(ឧត្តរមានជ័យ)៖ លោកវរសេនីយ៍ឯក ឯម សុវណ្ណារ៉ា ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ បានស្លាប់បាត់បង់ជីវិតក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ស្ថិតក្នុងភូមិភ្នៀត សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ​។​

លោកឧត្តមសេនីយ៍​ត្រី ចំរើន ណេតធាវីសំរេច ស្នងការរង និងជាអ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឱ្យដឹងថា លោក ឯម សុវណ្ណារ៉ា ស្នងការរង និងជាជំនួយការស្នងការទទួលការងារដឹកនាំ ការិយាល័យអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្ត ពិតជាបានស្លាប់នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ពិតមែន។​

លោកឧត្តមសេនីយ៍ត្រី ចំរើន ណេតធាវីសំរេច បានបញ្ជាក់ថា មុនពេលកើតហេតុជនរងគ្រោះ បានបើករថយន្តម៉ាកអាល់ផាត ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 2D-6675 មានគ្នា៣នាក់ ក្នុងទិសដៅពីលិចទៅកើត លើផ្លូវជាតិលេខ៥៦ ចន្លោះគីឡូម៉ែត្រ១១២-១១៣ លុះដល់កន្លែងកើតហេតុ ជនរងគ្រោះបានគាំងបេះដូងបាត់បង់ស្មារតី បណ្តាលឱ្យរថយន្តដែលកំពុងបើក ទៅបុករថយន្តខាងមុខ១គ្រឿង និងធ្វើឱ្យរថយន្តនោះខ្ទាតទៅបុករថយន្ត ចតក្នុងផ្ទះ២គ្រឿងទៀតខាងស្តាំដៃ ចំណែករថយន្តលោកស្នងការរង បានរេចង្កូតចូលផ្ទះប្រជាពលរដ្ឋនៅខាងឆ្វេងដៃ។​

ទាក់ទងនិងករណីគ្រោះថ្នាក់ចរាចរណ៍នេះ គេពុំទាន់ដឹងច្បាស់ថា តើមកពីមូលហេតុអ្វីឱ្យពិតប្រាកដនោះទេ ប៉ុន្តែអ្វីដែលជាការអះអាងរបស់លោកស្នងការរង និងជាអ្នកនាំពាក្យស្នងការដ្ឋានគរបាលខេត្តឧត្តរមានជ័យ គឺយោងតាមការបំភ្លឺរបស់គ្រួសារជនរងគ្រោះ និងមិត្តភ័ក្រជនរងគ្រោះដែលរួមដំណើរជាមួយ។​

បច្ចុប្បន្នជនរងគ្រោះត្រូវបានបញ្ជូនទៅធ្វើបុណ្យតាមប្រពៃណីនៅភូមិកំណប់ សង្កាត់បន្សាយរ៉ាក់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ចំណែករថយន្តត្រូវបានសមត្ថកិច្ចកំពុងធ្វើការវាស់វែង និងបញ្ជូនមកកាន់ស្នងការនគរបាលខេត្ត ដើម្បីអនុវត្តបន្តតាមនិតិវិធីច្បាប់៕