(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសហការជាមួយមជ្ឈមណ្ឌលផ្សព្វផ្សាយអន្តរជាតិចំពោះតំបន់អាស៉ីខាងត្បូង និងអាស៉ីអាគ្នេយ៍ ខេត្តយូណាន ប្រទេសចិន (YICC) នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥នេះ បានរៀបចំកម្មវិធីច្រករបៀងវប្បធម៌កម្ពុជា-ចិន ក្រោមប្រធានបទ «ការផ្លាស់ប្តូរវប្បធម៌ អរិយធម៌កម្ពុជា-ចិន»។
ពិធីនេះបានធ្វើឡើងក្រោមវត្តមានលោកស្រី ឡុងឌី សាន់ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, លោក ឆិន ឆុង អគ្គទីប្រឹក្សាស្ថានទូតចិន ប្រចាំកម្ពុជា និងលោក ចាំង យូតូ អនុប្រធានមជ្ឈមណ្ឌលផ្សព្វផ្សាយអន្តរជាតិចំពោះតំបន់អាស៉ីខាងត្បូង និងអាស៉ីអាគ្នេយ៍ ខេត្តយូណាន។ ពិធីនេះបានធ្វើឡើងួំនើបជីពម៉ុង ២៧១ រាជធានីភ្នំពេញ។
នាឱកាសនោះដែរ លោកស្រី ឡុងឌី សាន់ណារ៉ា បានថ្លែងថា ការរៀបចំកម្មវិធីផ្តល់ប្តូរវប្បធម៌នេះ មិនត្រឹមតែជាការបង្ហាញពីលក្ខណៈពិសេសនៃវប្បធម៌ និងអរិយធម៌ប្រទេសទាំង២ កម្ពុជា-ចិន (ដែលមានខេត្តយូណានជាតំណាង) ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការឆ្លុះបញ្ចាំងពីចំណងមិត្តភាពដ៏យូរអង្វែង និងជាមិត្តភាពដែកថែបដ៏រឹងមាំរវាងប្រជាជន និងប្រជាជន (កម្ពុជា និងចិន)។
មន្ត្រីជាន់ខ្ពស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបន្តថា កម្ពុជា និងចិន បានរួមគ្នាអបអរសាទរទំនាក់ទំនងមិត្តភាពប្រជាជន និងប្រជាជនរវាងកម្ពុជា និងចិន ដែលមានជាច្រើនសតវត្សរ៍មកហើយ តាមរយៈពាណិជ្ជកម្ម ការធ្វើចំណាកស្រុក និងការផ្លាស់ប្តូរវប្បធម៌។ ទំនាក់ទំនងនេះកាន់តែរឹងមាំទៅក្នុងទសវត្សរ៍ឆ្នាំ ១៩៥០ ក្រោមការដឹកនាំរបស់ព្រះបាទ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ត្រូវបានស្ដារឡើងវិញក្នុងប៉ុន្មានទសវត្សរ៍ថ្មីៗរហូតដល់បច្ចុប្បន្នក្រោមការដឹកនាំ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជាពិសេសជាមួយនឹងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់មហាមិត្តចិន។
លោកស្រីបានបន្ថែមថា កិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីររួមមាន៖ ការអប់រំ ទេសចរណ៍ ការផ្លាស់ប្តូរវប្បធម៌ និងកិច្ចសហប្រតិបត្តិការសហគមន៍ ការកសាងមិត្តភាពយូរអង្វែងទាំងនេះ គឺជាស្ពានបង្រួបបង្រួមនៃមិត្តភាពកម្ពុជា និងចិនឱ្យកាន់តែជិត ហើយនឹងលេចចេញជារូបរាងតាមរយៈការចែករំលែកចំណេះដឹង បទពិសោធន៍ ការច្នៃប្រតិដ្ឋ និងបេតិកភណ្ឌវប្បធម៌។ តាមរយៈសិល្បៈ បានឃើញពីទាក់ទងជាប្រវត្តិសាស្ត្ររវាងប្រជាជាតិទាំងពីរ និងការផ្តល់តម្លៃឱ្យគ្នាពីមួយជំនាន់ទៅមួយជំនាន់។ តាមរយៈការអញ្ជើញធ្វើទស្សនកិច្ចលើកទី១ មកកម្ពុជា កាលពីឆ្នាំ២០១៦ និងថ្មីៗនេះការអញ្ជើញទស្សនកិច្ចជាផ្លូវរដ្ឋរបស់ប្រធានាធិបតី ស៊ី ជិងពីង គឺជាសក្ខីភាពមួយ និងជាប្រវត្តិសាស្ត្រនៃចំណងសាមគ្គីភាព និងមិត្តភាពដ៏រឹងមាំរវាងកម្ពុជា និងចិន។
បើតាមលោកអគ្គទីប្រឹក្សាស្ថានទូតចិន ប្រចាំកម្ពុជា បានលើកឡើងថា កាលពីសប្តាហ៍មុនលោក ស៊ី ជិនពីង ប្រធានាធិបតីចិន បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសកម្ពុជា ដោយជោគជ័យហើយនេះជាដំណើរទស្សនកិច្ចម្តងទៀតរបស់ប្រមុខរដ្ឋចិន មកកាន់កម្ពុជានៅក្រោយ ៩ឆ្នាំ។ ប្រធានាធិបតី ស៊ី ជិនពីង គឺជាមេដឹកនាំប្រទេសធំដំបូងគេដែលអញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា បន្ទាប់ពីការបង្កើតរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។
លោក ឆឹង ឆុង បានគូសបញ្ជាក់ថា ចំណុចនេះបានឆ្លុះបញ្ចាំងឱ្យឃើញពីការយកចិត្តទុកដាក់របស់បក្ស និងរដ្ឋាភិបាលចិន ជាពិសេស របស់ប្រធានាធិបតី ស៊ី ជិនពីង ផ្ទាល់ចំពោះទំនាក់ទំនងចិន-កម្ពុជា។ ក្នុងដំណើរទស្សនកិច្ចនេះភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួមដោយបានបានឯកភាពគ្នាលើការពន្លឿនការកសាងសហគមន៍វាសនារួម ចិន-កម្ពុជា ក្នុងយុគសម័យថ្មីគ្រប់រដូវកាល។ ភាគីទាំងពីរបានឯកភាពគ្នាលើការបង្កើនការផ្លាស់ប្តូរប្រជាជន និងប្រជាជនឱ្យបានកាន់តែញឹកញាប់ថែមទៀត ហើយរួមគ្នាប្រកាសឱ្យកំណត់យកឆ្នាំ២០២៥ ជា «ឆ្នាំទេសចរណ៍ចិន-កម្ពុជា» ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបេតិកភណ្ឌវប្បធម៌អរូបី ការអប់រំ និងយុវជនជាដើម។
ភាគីចិន និងកម្ពុជាសម្រេចបាននូវឯកសារស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីចំនួន៣៧ ក្នុងនោះអគ្គស្ថានីយ៍វិទ្យុ និងទូរទស្សន៍មជ្ឈឹមចិន រដ្ឋ បាលជាតិភាពយន្តចិន និងស្ថាប័នជាច្រើនទៀតរបស់ប្រទេសចិន បានចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ និងភាពយន្តជាដើម ជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា។
មន្ត្រីជាន់ខ្ពស់ស្ថានទូតចិន ប្រចាំកម្ពុជារូបនេះ បានបញ្ជាក់ថា ច្រករបៀងវប្បធម៌កម្ពុជា-ចិន គឺជាគម្រោងម៉ាកយីហោដ៏ល្បីល្បាញសម្រាប់ការផ្លាស់ប្តូរ ប្រជាជន និងប្រជាជនចិន-កម្ពុជា ដែលរៀបចំបង្កើតដោយមជ្ឈមណ្ឌលផ្សព្វផ្សាយអន្តរជាតិ ចំពោះតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ខេត្តយូណាន។ គម្រោងនេះត្រូវបានប្រារព្ធដោយជោគជ័យនៅក្នុងខេត្តសៀមរាប នាឆ្នា២០២៤ ហើយជាសមិទ្ធផលដ៏សំខាន់គួរឱ្យកត់សម្គាល់នៃកម្មវិធី «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនចិន-កម្ពុជា» ឆ្នាំ ២០២៤។ ឆ្នាំ២០២៥ ច្រករបៀងវប្បធម៌ កម្ពុជា-ចិន បានចូលដល់រាជធានីភ្នំពេញ ដោយផ្តល់ជូនមិត្តកម្ពុជានូវបទពិសោធន៍វប្បធម៌ដ៏សម្បូរបែប និងបង្កើតជាវេទិកាដ៏មានសារប្រយោជន៍សម្រាប់ប្រជាជនទាំងពីរឱ្យស្គាល់គ្នា រាប់អានគ្នា និងរួមចំណែកក្នុងការជំរុញការផ្លាស់ប្តូរ និងការរៀនសូត្រគ្នាទៅវិញទៅមករវាងអរិយធម៌ទាំងពីរ។ ទន្ទឹមនឹងនេះដែរ ចិនក៏ស្វាគមន៍សិល្បករសិល្បការិនីខ្មែរឱ្យទៅរៀបចំការតាំងពិព័រណ៍នៅប្រទេសចិន រួមគ្នាពិភាក្សា និងផ្សព្វផ្សាយអំពីចំណងមិត្តភាព និងវប្បធម៌ ព្រមទាំងបង្ហាញដល់មិត្តចិននូវភាពទាក់ទាញពិសេសនៃ «ព្រះរាជាណាចក្រអច្ឆរិយៈ» និងអរិយធម៌ខ្មែរ៕