(កំពង់ធំ)៖ លោកឧត្តមសេនីយ៍ទោ ហេង សុផល បានដាក់ចេញការណែនាំ ចំនួន៨ចំណុច ដល់កងកម្លាំងនគរបាលខេត្តកំពង់ធំ ដើម្បីបន្ដរក្សាបានសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ។

ការណែនាំរបស់លោកឧត្តមសេនីយ៍ទោ ហេង សុផល ធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា និងលើកទិសដៅអនុវត្តបន្តសម្រាប់ខែឧសភា ឆ្នាំ២០២៥ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥នេះ។

លោកបានលើកឡើងអំពីស្នាដៃគុណបំណាច់របស់កងកម្លាំងនគរបាលជាតិ គ្រប់លំដាប់ថ្នាក់ទូទាំងខេត្ត ដែលលះបង់កម្លាំងកាយចិត្ត សេចក្តីសុខផ្ទាល់ខ្លួន ចូលរួមបំពេញបេសកកម្មការពារ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ រយៈពេលកន្លងទៅថ្មីៗនេះ ធានាបានសុខសុវត្ថិភាពល្អ ពុំមានហេតុការណ៍អ្វីមួយ កើតមានឡើងគួរឲ្យកត់សម្គាល់ឡើយ។

ការណែនាំចំនួន៨ចំណុច ដែលបានដាក់ចុះដោយលោកឧត្តមសេនីយ៍ទោ ហេង សុផល រួមមាន៖

*ទី១៖ ពង្រឹងរបៀបរបបការងារជំនាញ បែបបទការងាររដ្ឋបាល

*ទី២៖ បន្តការផ្សព្វផ្សាយអប់រំ ច្បាប់ចរាចរណ៍ផ្លូវគោក តាមគ្រិះស្ថាន សាលារៀន មជ្ឈមណ្ឌល រោងចក្រសហគ្រាសបញ្ជ្រាបការយល់ដឹង និងបំផុសស្មារតីឲ្យមានការចូលរួមប្រុងប្រយ័ត្ន ចំពោះហានិភ័យ ដែលកើតមានឡើងអំពីគ្រោះថ្នាក់ចរាចរណ៍, ប្រើប្រាស់វិធានការរដ្ឋបាល ចុះល្បាតចល័ត ត្រួតពិនិត្យតាមភូមិសាស្ត្រ តាមតម្រ៉ាយផ្លូវគោលដៅងាយរងគ្រោះ និងពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក

*ទី៣៖ បទល្មើសព្រហ្មទណ្ឌ លួច ឆក់ ប្លន់ និងល្បែងស៊ីសងខុសច្បាប់ ទោះបីជាបទល្មើសមានការថយចុះយ៉ាងណាក្តី សូមមន្ត្រីជំនាញ ត្រូវបន្តពង្រឹងវិធានការជំនាញ វិធានការរដ្ឋបាល គ្រប់គ្រង ត្រួតត្រា ស្រាវជ្រាវ ចងក្រងសំណុំរឿងចាត់ការតាមនីតិវិធី

*ទី៤៖ ការងារផ្ដល់អត្តសញ្ញាណប័ណ្ណ បង្កើនសេវាសាធារណៈ ជូនប្រជាពលរដ្ឋ រហ័សទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់

*ទី៥៖ ការងារ ប្រឆាំងគ្រឿងញៀន លើកទឹកចិត្តដល់មន្ត្រីជំនាញ បង្ក្រាបបទល្មើសគ្រឿងញៀន ដូចភ្លៀងរលឹម សំដៅទប់ស្កាត់ កាត់បន្ថយ បទល្មើសគ្រឿងញៀន ដែលកើតមានឡើងតាមមូលដ្ឋាន

*ទី៦៖ រៀបចំវេទិកាសាធារណៈ ផ្សព្វផ្សាយលក្ខណៈសម្បត្តិទាំង៧យ៉ាង នៃគោលនយោបាយ «ភូមិ-ឃុំសង្កាត់មានសុវត្ថិភាព» ដល់ប្រជាពលរដ្ឋ និងទទួលយកយោបល់ បញ្ហាប្រឈម ក្ដីកង្វល់ ធ្វើការដោះស្រាយជូនពួកគាត់ឲ្យបានទាន់ពេលវេលា

*ទី៧៖ ការងារអន្តោប្រវេសន៍ គ្រប់គ្រងត្រួតពិនិត្យបម្រែបម្រួលវត្តមានជនបរទេស ដែលស្នាក់នៅតាមមូលដ្ឋានក្នុងខេត្តកំពង់ធំ

*ទី៨៖ បន្តថែរក្សា ការងារសាមគ្គីភាព ជាមួយមន្ត្រីរាជការ កងកម្លាំងជុំវិញខេត្តដោយកិច្ចសហការល្អ៕