(ភ្នំពេញ)៖ លោក សម សេរី អតីតប្រធានរណសិរ្យរំដោះជាតិខ្មែរ បានថ្លែងប្រដូចលោក សម រង្ស៊ី មេដឹកនាំក្រុមប្រឆាំងខុសច្បាប់នៅក្រៅប្រទេស ទៅនឹងអ្នកជំនួញមួយរូប ដែលបានក្ស័យធន។
ក្នុងកិច្ចសម្ភាសជាមួយបណ្តាញព័ត៌មាន Fresh News លោក សម សេរី បានលើកឡើងថា លោក សម រង្ស៊ី ធ្លាប់ឈ្នះកៅអីក្នុងរដ្ឋសភាដល់ទៅ ៥៥អាសនៈ តែលោកការពារមិនបានផង ប៉ុន្តែលោកខិតខំបង្កើតចលនាខុសច្បាប់ក្រៅប្រទេសពីមួយទៅមួយ ដូចក្រុមហ៊ុនក្ស័យធនអីចឹង។ ចំពោះអ្នកដែលតាមជឿលោក សម រង្ស៊ី នឹងខាតបង់ជាក់ជាមិនខាន។
បើតាម លោក សម សេរី គឺលោក សម រង្ស៊ី មិនមែនជាអ្នកប្រជាធិបតេយ្យទេ ជាក់ស្តែងសារនយោបាយរបស់គាត់ បានបង្កប់នូវភាពរើសអើងពូជសាសន៍ និងរើសអើងនយោបាយ ដែលផ្ទុយពីគោលការណ៍សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ហើយអន្តរជាតិមិនទទួលស្គាល់ លោក សម រង្ស៊ី ឡើយ។ ជាមួយគ្នានេះ លោក សម រង្ស៊ី ជាមនុស្សកុហក ហើយអ្នកនយោបាយដែលមិនប្រកាន់ការណ៍ពិត ក៏ដូចជាពាក្យសច្ចៈ ម្តងហើយម្តងទៀត មិនអាចធ្វើការងារធំបានឡើយ។
ចំពោះការបង្កើតព្រឹត្តិការណ៍ពីមួយទៅមួយរបស់លោក សម រង្ស៊ី ត្រូវបានលោក សម សេរី ចាត់ទុកថា គឺធ្វើឡើងដើម្បីឲ្យគេចាប់អារម្មណ៍រូបគាត់ ពោលមិនមែនជានយោបាយឡើយ និងមិនមែនអ្វីដែលជាផលប្រយោជន៍ដល់ប្រជាពលរដ្ឋខ្មែរឡើយ។
លោក សម សេរី ក៏បានអះអាងថា នៅក្នុងសហគមន៍អន្តរជាតិ គេមិនទទួលស្គាល់លោក សម រង្ស៊ី ដូចលោកនោះឡើយ។ នេះក៏ព្រោះតែលោក សម សេរី អាចជួបជាមួយអ្នកមុខអ្នកការ និងមន្ត្រីរបស់រដ្ឋាភិបាលប្រទេសនានា ហើយចូលប្រជុំអន្តរជាតិបានជាផ្លូវការណ៍ ខុសពីលោក សម រង្ស៊ី ដែលទៅក្នុងសហគមន៍អន្តរជាតិ បាននៅតែក្រៅអង្គប្រជុំ និងបោកបញ្ឆោតភ្នែកមហាជន។
លោក សម សេរី ក៏បានថ្លែងថា លោក សម រស្ស៊ី អស់ពីខ្លួនហើយ គ្មានសល់អ្វីទៀតនោះទេ។ ហេតុនេះហើយ លោក សម សេរី បានស្នើលោក សម រង្ស៊ី ឲ្យសម្រាកពីរឿងនយោបាយទៅ ម្យ៉ាងលោកក៏ចាស់វស្សាហើយដែរ។
ចុងក្រោយ លោក សម សេរី បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ មើលការរីកចម្រើនរបស់កម្ពុជា និងគោរពច្បាប់ ក៏ដូចជារដ្ឋធម្មនុញ្ញ ឈប់ចូលរួមជាមួយចលនាខុសច្បាប់ ដែលមិនមានប្រយោជន៍ដល់ប្រទេសជាតិឡើយ៕