(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថ្កោលទោសនូវសម្តីនិយាយខុសពីការពិតក្រុមជ្រុលនិយម ជុំវិញសកម្មភាពរីករាយរបស់ប្រជាពលរដ្ឋនៅក្នុងពេលបុណ្យចូលឆ្នាំខ្មែរ និងជុំវិញដំណើរទស្សនកិច្ច របស់ប្រធានាធិបតីចិន ស៊ី ជីនពីង នៅលើទឹកដីកម្ពុជា។ Fresh Exclusive មានអត្ថបទអត្ថាធិប្បាយស៊ីជម្រៅជុំវិញបញ្ហានេះ៖

នៅពេលដែលប្រជាជនកម្ពុជាទូទាំងប្រទេស បានប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយ៉ាងសប្បាយរីករាយ ជាមួយនឹងការលេងល្បែងប្រពៃណី ប្រកបដោយមោទនភាពនឹងវប្បធម៌របស់ជាតិខ្លួនឯងនោះ ក្រុមជ្រុលនិយមបាននិយាយបំភ្លៃខុសពីការពិតទាំងស្រុងក្នុងគោលបំណងបង្ខូចកេរ្តិ៍ឈ្មោះរាជរដ្ឋាភិបាល។ ក្រុមជ្រុលនិយម ដែលមានគ្នីគ្នាមួយក្តាប់តូច នៅឯក្រៅស្រុកនោះ ថែមទាំងបាននិយាយមួលបង្កាច់អំពីការពិត ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ថែមទៀត។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ បានថ្លែងថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះសម្តីនិយាយមិនពិតរបស់ក្រុមជ្រុលនិយមទាំងនោះ ដោយការរៀបរាប់បញ្ជាក់អំពីការពិតសំខាន់ៗដែលកើតឡើងពិតប្រាកដទាំងក្នុងពិធីបុណ្យចូលឆ្នាំ និងក្នុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិន នៅលើទឹកដីកម្ពុជាកន្លងមកនេះ។

សម្តេចបវរធិបតី បានថ្លែងចាត់ទុកទង្វើនិយាយមិនពិតរបស់ក្រុមជ្រុលនិយម គឺជាទង្វើបំផ្លាញខ្លួន ឯងនោះទៅវិញទេ៖ «បើចង់វាយប្រហារ ក៏វាយទៅចុះ ប៉ុន្តែគួរតែផ្អែកលើការពិតខ្លះផង។ បើសិនមិនអញ្ចឹងទេ គឺប្រជាពលរដ្ឋខ្មែរ គាត់មានការវិនិច្ឆ័យច្បាស់លាស់… បើសិនជាគ្មានភស្តុតាងស្រួលបួល… បើមិននិយាយ គេមិនថាគទេ ប៉ុន្តែបើអ្នកឯងជ្រុលជានិយាយហើយ សូមឱ្យមានភស្តុតាងច្បាស់ផង, ទឡ្ហីករណ៍ ដើម្បីការពារអំណះអំណាងបើមិនអញ្ចឹងទេកាន់តែបាត់នូវជំនឿ»

*ក្រុមជ្រុលនិយមបង្វែរភាពរីករាយ ទៅជាពាក្យបង្កាច់បង្ខូចចោទថាបំផ្លាញវប្បធម៌ជាតិ

ដោយសារតែភាពលេលានយោបាយបាំងភ្នែកខ្លាំងពេក ក្រុមជ្រុលនិយម បាននិយាយមួលបង្កាច់ថា ប្រពៃណីវប្បធម៌ជាតិរបស់ខ្មែរ ត្រូវបានគេរារាំងមិនឱ្យយកមកសម្តែងក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ ប៉ុន្តែបែរជំនួសមកវិញនូវការលេងប៉ាតម្សៅ និងបាញ់ទឹកដាក់គ្នាទៅវិញ។ ក្រុមជ្រុលនិយម បានយករូបថតដែលពលរដ្ឋលេងបាញ់ទឹក និងប៉ាតម្សៅ មកធ្វើការចោទប្រកាន់ថា កម្ពុជាបានបំបាត់ការលេងសិល្បៈប្រពៃណីខ្មែរ ខណៈការពិតនៅទូទាំងប្រទេសបានបង្ហាញថា ប្រជាពលរដ្ឋខ្មែរ មិនត្រឹមតែលេងការបាញ់ទឹក និងប៉ាតម្សៅតែប៉ុណ្ណោះទេ ពលរដ្ឋនៅបានលេងល្បែងបោះអង្គញ់, លេងឈូង, ល្បែងទាញព្រ័ត និងលេងល្បែងប្រពៃណីប្លែកៗដទៃទៀតជាច្រើន ប៉ុន្តែក្រុមជ្រុលនិយមទាំងនោះ មិនបានលើកយកមកនិយាយសោះឡើយ៖

«ដូចរឿងចូលឆ្នាំអញ្ចឹង…ទៅថតតែម្នាក់ (ដែល) លាត់អាវ ហើយថាវប្បធម៌ខ្មែរ រលាយអស់ហើយក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា… ចុះមិនទៅថតកន្លែងដែលគេស្លៀកពាក់ប្រពៃណី (មាន) ច្រើនណាស់…ទៅថតតែគេបាញ់ទឹក ប៉ាតម្សៅ ហើយថារលាយអស់ហើយ…ចុះមិនទៅថតកន្លែងដែលគេរៀបចំបោះអង្គុញ…ប្រជាពលរដ្ឋកំពុងលេងទាញព្រ័ត្រមានតើ។ នេះហើយដែលខ្ញុំនិយាយថាភូត…និយាយមិនមានសច្ចភាព, និយាយលម្អៀង ពេលខ្លះអ្នកឯងនិយាយរួច ប្រជាពលរដ្ឋអត់ដឹង ប៉ុន្តែប្រធានបទខ្លះ ប្រជាពលរដ្ឋមើលឃើញគ្រប់គ្នា ហើយអ្នកឯងនិយាយដែរ បានន័យថា ភូតច្រើនដូចជាសើយគូថឱ្យគេទាត់…អញ្ចឹង បានន័យថា បំបាក់នូវមូលធននយោបាយរបស់ខ្លួន…ប្រជាជនលែងជឿ…ទៅប្រាប់ថា រដ្ឋាភិបាលអត់លើកស្ទួយនៅពេលដែលប្រជាជនរាប់លាននាក់ គេឃើញថា មានតើ…កន្លែងគេវាយក្អម ប៉ុន្តែគ្រាន់តែអ្នកលេងទឹកច្រើនជាង។ ព្រោះថា វាយក្អមគេរៀបចំពេលព្រឹក…មនុស្សទៅវត្ត…ដល់ពេលយប់ មិនមានអ្នកមកបោះអង្គុញទេ មានតែលេងបាញ់ទឹក ដល់អស់លោកមកចោទថារដ្ឋាភិបាលធ្វើឱ្យរលាយវប្បធម៌ហើយ។

ជួនកាលគេចូលចិត្តប្រៀបធៀប…គេយកខ្មែរកម្ពុជាក្រោមកំពុងរាំលើឆាកអំពីរបាំប្រពៃណី, គេដាក់ខ្មែរលើ ព្យុហយាត្រាប្រពៃណី…ដល់យករូបខ្មែរកណ្តាល យករូបបាញ់ទឹក…បើថានៅគ្រប់កន្លែងទាំងអស់ យករូបបាញ់ទឹក អត់មានរៀបចំ ចុះនៅខ្មែរកណ្តាល រៀបចំសម្តែងល្ខោនយីកេ រៀបចំល្ខោនខោល រៀបចំទាញព្រ័ត នៅអង្គរសង្រ្គាន គេរៀបចំទាំងល្បុកតោគុនខ្មែរ…យករូបហ្នឹងមកដាក់មកមិនស្រួល។ សួរថានៅខ្មែរលើ ក្រោយពីរាំលើឆាកនោះចប់ តើក្មេងៗទៅណា? ពេលខ្លះ ទៅប៉ាតម្សៅដូចតែគ្នាដែរតើ…បើអ្នកយករូបភាពទាំងអស់យកមកដាក់ ដើម្បីឱ្យមានយុត្តិធម៌ វិភាគបានជ្រុងជ្រោយ ត្រូវបែបនេះ…បានន័យថា បើសិនជាគ្រប់កន្លែងនៅស្រុកខ្មែរ ចោលប្រពៃណីវប្បធម៌ ជេរចុះ …រិះគន់ចុះ ប៉ុន្តែបើត្រឹមតែយករូបភាពខ្លះដែលវាចំណុចអវិជ្ជមានហើយយកមកប៉ាតថា ប្រជាជនខ្មែរកណ្តាលឈប់គោរពប្រពៃណីវប្បធម៌ហើយ…ខ្ញុំជឿថាបងប្អូនកំពុងតែមើលងាយប្រជាជនខ្មែរទាំង១៧លាននាក់នៅក្នុងប្រទេសដែលខិតខំថែរក្សាប្រពៃណីវប្បធម៌របស់ខ្លួន…នេះគឺជាការពិត។

សម្តេចបវរធិបតី បានថ្លែងទទួលស្គាល់ថា ពិតណាស់សង្គមទាំងមូល មិនមែនថាឥតភាព ខ្ចោះនោះទេ ប៉ុន្តែសម្តេចបានអំពាវនាវសូម «កុំមើលតែដើមឈើមួយដើម ហើយប្រៀបប្រដូចថា វាជាព្រៃទាំងមូល»ឱ្យសោះ៖

«ចូលឆ្នាំ ប្រជាពលរដ្ឋអបអរសាទរ ខ្លួនឯងចេញមកវាយប្រហារ គ្រាន់តែយើងបញ្ជូនកម្លាំងទៅដើម្បីថែរក្សាសន្តិសុខនៅអង្គរសង្រ្កាន…ព្រះករុណា ប្រមុខរាជរដ្ឋាភិបាល ប្រមុខសភា ថ្នាក់ដឹកនាំយើង ទៅធ្វើពិធិបួងសួងចម្រើនសុំសេចក្តីសុខ ប្រជាពលរដ្ឋយើងរាប់ពាន់នាក់៣ថ្ងៃនៅទីនោះ, ទាំងភ្ញៀវជាតិ និងអន្តរជាតិ ក៏គេចោទថា រដ្ឋាភិបាលហ្នឹងបំផ្លាញលុយដែរ។ គ្រាន់តែរឿងអ្នកបាញ់ទឹកច្រើន ក៏គេចោទថារដ្ឋាភិបាលឪកូននេះ គេបំផ្លាញវប្បធម៌ព្រោះឱ្យប្រជាជនលេងបាញ់ទឹកច្រើនពេក ជេរដល់ថ្នាក់ហ្នឹង…តើនេះឬជាគុណធម៌នយោបាយ? ទៅសួរប្រជាពលរដ្ឋមើលតើគាត់បាញ់ទឹកលាបម្សៅនេះ តើគាត់បាត់អត្តសញ្ញាណជាខ្មែរឬទេ? គាត់មានទៅវត្តទេ? គាត់មានវាយក្អមទេ? មានដូចតែគ្នាតើ។

អញ្ចឹងជេរដ្ឋាភិបាល ស្មើនឹងជេរប្រជាពលរដ្ឋខ្លួនឯងរាប់លាននាក់ នេះហើយគុណធម៌នយោបាយ បើអ្នកឯងចង់ជេរ គួរមានពេលវេលា ត្រូវគិតគូរផង កុំយករឿងមួយករណី យកមកផ្សព្វផ្សាយបង្អាប់ប្រទេសខ្លួនឯង នេះហើយគេហៅថាគុណធម៌និងសីលធម៌ ក្នុងនាមជាអ្នកនយោបាយ គិតគូរពីរឿងធំ កុំមើលពីរឿងគំនុំគុំគួនមួយជ្រុងតូចដើម្បីធ្វើការវាយបង្អាប់ប្រទេសខ្លួនឯង…ចង់វាយរដ្ឋាភិបាល…តែអ្វីដែលអស់លោកលើកឡើង គឺលើកឡើងអំពីជ្រុងដើម្បីវាយប្រទេសខ្លួនឯង… បង្កើតនូវទោ មនស្សក្នុងអារម្មណ៍របស់ប្រជាពលរដ្ឋរបស់យើងនេះ ហើយគេហៅថាគុណធម៌ និងសីលធម៌ក្នុងនាមជាមេដឹកនាំអ្នកនយោបាយ»។

នៅក្នុងសម្តីមួលបង្កាច់ខុសពីការពិតមួយដទៃទៀត ក្រុមជ្រុលនិយម បានបំភ្លៃដំណើរទស្សនកិច្ច២ថ្ងៃ របស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ដែលបានចុះហត្ថលេខាលើឯកសារចំនួន ៣៧ ពាក់ព័ន្ធនឹងការវិនិយោគ, វិស័យពាណិជ្ជកម្ម, វិស័យអប់រំ, វិស័យ ហិរញ្ញវត្ថុ, វិស័យព័ត៌មាន, ការងារយុវជន វិស័យកសិកម្ម វិស័យសុខាភិបាល វិស័យធនធានទឹក វិស័យ ទេសចរណ៍ វិស័យកិច្ចការនារី និងវិស័យផ្សេងៗទៀត ចោទថា រដ្ឋាភិបាល បានលើកប្រទេសកម្ពុជា ទៅឱ្យចិនគ្រប់គ្រង និងបំផ្លើសទៀតថា រាជរដ្ឋាភិបាលបានធ្វើឱ្យបាត់បង់អធិបតេយ្យភាពជាតិ។

តាមពិតដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំកំពូលចិននៃប្រទេសមហាអំណាចដ៏ធំមួយនៅ លើសកលលោកដែលមានប្រជាជនរបស់ខ្លួនចំនួនជាង១,៤០០លាននាក់ មកកាន់កម្ពុជា ដែលជាប្រទេសដ៏តូចជាមួយនឹងពលរដ្ឋចំនួន១៧លាននាក់រវាងពីថ្ងៃទី១៧ ដល់១៨ ខែមេសា ឆ្នាំ២០២៥ នៅក្នុងប្រទេសកម្ពុជាកន្លងមកនេះ គឺជាដំណើរទស្សនកិច្ច ដែលបង្ហាញនូវអនុភាព ដ៏ខ្លាំងមួយនៃនយោបាយការទូតរបស់កម្ពុជា ប៉ុន្តែបែរជាត្រូវក្រុមជ្រុលនិយម និយាយចោទប្រកាន់ខុសពីការពិតនោះទៅវិញ។

ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិន ដែលមានការចូលគាល់ព្រះមហាក្សត្រខ្មែរនិងសម្តេចម៉ែ និងការជួបពិភាក្សាជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺជាការបង្ហាញនូវភាពស្មើមុខ ស្មើមាត់រវាងប្រជាជាតិទាំង២ និងប្រទេសចិនថែមទាំងបានបញ្ជាក់សាងជាថ្មីនូវការគាំទ្រ គម្រោងអភិវឌ្ឍន៍នានារបស់កម្ពុជា រួមទាំងគំរោងព្រែកជីកហ្វូណនតេជោ និងជម្រុញការអភិវឌ្ឍតំបន់សេដ្ឋកិច្ចរបស់កម្ពុជា ជាពិសេសក្រុងព្រះសីហនុ និងបានសន្យាលើកទឹកចិត្តសហគ្រាសចិន ដែលមានសមត្ថភាពឱ្យមានចំនួនកាន់តែច្រើន ក្នុងការមកបណ្តាក់ទុននៅកម្ពុជាថែមទៀត ប៉ុន្តែក្រុមជ្រុលនិយមបែរជាផនិយាយមួលបង្កាច់ខុសពីការពិតក្នុងបំភ័ន្តសាធារណមតិ ឱ្យយល់ច្រឡំ។ សម្តេចបវរធិបតី បានសម្តែងក្តីហួសចិត្ត នៅពេលបានឃើញ សម្តីខុសពីការពិតរបស់ក្រុមជ្រុលនិយម ដែលជាទង្វើ ខ្វះគុណធម៌ ខ្វះសីលធម៌ និង ខ្វះសច្ចធម៌៖

«ខ្លួនជាខ្មែរដែរ ហេតុអ្វីមិននិយាយល្អពីខ្មែរខ្លះផង? ចំណុចអវិជ្ជមាន រិះគន់ វាយប្រហារ ត្រឹមត្រូវ… ធ្វើចុះ ប៉ុន្តែពេលខ្លះ បើមិននិយាយ គេមិនថាគទេ…រឿងអ្វី? ម្សិលមិញនេះឃើញគេចេញមក គេយកសេចក្តីថ្លែងការណ៍រួមរបស់កម្ពុជានិងចិន ដែលក្រសួងការបរទេសបង្ហោះថ្ងៃទី១៨ (មេសា) ក្រោយទស្សនកិច្ចនោះ។ តើគេយកទៅអានយ៉ាងម៉េច? គេយកមកសំយោគ៣ ចំណុច…អាពីរ សំយោគដំបូង គឺថានិយាយពីកម្ពុជានិងចិន នៅក្នុងក្របខណ្ឌអន្តរជាតិ និងក្នុងតំបន់…ខ្ញុំមិននិយាយទេ…តែចំណុចទីបី គេចោទថា ការប្រកាសរួមនោះ គឺរដ្ឋាភិបាលក្រុងភ្នំពេញ បានលើកប្រទេសកម្ពុជាទាំងមួល ឱ្យទៅចិនកុម្មុយនីស្តគ្រប់គ្រងទៅហើយ…តាំងពីវិស័យសន្តិសុខ និងលើគ្រប់បែបយ៉ាង…តាំងពីកងកម្លាំងប្រដាប់អាវុធ តាំងពីថ្នាក់ជាតិ ដល់ក្រោមជាតិ! តាំងពីថ្នាក់ក្រោមជាតិ ដល់កំពូល ផ្តល់នូវវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មឲ្យចិនគ្រប់គ្រងទាំងអស់។

តើលោកបានមកពីណា? ឯកសារនេះ ខ្ញុំមិនបានលាក់ទេ ឯកសារនេះយើងប្រកាសឲ្យសាធារណៈ ឃើញជាចំហរ…លោកឯង យកឯកសារសាធារណៈយកទៅ, អ្នកឯកយកទៅបកស្រាយបែបនេះ គឺស្មើនឹងការបំផ្លាញការទុកចិត្តខ្លួនឯង ពីព្រោះប្រជាជនខ្មែរ ចេះអានដែរ…មន្ត្រីរាជការយើង បើមិនជឿ ទៅមើលសេចក្តីថ្លែងការណ៍មើល ហើយស្តាប់អ្នកនាំពាក្យរបស់អ្នកនាំពាក្យក្រុមប្រឹក្សា ទៅមើល៍, អ្នកនាំពាក្យ ក្បាលទំពែក មុខជ្រួញ មាត់ស្ពេះ… ខ្ញុំនិយាយអញ្ចឹងតែម្តង! នេះខ្ញុំថាតាមអ្នក Comment ចូលទៅឱ្យគាត់ទេ…គេដាក់អញ្ចឹង , ហើយមាត់ហ្នឹង គឺមាត់អញ្ចឹង .. ពូកែជេរមែន រើសអ្នកនាំពាក្យនឹងត្រូវ។

ប៉ុន្តែខ្ញុំសុំ…ធ្វើបែបនេះគឺបំផ្លាញខ្លួនឯងទេ, ខ្ញុំសុំផ្តល់យោបល់ទៅ…ធ្វើនយោបាយ ត្រូវសន្សំមូលធននយោបាយឱ្យច្បាស់…បើអ្នកឯងបាត់មូលធននយោបាយ អ្នកឯងនឹងបាត់ការគាំទ្រ…មូលធននយោបាយរបស់អ្នកនយោបាយ ឬក្រុមនយោបាយ៖ កត្តាច្រើនដែលកត្តាបី ដែលមានទី១ គឺ គុណធម៌ សីលធម៌ ទី២ គឺសច្ចធម៌ ទី៣ គឺជំហរនឹងនច្បាស់លាស់។ ឥឡូវ ក្រុមអ្នកឯង…មេអ្នកឯង មានឬអត់៣ហ្នឹង? ទីមួយពាក់ព័ន្ធគុណធម៌ សីលធម៌។ គុណធម៌ សីលធម៌ ជាអ្នកនយោបាយ គឺស្អី? គឺគុណធម៌ ជាមនុស្ស ! បើចង់ជាអ្នកនយោបាយឱ្យគេគោរព ត្រូវធ្វើអ្នកនយោបាយ ឱ្យគេគោរេពសិន។

ទីមួយ ត្រូវយកគោលនយោបាយមិនមែនគំនុំផ្ទាល់ខ្លួន ដើរវាយគេ វាយទាំងគ្រួសារគេនោះទេ…ទី២ ទស្សនៈខុសគ្នា ជាធម្មតា ប៉ុន្តែមើលឱ្យឃើញ ការមើលងាយមនុស្ស…មិនមែនទេ! មេអ្នកឯង អស់លោកអ្នកឯង គឺដើរទៅមើលងាយគេ មើលងាយមន្ត្រីរដ្ឋាភិបាល (ថា) មិនចេះធ្វើការ ខ្លួនឯងពូកែសុទ្ធ , ទស្សនៈធ្វើការខុសគ្នា កិច្ចការទាំងអស់នេះគឺយើងត្រូវធ្វើ។ ទី៣ មិនកេងចំណេញនយោបាយ ពេលគេមានទុក្ខ ឬប្រជាជនមានទុក្ខ នេះគឺជាគុណធម៌ធំណាស់ មិនមែនគ្រួសារគេ កំពុងតែមានទុក្ខចេញមកកេងចំណេញវាយប្រហារគេទេ»។

ក្រុមជ្រុលនិយម ដែលមានមេខ្លោងឈ្មោះ សម រង្ស៊ី ជារឿយៗតែងប្រើប្រាស់ព្រឹត្តិការណ៍អន្តរជាតិនានាទាំងឡាយ ដើម្បីស្វែងរកការកេងចំណេញនយោបាយ ជាពិសេសក្នុងពេល ដែលពិភពលោកកំពុងប្រឈមនឹងសង្គ្រាមពាណិជ្ជកម្ម រវាងប្រទេសមហាអំណាចចិននិងសហរដ្ឋអាមេរិក។ ក្នុងដំណើរទស្សនកិច្ច២ថ្ងៃរបស់ប្រធានាធិបតីចិន ស៊ី ជីនពីង កន្លងមកនេះ ក្រុមជ្រុលនិយម បាននិយាយចោទថារាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានជ្រើសយកប្រទេសចិន ជាជាងយកសហរដ្ឋអាមេរិក។

សម្តេចបវរធិបតី បានថ្លែងថានយោបាយការបរទេសរបស់កម្ពុជា មិនបានរើសអើងប្រទេស ណាមួយឡើយ។ នយោបាយការបរទេស គឺបើកចំហរស្វាគមន៍ចំពោះប្រទេសទូទៅមិនថា ប្រទេសចិន ឬសហរដ្ឋអាមេរិកឡើយ។ សម្តេចបវរធិបតី បានមានប្រសាសន៍ប្រៀបធៀបយ៉ាងនេះ៖

«គ្មានពីណា មកភ្ជង់យើងបំបិទសិទ្ធិយើង ឱ្យមករើសបន្លែ ឬរើសសាច់គោនោះទេ។ យើងត្រូវរើសទាំងពីរ ព្រោះយើងគិតគូរពីសុខភាពរបស់យើង សុខភាពរបស់យើង គឺសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជនរបស់កម្ពុជា, របស់ប្រជាជនយើង ហ្នឹងដែលយើងត្រូវរើស! អ្នកណារើសគោរើសទៅ អ្នកណារើសស្ពៃរើសទៅ…សូមកុំភ្លេចណា សូម្បីតែគោហ្នឹង ក៍វាស៊ីស្ពៃដែរ… តិចអត់ជឿ ថាគោស៊ីតែស្មៅ…ឆែកយូធូបមើល កន្លែងខ្លះនៅអាមេរិក កាត់បន្លែ កាត់ស្ពៃឲ្យគោស៊ី ហើយសូម្បីតែស្ពៃនោះ ក៏ត្រូវការអាចម៍គោដែរនៅពេលខ្លះនោះ។

អញ្ចឹងបានន័យថា ទាំងគោទាំងស្ពៃ គឺពឹងគ្នាទៅវិញទៅមក, ហើយយើងនេះស្អី? យើងទៅរើសយកសាច់គោ យកស្ពៃយ៉ាងម៉េច? យើងយើងទាំងពីរ…យកទាំងជីវភាព យកទាំងកាឡូរីខ្ពស់ បូកជាមួយនឹងសុខភាពល្អ…ថែមបន្លែមកទៀត ដើម្បីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរបស់យើង។ នេះគឺជាការរើសរបស់រាជរដ្ឋាភិបាល ហើយកម្ពុជាមានឯករាជ្យ អធិបតេយ្យភាពក្នុងការសម្រេចចិត្តផ្ទាល់ខ្លួន គ្មានពីណាមកដាក់សម្ពាធយើងបានទេខ្ញុំ សុំបញ្ជាក់! គ្មានគោ គ្មាស្ពៃនោះទេ គឺយើងយកទាំងអស់ដើម្បីខ្លួនយើងបានរឹងមាំ…យើងរស់បានយូរ ជីវិតរស់នៅរបស់ប្រជាពលរដ្ឋយើងកាន់តែសំបូរសប្បាយ។ នេះគឺជាអ្វីដែលរាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ប្រកាន់ជំហរច្បាស់លាស់»។

សម្តីអសីលធម៌ពីសំណាក់ក្រុមជ្រុលនិយមដោយការបង្វែរភាពសប្បាយរីករាយរបស់ខ្មែរថាជាទង្វើបំផ្លាញវប្បធម៌ជាតិ និងការនិយាយមួលបង្កាច់បង្ខូចដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិនទាំងនេះ កាន់តែឆ្លុះបញ្ចាំងពីភាពកាន់តែខ្សោះធនធានមនុស្សរបស់ក្រុមក្បត់ជាតិ សម រង្ស៊ី ពីព្រោះមនុស្សជាច្រើន មិនអាចធ្វើទង្វើដ៏អាម៉ាសទាំងនោះ ហើយអះអាងថាខ្លួនឯងស្នេហាជាតិ និងស្នេហាប្រជាធិបតេយ្យឡើយ។ ទង្វើដ៏គួរឱ្យខ្មាស់អៀនទាំងនោះ មិនបានឆ្លុះបញ្ចាំងពីទង្វើនយោបាយដែលមានសីលធម៌ ដូចបណ្តាបក្ខដទៃនៅក្នុងស្រុកបានធ្វើឡើយ។

ក្រុមជ្រុលនិយមត្រូវចងចាំថា បើអ្នកប្រើអាវុធដ៏អាម៉ាសរបស់ខ្លួនឯងធ្វើសកម្មភាពប្រឆាំងនឹងជាតិរបស់ខ្លួនឯងហើយ ក្រុមរបស់អ្នកមិនមែនកំពុងជំរុញលទ្ធិប្រជាធិបតេយ្យទេ ប៉ុន្តែអ្នកកំពុងតែជីករណ្តៅកប់ខ្លួនឯងវិញតែប៉ុណ្ណោះ៕