(ភ្នំពេញ)៖ Emirates ជាក្រុមហ៊ុនអាកាសចរណ៍លំដាប់អន្តរជាតិ ធំជាងគេលើពិភពលោក កំពុងប្រតិបត្តិការ ហោះហើរប្រចាំថ្ងៃរបស់ខ្លួន មកកាន់រាជធានីភ្នំពេញ ពីទីក្រុងឌូបៃ ឆ្លងកាត់ប្រទេសសិង្ហបុរី តាមរយៈយន្តហោះ Boeing 777-300ER ដ៏ទំនើប។
នៅលើជើងហោះហើរនេះបានកំណត់រចនាសម្ព័ន្ធបីថ្នាក់ ដោយផ្តល់ជូនបន្ទប់ឯកជនចំនួន៨ ថ្នាក់ First Class, កៅអីរាបស្មើចំនួន ៤២ថ្នាក់ Business Class និង ៣១០ កៅអីធំទូលាយសម្រាប់ Economy Class។
ជាភព្វសំណាង នៅថ្ងៃទី២៦-៣០ ខែមីនា ឆ្នាំ២០២៥កន្លងទៅថ្មីៗនេះ អ្នកសារព័ត៌មានរបស់អង្គភាពព័ត៌មាន Fresh News និងស្ថាប័នព័ត៌មាន២ផ្សេងទៀត រួមមាន៖ ទូរទស្សន៍ PNN និងសារព័ត៌មាន KiriPost សរុបចំនួន៦នាក់ ត្រូវបានអញ្ជើញឱ្យធ្វើដំណើរទស្សនកិច្ច ទៅកាន់ទីក្រុងឌូបៃ ដើម្បីទទួលបានបទពិសោធន៍ថ្មី តាមរយៈជើងហោះរបស់ Emirates កៅអីថ្នាក់ Business Class។
ពីរាជធានីភ្នំពេញ ពួកយើងបាន Check in នៅម៉ោង១៨៖៣០នាទីល្ងាចថ្ងៃទី២៦ ខែមីនា ហើយការ Check in នេះក៏អាចធ្វើបានតាមប្រព័ន្ធ online ផងដែរ តាមរយៈគេហទំព័រ emirates.com។
ជើងហោះហើរ EK349 ត្រូវហោះហើរចេញពីរាជធានីភ្នំពេញ (Boarding) នៅម៉ោង២១៖៣០នាទីយប់ ឆ្ពោះទៅចុះចតនៅសិង្ហបុរី ដែលប្រើរយៈពេលជិត២ម៉ោង ទើបហោះហើរបន្តឆ្ពោះទៅកាន់ទីក្រុងឌូបៃ។ ពីសិង្ហបុរីទៅឌូបៃ យើងត្រូវចំណាយពេល៧ម៉ោង ដោយពួកយើងទៅដល់ទីក្រុងឌូបៃ នៅរង្វង់ម៉ោង ៦ព្រឹកថ្ងៃទី២៧ ខែមីនា។ ម៉ោង៦ព្រឹកនៅទីនោះ ស្មើនឹងម៉ោង ៩ព្រឹកនៅកម្ពុជា។ តាមរយៈការធ្វើដំណើរនេះ ខ្ញុំបានសូមលើកយកនូវបទពិសោធន៍ខ្លះៗ ពិសេសនៅលើយន្តហោះ Boeing 777-300ER របស់ Emirates មកចែករំលែកដួចខាងក្រោម៖
មុនពេលឡើងយន្តហោះ
កាន់សំបុត្រ Business Class មានអារម្មណ៍ពិសេសម្យ៉ាងដែលមិនធ្លាប់ជួប។ ក្នុងពេលរង់ចាំឡើងយន្តហោះ យើងអាចអង្គុយញាំអាហារដ៏ឈ្ងុយឆ្ងាញ់ និងភេសជ្ជៈមិនមានជាអាកុល និងមានជាតិអាល់កុលដោយសេរីនៅ Emirates Lounge គ្រប់អាកាសយានដ្ឋាន (សម្រាប់នៅអាកាសយានដ្ឋានភ្នំពេញ គឺ Plaza Premium Lounge)។ ក្រៅពីញាំអាហារ និងភេសជ្ជៈហើយនោះលោកអ្នកក៏អាចងូតទឹក ឬម៉ាស្សាដើម្បីបំបាត់ការនឿយហត់ផងដែរ ដែលធ្វើឱ្យយើងភ្លេចការរង់ចាំ។ ជិតដល់ម៉ោងឡើងយន្តហោះបុគ្គលិករបស់ Emirates Lounge បានជូនដំណឹងដល់យើង និងជូនដំណើរយើងទៅកាន់ Gate ដែលត្រូវចូល ជាមួយគ្នានឹងការជួយរៀបចំសម្រាប់ការស្កេនឥវ៉ាន់របស់យើងផងដែរ។
កៅអីផាសុខភាព ស្នាមញញឹម និងភាពរួសរាយរាក់ទាក់
នៅពេលជើងរបស់យើងឈានជាន់ B777-300ER យើងទទួលបានមុនគេ គឺ «ស្មាមញញឹមដ៏ផ្អែម និងពាក្យសួស្តី» របស់ Cabin Crew បន្ទាប់មក គឺគាត់ប្រាប់អំពីទីតាំងកៅអ៊ីរបស់យើងដែលត្រូវអង្គុយ។ យើងក៏អាចប្តូរកៅអីបាន ដែរ បើសិនកៅអី ដែលចង់ប្តូរគ្មានអ្នកអង្គុយ។ នៅលើកៅអីត្រូវបានរៀបចំជាស្រេចនូវខ្នើយ ភួយ និងកាសស្តាប់ត្រចៀក សម្រាប់ការកម្សាន្តក្នុងពេលធ្វើដំណើរ។ កៅអីអង្គុយប្រកបដោយផាសុខភាព នៅខាងស្តាំដៃអាចហូតតុសម្រាប់ទទួលទានអាហារ, កន្លែងសម្រាប់ដាក់ភេសជ្ជៈ, កន្លែងបំពាក់ Tablet ភ្ជាប់ទៅកាន់ទូរទស្សន៍នៅខាងមុខ, មានប៊ូតុងចុចកំណត់មុខងាររបស់កៅអី នៅពេលយន្តហោះឡើង ឬចុះ សម្រាប់អង្គុយធម្មតា និងសម្រាប់ប្រែទៅជាគ្រែគេង។ Cabin Crew ទាំងអស់មានភាពរួសរាយរាក់ទាក់ ដោយបម្រើសេវាកម្មយ៉ាងល្អឥតខ្ជោះ មិនអោយ ទាស់ចិត្ត ពេលយើងត្រូវការជំនួយពីពួកគាត់ គ្រាន់តែចុចប៊ូតុមួយនៅកៅអីអង្គុយជិតនឹងដៃ ពួកគាត់មកដល់ភ្លាម។ ពេលនោះមានអារម្មណ៍ថាខ្លួនឯង ដូចជាសេដ្ឋី។ កៅអីដែលយើងអង្គុយ មិនឆ្ងាយពីបន្ទប់ទឹកឡើយ គឺងាយស្រួយក្នុងការប្រើប្រាស់បន្ទប់ទឹកមែនទែន។
អាហារ និងភេសជ្ជៈ
នៅពេលយើងអង្គុយដល់កៅអី ភេសជ្ជៈជាច្រើនជម្រើសត្រូវបាន Cabin Crew លើកមកដល់ភ្លាមៗ។ បន្ទាប់មកក៏មានកូនកន្សែងទឹកក្តៅ ឱ្យយើងសម្អាតមុខ និងដៃ មុននឹងទទួលទានអាហារ។ Menu មុខម្ហូប និងភេសជ្ជៈមានជាតិអាកុល ក៏ត្រូវបានផ្តល់ជូនអ្នក ដើម្បីជាជម្រើសតាមចំណង់ចំណូលចិត្ត ទាំងអាហារពេលព្រឹក អាហារថ្ងៃត្រង់ និងអាហារពេលល្ងាច។ ភេសជ្ជៈមានជាតិអាកុល ក៏មានជម្រើសច្រើន ដូចជា whiskey សាំប៉ាញ ស្រាក្រហម...។ លើតុអាហារនៅមុខរបស់យើង ប្រៀបដូចក្នុងភោជនីយដ្ឋានដ៏ទំនើបមួយ ដោយយើងអាចស្រស់ ស្រូបអាហារដ៏ មានឱជារសឈ្ងុយឆ្ងាញ់ ក្រេបស្រា ឬភេសជ្ជៈផ្សេងទៀត ពោរពេញដោយបទពិសោធន៍ នៃការចងចាំ។
ការកម្សាន្ត
ក្រៅតែពីអាហារដ៏ឈ្ងុយឆ្ងាញ់នៅតាមតំបន់ និងភេសជ្ជៈប្រ៊េនៗជាច្រើនជម្រើសដោយឥតគិតថ្លៃហើយនោះ យើងអាចទទួលបាន បទពិសោធន៍ជាមួយការកម្សាន្តលើយន្តហោះ។ ប្រព័ន្ធកម្សាន្តលើយន្តហោះ ដែលឈ្នះពានរង្វាន់របស់ក្រុមហ៊ុនអាកាសចរណ៍ Emirates នឹងធ្វើឱ្យដំណើរកម្សាន្តកាន់តែសប្បាយរីករាយ តាមរយៈបណ្ណាល័យដ៏ទូលំទូលាយផ្តល់ជូនប៉ុស្តិ៍កម្សាន្តជាង ៦,៥០០ ប៉ុស្តិ៍ ដែលមានភាពយន្តអន្តរជាតិ កម្មវិធីទូរទស្សន៍ កីឡា ព័ត៌មាន តន្ត្រី ផតខាស់ និងហ្គេមជាង ៤០ ភាសា។ កម្មវិធីកម្សាន្តទាំងនោះ ជួយឱ្យយើងមានអារម្មណ៍ថា ការហោះហើរមិនមានរយៈពេលយូរ ធ្វើឱ្យយើងមិនទន្ទឹងរង់ចាំពេលវេលា។
ការសម្រាក (គេង)
ដូចខ្ញុំបានជម្រាបជូនខាងលើ ការធ្វើដំណើរពីសិង្ហបុរីឆ្ពោះទៅកាន់ទីក្រុងឌូបៃ ត្រូវចំណាយពេលវេលាក្នុងរង្វង់ ៧ម៉ោង ហើយនៅពេលយប់ទៀត ដូច្នេះយើ់ងទាំងអស់គ្នាចាំបាច់ត្រូវទទួលទានដំណេកយកកម្លាំង។ ចំពោះការធ្វើដំណើររយៈពេល៧ម៉ោងនេះ ការប្រើប្រាស់កៅអីប្រភេទ Business Class ពិតជាស័ក្តិសមបំផុត ព្រោះវាបានជួយ ឱ្យយើងមានងាយស្រួលគេង វាប្រៀបបាននឹងគ្រែគេងដូច្នេះដែរ។ មានខ្នើយ និងភួយ មិនទាន់គ្រប់គ្រាន់ទេ Cabin Crew បានដឹងតួនាទីរបស់ខ្លួនជាស្រេច ដោយពួកគាត់បារម្ភអំពីការគេងរបស់យើងខ្លាំងណាស់ ដំបូងឡើយ ខ្ញុំមិនដឹងថា នៅលើយន្តហោះមានពូកសម្រាប់គេងនោះទេ ពួកគាត់បានព្យាយាមមកជិតខ្ញុំម្តងជា២ដង ព្រោះតែ ខ្ញុំសងំគេង ពួកគាត់គិតថាខ្ញុំគេងលក់ ក៏មិនហ៊ានរំខាន។ ពូកត្រូវបានយកមកឱ្យយើង ដើម្បីឱ្យកៅអីដែលបាន ចុចប៊ូតុងបញ្ជាឱ្យរាបដូចជាគ្រែក្រាលពូក កាន់តែមានផាសុខភាពទទួលទានដំណេកបានស្រួល។ បន្ថែមពីនេះ កញ្ចប់តូចមួយក៏ត្រូវបានផ្តល់ជូនផងដែរ ដែលក្នុងនោះមានស្បែកជើងក្រណាត់ដ៏ទន់ល្មឿយ សម្រាប់ពាក់ និងម៉ាសបិទភ្នែកមួយផងដែរ ជាជំនួយដល់ការគេងរបស់យើង កុំឱ្យចាំងពន្លឺ។
កូនកាបូបអនុស្សាវរីយ៍
អាចចាត់ទុកថាជាការគិតគូរដិតដល់បំផុតមួយ សម្រាប់អតិថិជនរបស់ខ្លួន មុនយន្តហោះចុះចត Cabin Crew របស់ Emirates បានត្រៀមរួចជាស្រេចនូវការបូបតូចមួយប្រ៊េន BVLGARI ដែលនៅខាងក្នុងនោះមានគ្រឿងសំអាង និង សម្ភារៈប្រើប្រាស់សម្រាប់ធ្វើដំណើរក្រៅផ្ទះ។ ក្នុងកញ្ចប់ដ៏ស្រស់ស្អាតនេះ ឃើញមានទឹកអប់មួយកូនដបប្រ៊េន BVLGARI, រ៉ូលអន Rexona, ច្រាសដុសធ្មេញ, ក្រាសសិតសក់, ប្រដាប់កោពុកម៉ាត់ សាប៊ូលាងខ្លួន ។ល។ ដែល ផលិតផល និងសម្ភារៈទាំងនេះ អាចឱ្យយើងប្រើប្រាស់ប្រកបដោយការជឿជាក់ និងគ្រប់គ្រាន់សម្រាប់ដំណើរ កម្សាន្តរបស់យើង។
ក្រោយការចុះចត
បន្ទាប់ពីយន្តហោះចុះចតដល់អាកាសយានដ្ឋានក្រុងឌូបៃ ជាអាកាសយានដ្ឋានមមាញឹកជាងគេក្នុងពិភពលោក ពួកយើងត្រូវបានទទួលស្វាគមន៍ពីក្រុមការងារ Emirates ដែលគាត់បាននាំពួកយើងចាកចេញតាមច្រក Immigration។ ក្រៅពីនេះ ក៏មានអ្នកចាំជួយយកវ៉ាលីរបស់ពួកយើងចាកចេញពីអាកាសយាន្តដ្ឋាន ដើម្បីបន្តដំណើរទៅកាន់សណ្ឋាគារផងដែរ។ តាមច្រក Immigration ភ្ញៀវទេសចរអាចទទួលបាននូវស៊ីមកាតមួយ ដោយឥតគិតថ្លៃ ដែលផ្តល់ជូនអ៉ីធើណិតទំហំ ១០GB សុពលភាពមួយថ្ងៃ ។
ទាំងអស់នេះ វាគ្រាន់តែជាបទពិសោធន៍មួយចំនួន ដែលខ្ញុំបានទទួលក្នុងដំណើរតាមជើងហោះហើរ របស់ Emirates ពីភ្នំពេញ ទៅកាន់ទីក្រុងឌូបៃប៉ុណ្ណោះ។ ចំណែកពេលត្រឡប់មកវិញ ពីឌូបៃមកកាន់រាជធានីភ្នំពេញ ក៏មិនខុសគ្នាប៉ុន្មានដែរ ការផ្តល់សេវាកម្ម ដ៏ល្អឥតខ្ជោះ ខ្ញុំពិតជាពេញចិត្តយ៉ាងខ្លាំង ចំពោះបទពិសោធន៍ជាមួយ កៅអី Business Class ។
ជាធម្មតាគ្រប់គ្នាមានបំណងប្រាថ្នាចង់ទទួលបានបទពិសោធន៍ល្អៗ ថ្មីៗ មិនថាការធ្វើដំណើរ ការហូបចុក ឬការស្នាក់នៅនោះឡើយ ព្រោះថាពេលវេលាកាន់តែដើរចេញពីយើងដោយសន្សឹមៗ គ្មានពេលនរណាម្នាក់អាចឃាត់ ឬបញ្ឈប់វាបានឡើយ។ ការធ្វើដំណើរកម្សាន្ត គឺជាជម្រើសដ៏ល្អបំផុតមួយ ដើម្បីបញ្ចូលនូវថាមពល ប៉ះប៉ូវដល់ការនឿយហត់របស់យើង បន្ទាប់ពីខិតខំប្រឹងប្រែងរកប្រាក់រាល់ថ្ងៃ។ បើលោកអ្នកចង់ធ្វើ ដំណើរតាមក្រុមហ៊ុន អាកាសចរណ៍លំដាប់ពិភពលោក Emirates ពិសេសការធ្វើដំណើរច្រើនម៉ោង ខ្ញុំសូមជូនជា យោបល់ ថាគួរតែជ្រើសរើស Business Class ធានាថានឹងទទួលបាននូវភាពអស្ចារ្យនៃសេវាកម្មរបស់ Emirates ដែលលើស ពីអ្វីដែលខ្ញុំបានរៀបរាប់ទាំងអស់នេះ៕