(ពោធិ៍សាត់)៖ ថ្លែងពីខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហើបពីការធ្វើច្បាប់ឡើងវិញ ពាក់ព័ន្ធការប្រើប្រាស់ឧបករណ៍នេសាទ ក្នុងគោលដៅទប់ស្កាត់នូវសកម្មភាពនេសាទខុសច្បាប់ និងដើម្បីការពារប្រជានេសាទតូចតាចឱ្យមានទីតាំងសម្រាប់ប្រកបរបរប្រចាំថ្ងៃ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញសម្ពោធដាក់ឱ្យដំណើរការខ្សែច្រវាក់ផលិតកម្មថ្មី និងរោងចក្រដំឡើងគ្រឿងបង្គុំរថយន្ត Ford របស់ក្រុមហ៊ុន RMA Cambodia ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥នេះ។
សម្តេចមហាបវរធិបតី បានគូសបញ្ជាក់ថា នៅពេលសភាចូលកងវិញ អាចនឹងការពិនិត្យឆ្លងច្បាប់ ពាក់ព័ន្ធការប្រើប្រាស់ឧបករណ៍នេសាទ ជាពិសេសឧបករណ៍អួន។
សម្តេចធិបតីបានគូសបញ្ជាក់ យ៉ាងដូច្នេះថា «ឥលូវច្បាប់របស់យើង ពេលសភាចូលវិញ គឺឆ្លង ទាក់ទងនឹងរឿងបំបែកអួន។ ច្បាប់ចាស់នោះឱ្យអួនតែ៥០ម៉ែត្រទេ ឥលូវច្បាប់ថ្មី យើងគុណបំបែកអួនស្របច្បាប់នេះទៅ៣ ឬ៤ ដង ហើយពិនិត្យមើលក្រឡា និងបច្ចេកទេស»។
សម្តេចមហាបវរធិបតី បានប្រសាសន៍ថា ប្រសិនបើរដ្ឋមិនគ្រប់គ្រងឱ្យច្បាស់នោះទេ អ្នកធ្វើអាជីវកម្មនេសាទធំៗនឹងធ្វើគ្រប់កន្លែង នោះនឹងគ្មានទីតាំងសម្រាប់ប្រជានេសាទធម្មតា ប្រកបរបរប្រចាំថ្ងៃឡើយ។
សម្តេចមហាបវរធិបតី បានណែនាំឱ្យមើលឱ្យច្បាស់រវាងប្រជានេសាទ និងអ្នកនេសាទបែបអាជីវកម្មធំៗ។ ប្រសិនបើធ្វើអាជីវកម្ម ឱ្យដឹងអាជីវកម្ម និងត្រូវមានការសុំច្បាប់ឱ្យបានត្រឹមត្រូវ និងកំណត់ទីតាំងឱ្យបានច្បាស់លាស់ ព្រោះប្រជានេសាទលក្ខណៈតូចតាចគ្មានលទ្ធភាពទិញអួនប្រវែងរាប់សិបគីឡូបាននោះទេ។
សម្តេចមហាបវរធិបតី បញ្ជាក់បន្ថែមថា ការទប់ស្កាត់ ការនេសាទខុសច្បាប់ ដូចជា ការឆក់ ការនេសាទប្រើមងក្រឡាល្អិត នឹងធ្វើឱ្យការនេសាទមាននិរន្តភាព។
ជាមួយគ្នានេះ សម្តេចចាត់ទុកថា ការរក្សាធនធានធម្មជាតិ នៅខេត្តពោធិ៍សាត់ បានដើរតួនាទីយ៉ាងសំខាន់ ទាំងការទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ រួមនឹងការបង្រ្កាបបទល្មើសនេសាទផ្សេង។ សម្តេចបានថ្លែងអំណរគុណដល់អាជ្ញាធរខេត្ត ដល់ក្រសួងស្ថាប័នពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានចូលទប់ស្កាត់ និងអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមទប់ស្កាត់ទាំងអស់គ្នា៕