(ភ្នំពេញ)៖ ឯកឧត្តម ឯក សំអុល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សូមក្រាបបង្គំទូលថ្វាយសារលិខិតថ្លែងអំណរ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានត្រាស់បង្គាប់ជា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានឋានៈស្មើ ឧបនាយករដ្ឋមន្ត្រី។

ក្នុងលិខិតរបស់ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ឯក សំអុល បានសរសេរថា «ទូលព្រះបង្គំជាខ្ញុំ មានសេចក្តីរំភើបសោមនស្សរីករាយឥតឧបមា សូមព្រះបរមរាជានុញ្ញាតក្រាបថ្វាយ នូវសេចក្តីថ្លែងអំណរ ព្រះរាជគុណដ៏ខ្ពង់ខ្ពស់បំផុតថ្វាយ ព្រះករុណាជាអម្ចាស់ជីវិត លើត្បូង ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានត្រាស់បង្គាប់ទូលបង្គំ ខ្ញុំព្រះករុណាជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើ ឧបនាយករដ្ឋមន្ត្រី។

ទូលព្រះបង្គំជាខ្ញុំ សូមលំឱនកាយលើកអញ្ជលីប្រណម្យបួងសួង ដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ទេវតាឆ្នាំថ្មី ទេវតារក្សាព្រះមហាស្វេតច្ឆត្រ ព្រមទាំងព្រះរាជតេជៈបារមី នៃអតីតព្រះមហា ក្សត្រខ្មែរគ្រប់ព្រះអង្គ សូមតាមជួយបីបាច់ថែរក្សាអភិបាលប្រោះព្រំនូវព្រះរាជសព្ទសាធុការពរជ័យ ថ្វាយព្រះ ករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត សូមទ្រង់បានប្រកបដោយព្រះរាជ សុខភាពល្អបរិបូរណ៍ ព្រះរាជកាយពលមាំមួន ព្រះរាជបញ្ញាញាណភ្លឺថ្លា ព្រះរាជជន្មាយុយឺនយូរ ដើម្បីបន្តព្រះ រាជសកម្មភាពដ៏ឧត្តុង្គឧត្តមថ្លៃថ្លាជូនជាតិមាតុភូមិអង្គរ ដ៏បវររុងរឿងនៃយើង។

សូមព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ទ្រង់ព្រះមេត្តាទទួលនូវគារវភក្តីដ៏ខ្ពង់ខ្ពស់បំផុតពី ទូលព្រះបង្គំជាខ្ញុំ»៕