(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូចូលគោរពវិញ្ញាណក្ខន្ធសពលោក សុខ សំអុល ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធាន គណបក្សប្រជាជនកម្ពុជា និងត្រូវជាឪពុកបង្កើតលោក សុខ ប្រសិទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន។
លោក សុខ សំអុល បានទទួលមរណភាពនៅថ្ងៃអាទិត្យ ៨រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ១៤:៤៥នាទីរសៀល ក្នុងជន្មាយុ ៨៥ឆ្នាំ ដោយជរាពាធ។
សពលោក សុខ សំអុល ត្រូវបានតម្កល់ធ្វើបុណ្យទក្ខិណានុប្បន្នតាមប្រពៃណីសាសនា នៅវត្តបញ្ហាកែវមុនីឫស្សីសាញ់ ស្ថិតនៅផ្លូវព្រៃស ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ស្ថិតនៅក្នុងឱកាសនេះ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា រួមជាមួយគណៈប្រតិភូក្រសួងព័ត៌មាន សូមចូលរួមរំលែកទុក្ខ ដ៏សែនក្រៀមក្រំបំផុតនេះផង និងសូមគោរពបួងសួងឧទ្ទិសដល់វិញ្ញាណក្ខន្ធរបស់លោក សុខ សំអុល បានទៅកាន់សុគតិភព កុំបីឃ្លាងឃ្លៀតឡើយ៕