(ភ្នំពេញ)៖ បុរសម្នាក់ត្រូវបានកម្លាំងនគរបាលរាជធានីភ្នំពេញ ចាប់ខ្លួននៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥នេះ ពាក់ព័ន្ធករណីឆបោកលុយប្រជាពលរដ្ឋជាង១០លានដុល្លារ ក្រោមរូបភាពដាក់ទុនវិនិយោគអចលនទ្រព្យ។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី២១ ខែមេសានេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា បុគ្គលដែលសមត្ថកិច្ចចាប់ខ្លួនឈ្មោះ ទូច សុភាព ជាស្ថាបនិក ក្រុមហ៊ុន ឌី បេស ហ្គ្រីន ឡងឡាយហ្វ័ (ខេមបូឌា) ឯ.ក មានទីតាំងនៅសង្កាត់ក្រាំងឃ្នង់ ខណ្ឌសែនសុខ។

បើតាមលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ, ក្រៅពីបុគ្គលខាងលើ កម្លាំងសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវចាប់ខ្លួនបក្ខពួកដែលសង្ស័យមានការពាក់ព័ន្ធផ្សេងទៀតផងដែរ។

បើប្រភពពីប្រជាពលរដ្ឋរងគ្រោះ បានអះអាងថា ជនរងគ្រោះសរុបក្នុងអំពើឆបោកនេះ មានប្រមាណ២ពាន់នាក់ ហើយគិតជាទឹកប្រាក់សរុបប្រមាណជិត១៦លានដុល្លារ។ រូបភាពនៃអំពើឆបោក គឺដាក់ទុនវិនិយោគអចលនទ្រព្យ។

តែចំនូនទឹកប្រាក់ដែលត្រូវចាញ់បោកឲ្យពិតប្រាកដយ៉ាងណានោះរង់ចាំការសួរនាំលម្អិតសិន។

យ៉ាងណាមិញ បន្ទាប់ពីចាប់ខ្លួនជនសង្ស័យត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសួរនាំ និងចាត់ការបន្ដតាមនីតិវិធី៕