រុកកៀនស្វាយ ខេត្តកណ្តាល ដោយក្តីស្រឡាញ់ចំពោះកូន បានខិតខំស្វះស្វែងរកថវិកា ដើម្បីព្យាបាលកូនស្រីរបស់ខ្លួន អាយុ៥ឆ្នាំ ដែលមានជំងឺមហារីកគ្រាប់ឈាម។
អ្នកស្រីបានឱ្យដឹងថា កូនស្រីរបស់ខ្លួន មានជំងឺមហារីកគ្រាប់ឈាមប្រភេទ AML ដែលជាជំងឺពិបាកព្យាបាល ហើយចាប់ផ្តើមព្យាបាលចាប់តាំងពីខែវិច្ឆិកាមក ដោយចេញទៅព្យាបាលនៅប្រទេសថៃ និងបានចាក់គីមីចំនួន ៣វគ្គនៅមន្ទីរពេទ្យក្នុងប្រទេសថៃ ប៉ុន្តែហាក់មិនសូវមានប្រសិទ្ធភាពនោះទេ ដោយរយៈពេលនៃការព្យាបាល៥ខែមកនេះចំណាយអស់ប្រហែលជិត៥ម៉ឺនដុល្លារអាមេរិក។
អ្នកស្រីស៉ីនី បាននិយាយទៀតថា «ការព្យាបាលនៅប្រទេសថៃ ពេទ្យថៃប្រាប់ថា ត្រូវការផ្សាំខួរឆ្អឹងខ្នងទើបកូនមានប្រសិទ្ធភាពអាចព្យាបាលជា តែការផ្សាំខួរឆ្អឹងខ្នងមានតម្លៃថ្លៃពេក ដោយគេឲ្យត្រៀមយ៉ាងតិចជាង ១០ម៉ឺនដុល្លារ។ ដោយពួកខ្ញុំគ្មានលុយគ្រប់គ្រាន់ ហើយក៏បាននាំកូនមកពិនិត្យនៅពេទ្យវៀតណាម។ ដើម្បីសាកសួរពីតម្លៃការផ្សាំខួរឆ្អឹងខ្នង ឮថាគេមានតម្លៃធូរជាងនៅថៃ»។
អ្នកស្រីបន្ថែមថា ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ ខ្លួនទើបតែទទួលបានលទ្ធផលការធ្វើតេស្តខួរឆ្អឹងខ្នង ពីប្រទេសថៃបញ្ជាក់ថា ខួរឆ្អឹងរបស់គាត់មិនមានជំងឺមហារីកទៀតទេ ក៏ប៉ុន្តែនៅក្នុងក្រូម៉ូហ្សូនកូនស្រីរបស់គាត់មានជំងឺមហារី ៧%ទៀត។ ប៉ុន្តែនៅពេទ្យវៀតណាម គ្រូពេទ្យបានបញ្ជាក់ថា ការធ្វើគីមីនៅប្រទេសថៃមិនទទួលបានជោគជ័យនោះទេ។ ដូច្នេះហើយតម្រូវធ្វើការព្យាបាលសារជាថ្មី នៅប្រទេសវៀតណាម។
សម្រាប់ការព្យាបាលនៅប្រទេសវៀតណាម គឺត្រូវការថវិកាប្រហែល ៣ម៉ឺនដុល្លារទៀត ខណៈថវិការបស់អ្នកស្រី មានតិចតួចប៉ុណ្ណោះ ដូច្នេះមានតែអំពាវនាវដល់សប្បុរសជនមេត្តាជួយកូនស្រីគាត់ផង។ អ្នកស្រី ញ៉ឹល ស៉ីនី មានលេខទូរស័ព្ទ៖ 069 654 182៕