(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បានជួបប្រជុំទ្វេភាគីជាមួយនឹង នាយឧត្តមសេនីយ៍ តាន់ស៊ី ដាតុ វីរ៉ា ម៉ូហាម៉ាដ ហាហ្វីស៊ូដេឌីន ប៊ីនចាន់តាន់ មេបញ្ជាការកងទ័ពជើងគោកម៉ាឡេស៊ី ដែលកំពុងដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។
សេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងថា ក្នុងជំនួបនេះ សមភាគីទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ជិតស្និទ្ធរវាង កម្ពុជា-ម៉ាឡេស៊ី ដែលបានបង្កើតតាំងពីឆ្នាំ១៩៥៧ និងបានសម្តែងការពេញចិត្តយ៉ាងខ្លាំងចំពោះកិច្ចសហប្រតិបត្តិការ និងការគាំទ្រគ្នាទៅវិញទៅមក ហើយបានគូសបញ្ជាក់ពីសារៈសំខាន់នៃការបង្កើនកិច្ចសហប្រតិបត្តិការយោធា រវាងប្រទេសទាំងពីរ។
នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានថ្លែងអំណរគុណ ដល់កងទ័ពជើងគោកម៉ាឡេស៊ី ដែលបានផ្តល់វគ្គហ្វឹកហ្វឺន ពង្រឹងសមត្ថភាពទ័ព ដល់កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ នាពេលកន្លងមក។ លោកបានប្តេជ្ញាធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹង កងទ័ពជើងគោកម៉ាឡេស៊ី ព្រមទាំងបានលើកឡើងនូវគោលគំនិតកិច្ចសហប្រតិបត្តិការមួយចំនួន ដើម្បីជំរុញមិត្តភាព ភាពជាដៃគូប្រកបដោយភាព ស្ថាបនា តម្លាភាព និងផលប្រយោជន៍ទៅវិញទៅមក។
នាយឧត្តមសេនីយ៍ តាន់ស៊ី ដាតុ វីរ៉ា ម៉ូហាម៉ាដ ហាហ្វីស៊ូដេឌីន ប៊ីនចាន់តាន់ បានថ្លែង អំណរគុណ និងមានកិត្តិយស ដែលបានមកទស្សនកិច្ចនៅកម្ពុជា និងសូមថ្លែងអំណរគុណចំពោះការរៀបចំ បដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ។ លោកបានបន្ថែមថា ថ្វីត្បិតតែក្រសួងការពារជាតិកម្ពុជា-ម៉ាឡេស៊ី មិនទាន់មានការបង្កើត MOU ស្តីពីកិច្ចសហប្រតិបត្តិការយោធា ក៏ប៉ុន្តែសន្ទុះទំនាក់ទំនងទ្វេភាគីរវាង កងទ័ពជើងគោកទាំងពីរ មានការរីចម្រើនគួរឲ្យកត់សម្គាល់។ លោកបានឯកភាពជាគោលការណ៍បន្តផ្តល់វគ្គហ្វឹកហ្វឺនបន្ថែមសម្រាប់ឆ្នាំ២០២៥ និងឆ្នាំ២០២៦ ខាងមុខ ដើម្បីចូលរួមកសាងសមត្ថភាពដល់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និងបានស្នើភាគីកម្ពុជាជួយចែករំលែកបទពិសោធន៍ពាក់ព័ន្ធការងារ បោសសម្អាតមីនមនុស្សធម៌។
នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ និង នាយឧត្តមសេនីយ៍ តាន់ស៊ី ដាតុ វីរ៉ា ម៉ូហាម៉ាដ ហាហ្វីស៊ូដេឌីន ប៊ីនចាន់តាន់ ក៏បានពិភាក្សាអំពីលទ្ធភាពនៃការបន្តកិច្ចសហប្រតិបត្តិការលើសកម្មភាពមួយ ចំនួនរួមមាន៖ (១) កិច្ចសន្ទនាក្រុមការងារកងទ័ពជើងគោក (២) ការផ្លាស់ប្តូរបទពិសោធន៍ជំនាញ (៣) ការផ្លាស់ប្តូរនាយទាហានវ័យក្មេង (៤) ការរៀបចំសមយុទ្ធទ្វេភាគី ឬ ពហុភាគី ក្រោមប្រធានបទ ជំនួយមនុស្សធម៌ និងសង្គ្រោះគ្រោះមហន្តរាយ (HADR)៕